ខេត្តព្រះសីហនុ ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា តំបន់សេដ្ឋកិច្ចក្បាលនាគចាប់ផ្តើមកម្រើកហើយគឺខេត្តព្រះសីហនុត្រូវប្រសិទ្ធនាមថាជាខេត្តក្បាលនាគ ដងខ្លួននិងដើមទ្រូងនៅរាជធានីភ្នំពេញ ឯជើងក្រោយនៅខេត្តកំពង់ចាម ខេត្តក្រចេះ ចំណែកកន្ទុយរបស់នាគនៅប៉ែកឦសានរហូតទៅដល់ព្រំដែនឡាវ ។
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះ ខណៈសម្តេច និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត អមដោយមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានបេតុងថ្មីមួយទៀតហៅថា ស្ពានតេជោមរកត ឆ្លងសមុទ្រទៅកាន់កោះពស់ដែលជាកោះលំហែកាយដ៏ប្រណីតមួយ។
សូមបញ្ជាក់ថា ស្ពានបេតុងថ្មីឆ្លងសមុទ្រនេះមានប្រវែង៩០០ម៉ែត្រ កម្ពស់ពីទឹក៣២ម៉ែត្រ ទទឹង១២ម៉ែត្រ ចំណាយថវិកាសាងសង់២០លានអឺរ៉ូ តាមកម្រិតលេខ១នៃស្តង់ដារបស់ប្រទេសចិន ដែលស្ពាននេះជាការបង្ហាញនូវការអភិវឌ្ឍថ្មីមួយទៀតលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក៏ដូចជាវិស័យទេសចរណ៍។ ស្ពាននេះធ្វើចេញពីឆ្នេរលំហែកាយស្ថិតក្នុងសង្កាត់លេខ៣ ទៅកាន់កោះពស់ តំបន់ទេសចរណ៍ធម្មជាតិ ក្រុងព្រះសីហនុ ហើយវានឹងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យទៅកម្សាន្តក្នុងខេត្តព្រះសីហនុកាន់តែខ្លាំងឡើង។ ដូច្នេះស្ពាននេះ និងតំបន់កោះពស់ នឹងស្រូបយកចំណូលសម្រាប់ថវិកាជាតិមួយផ្នែកផងដែរ ហើយវាខ្ជាក់ចេញមកវិញនូវការកាត់បន្ថយភាពក្រីក្រ និងផ្តល់ការងារដល់ពលរដ្ឋខ្មែរ ។
គួររំឭកថា ក្នុងឆ្នាំ២០០៩-២០១០-២០១១ នេះ ស្ពានថ្មបេតុងជាច្រើនត្រូវបានបើកសម្ពោធឱ្យប្រើប្រាស់ និងកំពុងស្ថាបនា ដូចជាស្ពានឆ្លងទន្លេបាសាក់ ក្រុងតាខ្មៅ ស្ពានអាកាសក្បាលថ្នល់ ស្ពានព្រះមុនីវង្សថ្មី ស្ពានព្រែកតាមាក់ ស្ពានព្រែកព្នៅ ស្ពានព្រែកក្តាម ស្ពានស្ទឹងមានជ័យ ស្ពានអាកាសភ្លើងស្តុបមន្ទីរពេទ្យព្រះកុសុមៈ ស្ពានជ្រោយចង្វាថ្មី គ្រោងនឹងបើកការដ្ឋាននៅចុងឆ្នាំនេះ ស្ពានឆ្លងទន្លេបាសាក់២ទៀត គឺ១នៅស្រុកស្អាង និង១ទៀតនៅស្រុកកោះធំកំពុងស្ថិតក្នុងគម្រោង ស្ពានឆ្លងទន្លេមេគង្គនៅខេត្តស្ទឹងត្រែងកំពុងស្ថិតក្នុងគម្រោង ។
ក្បាលនាគនៅខេត្តព្រះសីហនុនេះគឺជាប៉ូលមួយក្នុងចំណោមប៉ូលទាំងបីនៃសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា ។ កម្ពុជាបានបែងចែកជាតំបន់៣ តំបន់ទី១គឺភ្នំពេញ តំបន់ទី២ គឺខេត្តព្រះសីហនុ និងតំបន់ទី៣ គឺខេត្តសៀមរាប ។សម្តេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ទៀតថា ខ្ញុំមានមហិច្ឆតាចង់ឱ្យនៅក្រោយឆ្នាំ២០១៥ ឬឆ្នាំ២០២០ នៅតំបន់|សាននឹងក្លាយទៅជាប៉ូលសេដ្ឋកិច្ចទី៤ គឺវិស័យកសិ-ឧស្សាហកម្មនិងធនធានរ៉ែ ។ ក្បាលនាគគឺជាតំបន់ដឹកជញ្ជូនតាមរបៀងតំបន់មាត់សមុទ្រជ្រៅ តែមួយគត់ ថ្វីដ្បិតយើងមានខេត្តកោះកុង កែវផុស និងខេត្តកំពតក្តី ក៏បុន្តែកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុនេះគឺជាការដឹកជញ្ជូននាំចូលនិងនាំចេញគឺតាមរបៀងមាត់សមុទ្រធំជាងគេ ។
ឥឡូវការចាប់ផ្តើមនៅទីនេះតំបន់សេដ្ឋកិច្ចពិសេសកំពុងកសាងមានពីរ មួយនៅតំបន់ព្រៃនប់ បានដំណើរការមុន ដោយមានរោងចក្រ មួយចំនួន ហើយដោយចាប់ដៃគូ រវាងក្រុមហ៊ុនចិន និងក្រុមហ៊ុនខ្មែរកម្ពុជាក្នុងស្រុក ។ ឯតំបន់សេដ្ឋកិច្ចពិសេសមួយទៀតធ្វើនៅក្រោយកំពង់ផែក្រុងព្រះសីហនុ ដែលទទួលហិរញ្ញប្បទានពីប្រទេសជប៉ុន មានបណ្តារោងច្រកមួយចំនួនបានបោះទីតាំងរួចហើយ ។
ដំណើរការនេះឆ្លុះបញ្ចាំងពីប្រសិទ្ធភាពជាក់ស្តែង ចំណែកឯការចូលរួមរបស់ផ្នែកឯកជនគឺជាការជំរុញកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម ហើយក៏ជាការឆ្លុះបញ្ចាំងពីភាពជឿជាក់របស់មជ្ឈដ្ឋានអន្តរជាតិលើស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ក៏ដូចជាទទួលបានការគាំទ្រការការពារ និងការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលដល់វិនិយោគិនក្នុងប្រទេសកម្ពុជាផងដែរ ។ ជំហានបន្ទាប់ក្រុមហ៊ុននឹងធ្វើការសាងសង់ផ្លូវក្រវាត់នៅលើកោះពស់នេះមុននឹងចាប់ផ្តើមធ្វើការសាងសង់លំនៅឋាន អគារខុនដូសណ្ឋាគារ និងមជ្ឈមណ្ឌលទេចរណ៍ ដោយប្រើប្រាស់ថវិកាប្រមាណ៣០លានដុល្លារទៀត ដើម្បីដាក់បច្ចេកវិជ្ជាថ្មីទំនើបបំលែងកាកសំណល់រាវ រឹង ច្រោះទឹកកខ្វក់ទាំងឡាយកុំឱ្យមានផលប៉ះពាល់ទៅដល់សមុទ្រ ៕
ចែករំលែកព័តមាននេះ