ខេត្តកែប ៖ ស្នងការដ្ឋាននគរបាលខេត្តកែប បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមបង្ការគ្រោះអគ្គិភ័យ បន្ទាប់ពីមានករណីភ្លើងឆេះព្រៃមួយកន្លែង កើតឡើងនៅក្នុងភូមិសាស្ត្រក្រុងកែប ។
ស្នងការដ្ឋាននគរបាលខេត្តកែប បានប្រកាសនាល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦នេះថា ៖ ចូលរួមបង្ការគ្រោះអគ្គិភ័យទាំងអស់គ្នា ! នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ មានករណីភ្លើងឆេះព្រៃមួយកន្លែង នៅក្រុងកែប ត្រូវបានកម្លាំងនគរបាលខេត្ត ក្រុង រួមជាមួយកងរាជអាវុធហត្ថ និងអាជ្ញាធរក្រុង ចុះអន្តរាគមន៍ជួយពន្លត់ទាន់ពេល ។ ហេតុការណ៍នេះនាំឱ្យប៉ះពាល់ដំណាំស្វាយប្រជាពលរដ្ឋមួយចំនួន តែមិនបណ្ដាលឱ្យរាលដាលបន្តទៅប៉ះពាល់ផ្ទះសម្បែងប្រជាពលរដ្ឋទេ ។
ស្នងការដ្ឋាននគរបាលខេត្តកែប បានបន្តថា អាកាសធាតុក្តៅរាំងស្ងួត ងាយបង្កឲ្យមានគ្រោះអគ្គិភ័យ សូមបងប្អូនប្រជាពលរដ្ឋចូលរួមបង្ការគ្រោះអគ្គិភ័យ ដោយកុំបំពក់ភ្នក់ភ្លើង ចោលកន្ទុយបារី ឬដុតសំរាម ស្មៅ និងជញ្ជ្រាំង ដែលនាំឲ្យបង្កគ្រោះអគ្គិភ័យ ។ បង្កឲ្យមានគ្រោះអគ្គិភ័យនឹងទទួលទោសតាមផ្លូវច្បាប់ជាធរមាន ៕


ចែករំលែកព័តមាននេះ