ខេត្តបន្ទាយមានជ័យ ៖ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៨ និង៤០នាទី លោកវរសេនីយ៍ទោ អុន កាថន អធិការនគរបាលស្រុក បានចាត់តាំងលោកវរសេនីយ៍ទោ គក់ សុភ័ក្រ ឋានៈ អធិការរង លោកវរសេនីយ៍ត្រី ដា រតនៈ ឋានៈ អធិការរង បានដឹកនាំកម្លាំងជំនាញ ល្បាតនៅចំណុចខាងកើត ភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ចម្ងាយប្រហែល៣០០ម៉ែត្រ ក៏បានឃើញមនុស្សប្រុសម្នាក់ ដោយមានការសង្ស័យ កម្លាំងយើងក៏បានស្ទាក់សួរនាំ និងត្រួតពិនិត្យ ។

លោកវរសេនីយ៍ទោ អុន កាថន បានឲ្យដឹងថា ជនដែលត្រូវបានឃាត់ខ្លួន ឈ្មោះ ក្តឹប វណ្ឌា ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ក្នុងការឃាត់ខ្លួននេះ សមត្ថកិច្ចរកឃើញម្សៅក្រាមពណ៌សថ្លា (សង្ស័យសារធាតុញៀន) ចំនួន៤ថង់ បំពង់កែវសម្រាប់ជក់១ដើម ទូរសព្ទដៃម៉ាកវីវ៉ូ (ViVo) ពណ៌ខៀវ១ គ្រឿង ហើយបានធ្វើតេស្តរកសារធាតុញៀនជនសង្ស័យខាងលើលទ្ធផលវិជ្ជមាន(+) ។
លោកអធិការបញ្ជាក់ថា យោងតាមចម្លើយសារភាពរបស់ឈ្មោះ ក្ដឹប វណ្ឌា ថា ខ្លួនធ្លាប់ទិញថ្នាំញៀនពីឈ្មោះ ស៊ឹម ធារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ និងប្រពន្ធឈ្មោះ អុល ឃុនរី (ហៅពៅ) ភេទស្រី អាយុ៣៧ឆ្នាំ នៅភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ធ្លាប់ទិញបានចំនួនប្រហែល១៥លើក ក្នុងមួយតម្លៃ១៥០០០រៀល ។
ដោយមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញា កើត វណ្ណារ៉េត នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង៩:០០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្វាយចេកបានទៅដល់ចំណុចផ្ទះរបស់ឈ្មោះខាងលើ បានធ្វើការត្រួតពិនិត្យ ១-ឈ្មោះ ប៉ុប ពឿត ភេទប្រុស អាយុ២១ឆ្នាំ (ត្រួតពិនិត្យរកឃើញបំពង់កែវសម្រាប់ជក់១ដើម) ២-ឈ្មោះ ស៊ឹម ធារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ ៣-ឈ្មោះ អុល ឃុនរី (ហៅពៅ) ភេទស្រី អាយុ៣៧ឆ្នាំ នៅភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ត្រួតពិនិត្យរកឃើញម្សៅក្រាមពណ៌សរថ្លា(សង្ស័យសារធាតុញៀន)ចំនួន៦ថង់តូច បំពង់កែវសម្រាប់ជក់១ដើម ដែកកេះ២ដើម ដបកែច្នៃសម្រាប់ជក់១ដប។
បញ្ជាក់ប្ដីប្រពន្ធទាំង០២នាក់ខាងលើ ធ្លាប់ជាប់ពន្ធនាគាមួយលើកពីបទជួញដូរនិងប្រើប្រាស់គ្រឿងញៀន ។ ជនសង្ស័យ និងវត្ថុតាងត្រូវបញ្ជូនមកការិយាល័យជំនាញ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តចាត់ការតាមនិតិវិធី ៕
ចែករំលែកព័តមាននេះ