ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនៗ​ចៅៗ​អ្នកធាក់ស៊ី​ក្លូទាំងអស់ ដែលស្ថិតនៅ ក្នុងសមាគមជិត៤០០​នាក់ ​បើចង់​រៀន​បន្ត​ទៅ​មហា​​វិទ្យា​ល័យ​​ទទួល​បាន​អាហារូបករណ៍​ពី សម្តេចនាយករដ្ឋមន្ត្រី ទោះ​ធ្លាក់​ឬ​ជាប់​បាក់​ឌុ​ប​ក្តី

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ​៖ លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត អគ្គស្នងការ​កាយ​ឬ​ទ្ធិ​នារី​កម្ពុជា នា​ថ្ងៃ​ទី​១២ ខែមេសា…

រាជធានីភ្នំពេញ ​៖ លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត អគ្គស្នងការ​កាយ​ឬ​ទ្ធិ​នារី​កម្ពុជា នា​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២៦ ​នេះ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សប្បុរសធម៌​កាយ​ឬ​ទ្ធិ​នារី​កម្ពុជា ដោយ​ជួប​សំណេះសំណាល និង​នាំ​យក​អំណោយ​សប្បុរសធម៌​របស់​សមាគម​កាយ​ឬ​ទ្ធិ​នារី​កម្ពុជា ចែក​ជូន​ដល់​សមាជិក​នៃ​មូលនិធិ​ត្រីចក្រយាន​កម្ពុជា មុន​ពេល​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ នៅ​សាលា​រាជធានី​ភ្នំពេញ ។

ក្នុង​ពិធី​សប្បុរសធម៌​នេះ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​មូលនិធិ​ត្រីចក្រយាន​កម្ពុជា​បាន​គូសបញ្ជាក់​ថា សមាគម​មាន​សមាជិក​សកម្ម ដែល​​ជា​អ្នក​ប្រកបរ​បរធាក់​ស៊ី​ក្លូ សរុប​៣៨៣​នាក់ ដោយ​ក្នុង​នោះ​ សមាជិក​ចាស់​២៨៥​នាក់ និង​សមា​ជិក​បញ្ចូល​ថ្មី ស្រប​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចំនួន​៩៨​នាក់ ។

ក្រោយ​ការ​​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ នូវ​មូលនិធិ​ស៊ី​ក្លូ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន សមាគម បាន​ផ្តល់​ជូន​សមាជិក​នីមួយ​ៗ​នូវ​អត្ថប្រយោជន៍​ជា​ច្រើន ស្រប​តាម​លក្ខខណ្ឌ និង​បទបញ្ជាផ្ទៃក្នុង​របស់​សមាគម ដែល​បាន​តម្កល់​ទុក​នៅ​ក្នុង​ក្រសួងមហាផ្ទៃ ។ ឯកឧត្តម​បន្ត​ថា ការ​ជួបជុំ​គ្នា​នា​ឱកាស​នេះ ស្រប​ពេល​ដែល​ប្រជាជន​ខ្មែរ​ទូ​ទាំង​ប្រទេស កំពុង​ត្រៀម​រៀបចំ​ប្រារព្ធ​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិ ឆ្នាំមមី ដែល​ជា​ពេលវេលា​មាន​សារសំខាន់ សម្រាប់​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប ជួបជុំ​គ្រួសារ សម្តែង​ការ​ដឹងគុណ ចំពោះ​ចាស់ព្រឹទ្ធាចារ្យ លេងល្បែង​ប្រជាប្រិយ និង​ទទួល​សិរី​សួស្តី​ក្នុង​ឆ្នាំ​ថ្មី ។

ឈរ​លើ​មូលដ្ឋាន​នេះ សមាគម​កាយ​ឬ​ទ្ធិ​នារី​កម្ពុជា ក្រោម​ការ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត របស់​លោក​ជំទាវ​បណ្ឌិត បាន​រៀបចំ​នូវ​ពិធី​សប្បុរសធម៌ និង​នាំ​មក​នូវ​អំណោយ ដ៏​ថ្លៃថ្លា​បំផុត​របស់​សម្តេច
​ធិ​បតី នាយក​រដ្ឋមន្ត្រី និង​លោក​ជំទាវ​បណ្ឌិត សម្រាប់​ចែក​ជូន​ដល់​សមាជិក នៃ​មូលនិធិ​ត្រីចក្រយាន​កម្ពុជា​ចំនួន​៣៨៣​នាក់ ដើម្បី​ជា​ការ​ចែករំលែក​នូវ​សេចក្តី​ស្រឡាញ់ និង​ការ​ចូលរួម​ចំណែក​ជាមួយ​បងប្អូន​ទាំងអស់​គ្នា ក្នុង​ការ​អបអរសាទរ ពិធី​បុណ្យចូលឆ្នាំ​ថ្មី ជាមួយនឹង​ក្រុម​គ្រួសារ​នៅ​ពេល​ខាង​មុខ​នេះ ។

ថ្លែង​ក្នុង​ឱកាស​នេះ លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត អគ្គស្នងការ​កាយ​ឬ​ទ្ធិ​នារី​កម្ពុជា បាន​នាំ​មក​នូវ​ការ​ផ្តាំផ្ញើ សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាកបាទក្រហម កម្ពុជា ជា​ពិសេស​ ការ​នឹករលឹក​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ទៅ​ដល់​សមាជិក​ទាំងអស់ ក្នុង​ឱកាស​នេះ ។

លោក​ជំទាវ​បណ្ឌិត​បាន​ថ្លែង​ថា សមាគម​កាយ​ឬ​ទ្ធិ​នារី​កម្ពុជា តែងតែ​កំណត់​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​ជួបជុំ​គ្នា ជា​ពិសេស​ ជួប​សំណេះសំណាល​សួរសុខទុក្ខ ដល់​សមាជិក មូលនិធិ​ត្រីចក្រយាន​កម្ពុជា ដែល​ជា​អ្នក​ប្រកប​របរ​ធាក់​ស៊ី​ក្លូ​។

ការ​ជួបជុំ​គ្នា​នា​ពេល​នេះ មាន​គោលបំណង​៣​យ៉ាង ទី​១-គឺ​មក​សួរសុខទុក្ខ មក​លើកទឹកចិត្ត ជូន​លោកតា លោក​អ៊ុំ និង​ពូ​ៗ អម​ជាមួយ​អំណោយ​ដ៏​ថ្លៃថ្លា ជា​សម្ភារៈ​ប្រើប្រាស់ និង​ថវិកា ធ្វើ​យ៉ាង ណា​បាន​ប្រគល់​ជូន​មុន​ចូល​ឆ្នាំ​ខ្មែរ ។ ទី​២-គឺ​នាំ​ក្មួយ​ៗ ដែល​ជា​ក្មេង​ៗ​ជំនាន់​ក្រោយ នៃ​សមា ជិកា​សកម្ម​របស់​សមាគម​កាយ​ឬ​ទ្ធិ​នារី​កម្ពុជា ចូលរួមដើម្បី​ស្វែង​យល់ និង​មើលឃើញ​ដោយ​ផ្ទាល់ អំពី​ការ​ខិតខំ​ប្រឹងប្រែង របស់​ឪពុក​ម្តាយ​គ្រប់​រូប ក្នុង​ការ​តស៊ូ ជា​ឧទាហរណ៍ មុខរបរ​ធាក់​ស៊ី​ក្លូ​នេះ ជា​កិច្ច​ការងារ​មួយ​មិន​ស្រួល​ឡើយ ត្រូវ​ធ្វើការ​ក្រោម​កំ​ដៅ​ថ្ងៃ​ក្តៅ ក្រោម​ភ្លៀង ប៉ុន្តែ​នៅ​តែ​បន្ត​ខិតខំ សម្រាប់​ជីវភាព​រស់នៅ ជា​ពិសេស​ផ្គង់​ផ្គង់​សមាជិកគ្រួសារ​ដែល​នៅផ្ទះ ជា​ពិសេស​សម្រាប់​អនាគត​កូន​ៗ ហេតុនេះ​ហើយ យុវជន​ជំនាន់​ក្រោយ ត្រូវ​ចេះ​ដឹងគុណ​ចំពោះ​ឪពុក​ម្តាយ ។ ទី​៣-គឺ​ចង់​បង្ហាត់បង្រៀន ដល់​សមាជិកា​សកម្ម ជំនាន់​ក្រោយ នៃ​សមាគម​កាយ​ឬ​ទ្ធិ​នារី​កម្ពុជា នូវ​វប្បធម៌​ចែករំលែក ត្រូវ​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​នាម ​អ្នក​ដែល​មាន​ធនធាន មាន​លទ្ធភាព ត្រូវ​ចេះ​ជួយ និង​ចែករំលែក​ដល់​អ្នក​ខ្សត់ខ្សោយ​ជាង​ខ្លួន ។

លោក​ជំទាវ​បណ្ឌិត ក៏​បាន​ផ្តែផ្តាំ​ដល់​សមាជិកនៃ​មូលនិធិ​ត្រី​ចក្រ​ក្រ​យាន​កម្ពុជា ត្រូវ​គិតគូរ​ពី​សុខ ភាព​របស់​ខ្លួន កុំ​ទុក​ដល់​ឈឺ​ធ្ងន់​ទើប​ទៅ​រក​សេវា​ព្យាបាល ខណៈ​សមាជិក​ទាំងអស់ សុទ្ធតែ​មាន​បណ្ណ ប​.​ស​.​ស​. ដែល​អាច​ទៅ​ពិនិត្យ​សុខភាព និង​ព្យាបាល​នៅ​មន្ទីរពេទ្យ ដោយ​មិន​មានការ​បង់ប្រាក់​ឡើយ ដោយ​រាជរដ្ឋាភិបាល​ជា​អ្នក​ជួយ ក្នុង​ការ​ចំណាយ​ការ​ព្យាបាល​ទាំងអស់ ដូច្នេះ​កុំ​បារម្ភ​លើ​ការ​ចំណាយ ហើយនឹង​ចេះ​ថែទាំ​សុខភាព និង​តាមដាន​សុខភាព​របស់​ខ្លួន​ជាប់​ជា​ប្រចាំ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ