រាជធានីភ្នំពេញ ៖ អគ្គនាយកអង្គភាពស៊ីម៉ាក់កម្ពុជាបានគូសបញ្ជាក់ឲ្យដឹងថា សង្គ្រាម៥ថ្ងៃកន្លងមកនេះភាគីសៀមបានប្រើប្រាស់កាំភ្លើងធំ១៥៥មម ជាមួយកូនគ្រាប់បែកចង្កោមប្រភេទM46 ដែលក្នុងគ្រាប់ផ្លោងមួយគ្រាប់មានកូនគ្រាប់បែកចង្កោមM46នេះចំនួន៥៦ ។

ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់បានសរសេលើបណ្តាញសង្គមនៅថ្ងៃទី១២ សីហា ឆ្នាំ២០២៥ថា ការស្រាវជ្រាវនិងកំណត់តំបន់រងផលប៉:ពាល់ដោយសារគ្រាប់បែកចង្កោមក្នុងសង្គ្រាមរយ:ពេល៥ថ្ងៃកន្លងទៅថ្មីៗនេះ ភាគីសៀមបានប្រើប្រាស់កាំភ្លើងធំ១៥៥មម ជាមួយកូនគ្រាប់បែកចង្កោមប្រភេទM46 ដែលក្នុងគ្រាប់ផ្លោងមួយគ្រាប់មានកូនគ្រាប់បែកចង្កោមM46នេះចំនួន៥៦។

ឯកឧត្តមថាកូនគ្រាប់បែកចង្កោមដែលបាញ់ហើយមិនផ្ទុះ មានហានិភ័យខ្ពស់ណាស់ ដោយអាចបង្កគ្រោះថ្នាក់គ្រប់ពេលវេលា គ្រាប់បែកចង្កោមទាំងនោះ អាចស្ថិតនៅលើដើមឈ់ ឬលើដំបូលផ្ទះ ឬលើដី ឬក្នុងដី ឬក្នុងទឹកជាដើម ។

ជាមួយគ្នានោះដែរ កម្លាំងអង្គភាពCMACបានរកឃើញគ្រាប់បែកខាងលើនេះ នៅភូមិសាស្ត្រមួយចំនួន និងកំពុងតែមមាញឹកចុះស្រាវជ្រាវ ហ៊ុមព័ទ្ធដាក់ស្លាកសញ្ញា និងធ្វើការបោសម្អាតផ្តល់សុវត្ថិភាពជូនប្រជាពលរដ្ឋ ។

អគ្គនាយកស៊ីម៉ាក់បានសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយត្ន័ខ្ពស់នៅតំបន់រងផលប៉ះពាល់ដោយគ្រាប់បែកចង្កោមនៅតាមភូមិឋានក្នុងស្រុកសំរោង ស្រុកបន្ទាយអំពិលនៃខេត្តឧត្តរមានជ័យ និងស្រុកជាំក្សាន្តនៃខេត្តព្រះវិហារ។

ឯកឧត្តមក៏សូមបញ្ជាក់ថា ច្បាប់អន្តរជាតិហាមប្រើប្រាស់គ្រាប់បែកចង្កោមបានចូលជាធរមាននៅឆ្នាំ២០១០ និងមានប្រទេសចំនួន១២៣ចូលរួមក្នុងអនុសញ្ញាអន្តរជាតិមួយនេះ ។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋ បានឃើញឬសង្ស័យគ្រាប់បែកចង្កោម ឬគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមទាក់ទងមន្ត្រីជំនាញអង្គភាពស៊ីម៉ាក់ ឬអាជ្ញាធរមូលដ្ឋាន ឬកងកម្លាំងនគរបាលជាតិនៅជិតបំផុត ដើម្បីជួយដោះស្រាយជូន ៕



ចែករំលែកព័តមាននេះ