ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសនាថ្ងៃទី១២ ខែសីហានេះថា ៖ ការចុះពិនិត្យ និងគាំទ្រសេវាសុខាភិបាលនៅតំបន់ព្រំដែនកម្ពុជា-ថៃ ។ មកដល់ពេលនេះ វីរៈកងទ័ពយើងមានសុខភាពល្អប្រសើរច្រើន ដោយមានអ្នកជំងឺមួយចំនួនគ្រោងនឹងអនុញ្ញាតឱ្យចេញក្នុងពេលឆាប់ៗ ជាបន្តបន្ទាប់ ។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា នាថ្ងៃទី១០ និងទី១១ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារក្រសួងសុខាភិបាល ដឹកនាំដោយ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល អមដំណើរដោយលោកវេជ្ជបណ្ឌិត ហូយ សេរីវឌ្ឍនៈ អគ្គនាយករងបច្ចេកទេសសុខាភិបាល និងមានការចូលរួមពីឯកឧត្តមប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ និងថ្នាក់ដឹកនាំមន្ទីរពេទ្យ បានអញ្ជើញចុះពិនិត្យសាកសួរសុខទុក្ខដល់វីរៈកងទ័ពដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានបន្តថា មកដល់ពេលនេះ វីរៈកងទ័ពយើងមានសុខភាពល្អប្រសើរច្រើន ដោយមានអ្នកជំងឺមួយចំនួនគ្រោងនឹងអនុញ្ញាតឱ្យចេញក្នុងពេលឆាប់ៗ ជាបន្តបន្ទាប់ ។ ជាមួយគ្នានេះមានអ្នកជំងឺចំនួនពីរនាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យព្រះអង្គឌួង ដើម្បីពិនិត្យក្រដាសត្រចៀក។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខធិការ និងក្រុមកាងារក៏បានឆ្លៀតចូលពិនិត្យមើលការបម្រើសេវាសុខាភិបាល ក៏ដូចជា ការរៀបចំបន្ទប់សង្គ្រោះបន្ទាន់ និងបន្ទប់វះកាត់នៅមន្ទីរពេទ្យបង្អែកក្រឡាញ់ និងបន្តពិនិត្យមើលពីស្ថានភាពការបម្រើសេវាសុខាភិបាល ជូនប្រជាជនភៀសសឹកនៅតំបន់សុវត្ថិភាព ដែលស្ថិតនៅក្នុងបរិវេណវត្តភ្នំកំបោរផងដែរ ៕


ចែករំលែកព័តមាននេះ