រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលបានស្នើឲ្យរដ្ឋាភិបាលថៃ និងកងកម្លាំងយោធាថៃបឈ្ឈប់ជា បន្ទាន់នូវការឈ្លានពាន និងសកម្មភាពផ្សេងៗទៀតដែលរំលោភបំពានអធិបតេយ្យភាព និងបូរណភាពទឹករបស់កម្ពុជា ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ។
ឯកឧត្តមជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិបានលើកឡើងក្នុងសន្នីសីទសារព័ត៌មានរសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីកាគណៈរដ្ឋមន្ត្រី យ៉ាងដូច្នេះថា ៖«រាជរដ្ឋាភិបាលស្នើ និងទាមទារឲ្យរដ្ឋាភិបាលថៃនិងកងកម្លាំងយោធាថៃបញ្ឈប់ជាបន្ទាន់នូវការឈ្លានពាន និងការកាន់កាប់ដោយខុសច្បាប់ និងសកម្មភាពផ្សេងទៀតដែលរំលោភបំពានដែនធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា និងត្រូវ ដកកម្លាំងយោធាថៃ និងឧបករណ៍ទាំងអស់ចេញពីទឹកដីកម្ពុជាត្រឡប់ទៅទីតាំង ស្របទាំងស្រុងជាមួយព្រំដែនដែលត្រូវបានកំណត់ដោយស្របច្បាប់ និងអនុវត្តឲ្យពេញលេញ និងគ្មានលក្ខខ័ណ្ឌរាល់កាតព្វកិច្ចទាំងទ្វេរភាគី និងអន្តរជាតិ រួមមានកិច្ចព្រមព្រៀងឈប់បាញ់ថ្ងៃទី២៨ កក្កដា ឆ្នាំ២០២៥ និងកំណត់ហេតុព្រមព្រៀង ចុះថ្ងៃទី៧ខែសីហា ឆ្នាំ២០២៥» ។

ឯកឧត្តមបានលើកឡើងទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តអត់ងារ៉េក្នុងការស្វែងរកដំណោះស្រាយ ដោយសន្តិវិធីចំពោះវិវាទព្រំដែនជាមួយប្រទេសជិតខាងទាំងអស់តាមច្បាប់អន្តរជាតិ ហើយនឹងនៅតែរក្សាគោលជំហរថា ព្រំដែនមិនអាចផ្លាស់ប្តូរដោយកម្លាំងយោធាឡើយ ។
ជាមួយគ្នានោះដែរ ប្រមុខរដ្ឋមន្ត្រីការទូតកម្ពុជា បានស្នើឲ្យប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិបន្តលើកទឹកចិត្តឲ្យមានការគោរពឲ្យបានពេញលេញនូវកិច្ចព្រមព្រៀងឈប់បាញ់ ដ៏ផុយស្រួយ និងកំពុងប្រឈមចំពោះហានិភ័យនេះ និងបន្តបញ្ឈប់ទាំងស្រុងចំពោះការបង្កជម្លោះប្រដាប់អាវុធឲ្យមកមានភាពប្រក្រតីវិញផងដែរ៕
ចែករំលែកព័តមាននេះ