ខេត្តកំពង់ស្ពឺ៖ លោក យឹម ណន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានប្រាប់ដល់ប្រជាពលរដ្ឋដែលជាម្ចាស់ស្រែទាំងអស់ឱ្យតាមដានស្រែស្រូវរបស់ខ្លួនជាប្រចាំ ក្នុងករណីមានការយាយីពីពពួកសត្វល្អិត សត្វមមៀចត្នោតលើដំណាំស្រូវត្រូវរាយការណ៍បន្ទាន់មកមន្ត្រីជំនាញកសិកម្មខេត្ត ឬមន្ត្រីកសិកម្មឃុំ ដើម្បីឱ្យមន្ទីរជំនាញមានលទ្ធភាពក្នុងការជួយអន្តរាគមន៍ទាន់ពេលវេលា។ ការណែនាំដូចនេះពេលដឹកនាំក្រុមការងារជំនាញនៃមន្ទីរកសិកម្មខេត្ត អាជ្ញាធរឃុំ-សង្កាត់ ចុះពិនិត្យ និងអន្តរាគមន៍នាំទឹកសង្គ្រោះស្រូវជិត ៣០០ហិកតា ដែលរងគ្រោះដោយកូនរដូវប្រាំងនៅក្នុងក្រុងច្បារមន និងស្រុកសំរោងទង ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥។
ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ស្ពឺ លោក យឹម ណន បានលើកឡើងថា ជារៀងរាល់ឆ្នាំដំណាំស្រូវរបស់កសិករតែងតែជួបបញ្ហា គ្រោះរាំងស្ងួត និងការបំផ្លាញពីពពួកសត្វចង្រៃ។ ឆ្នាំកន្លងទៅនេះ ដំណាំស្រូវស្ទើតែទូទាំងក្រុងស្រុកនៃខេត្តកំពង់ស្ពឺបានជួបវិបត្តិការស៊ីបំផ្លាញពីក្រុមដង្កូវហ្វូង ស្រូវក្នុងស្រែរាប់រយហិកតាបានរងការខូចខាត តែក្រោយមានការរាយការណ៍ទាន់ពេលមន្ត្រីជំនាញកសិកម្មខេត្តក៏បានចេញអន្តរាគមន៍ទាន់ពេល ហើយបានរំដោះដំណាំស្រូវទាំងនោះពីពពួកដង្កូវហ្វូងមកវិញដោយការបាញ់ថ្នាំសម្លាប់។
ប្រធានមន្ទីរកសិកម្ម លោក យឹម ណន បានបញ្ជាក់ថា រដូវដង្កូវហ្វូងបានផុតហើយ ប៉ុន្តែដំណាំស្រូវនៅប្រឈមនឹងបញ្ហាមួយទៀតដែលទាមទារការយកចិត្តទុកដាក់ខ្ពស់នោះគឺពពួកសត្វមមៀចត្នោត។ ករណីនេះបើឃើញប្រភេទសត្វនេះរោមអំពូលភ្លើងច្រើននៅពេលយប់បានន័យថាពពួកសត្វនេះនឹងមានវត្តមានច្រើននៅក្បែរនោះ ពិសេសគនៅតាមដើមស្រូវ។ ដូច្នេះត្រូវចុះពិនិត្យភ្លាមក្នុងស្រែរៀងខ្លួនថាតើមានពពួកសត្វនេះកំពុងបំផ្លាញដំណាំស្រូវហើយឬនៅ។ ក្នុងករណីឃើញវត្តមានសត្វនេះត្រូវរាយការណ៍មកមន្ត្រីកសិកម្មឃុំ ឬមន្ត្រីកសិកម្មខេត្តដើម្បីអន្តរាគមន៍ទាន់ពេល។
សូមបញ្ជាក់ផងដែរថា នៅក្នុងកំឡុងពាក់កណ្តាលខែកក្កដា និងដើមខែសីហា ឆ្នាំ២០២៥ ឥទ្ធិពលកូនរដូវប្រាំងបានគ្របដណ្តប់លើក្រុងស្រុកទាំង៩នៃខេត្តកំពង់ស្ពឺ ដោយមានភ្លៀងតិចតួចបានធ្លាក់នៅលើឃុំខ្លះ ប៉ុន្តែមិនគ្រប់គ្រាន់។បញ្ហានេះបានធ្វើឱ្យស្រុក ក្រុងចំនួន២គឺ ស្រុកសំរោងទងមាន៣ឃុំ និងក្រុងច្បារមន១សង្កាត់ បានជួបគ្រោះរាំងស្ងួត ហើយបង្កជាផលប៉ះពាល់ដំណាំស្រូវកសិករជិត ៣០០ហិកតា ដែលទាមទារឱ្យមានកិច្ចអន្តរាគមន៍បន្ទាន់នាំទឹកសង្គ្រោះពីមន្ទីរជំនាញធនធានទឹកក្នុងការដាក់ម៉ាស៊ីនធុនធំបូមនាំទឹកចេញពីប្រឡាយមេរលាំងជ្រៃខាងជើង និងស្ទឹងព្រែកត្នោតដាក់ទៅក្នុងប្រឡាយរង ដើម្បីឱ្យម្ចាស់ស្រែអាចមានលទ្ធភាពបូមបញ្ចូលទៅក្នុងស្រែរៀងៗខ្លួន៕






ចែករំលែកព័តមាននេះ