សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ ថ្លែងកាលពីថ្ងៃទី១១ សីហា ក្នុងសន្និសីទសារព័ត៌មានមួយនៅសេតវិមាន ពីការដាក់ពង្រាយកងទាហានឆ្មាំជាតិនៅក្រុងវ៉ាស៊ីនតោន ដើម្បីជួយស្ដារសណ្ដាប់ធ្នាប់ និងសន្តិសុខសាធារណៈឡើងវិញនៅក្រុងវ៉ាស៊ីនតោន ។
លោកក៏ថ្លែងផងដែរថា លោកបានលើកជាផ្លូវការពីច្បាប់HOME ROULE ACT ដើម្បីដាក់ប៉ូលិសក្រុងឲ្យស្ថិតក្រោមការត្រួតត្រារបស់សហព័ន្ធដោយផ្ទាល់ ។ លោកថ្លែងថា នេះជាទិវារំដោះនៅក្រុងវ៉ាស៊ីនតោន ហើយយើងនឹងគ្រប់គ្រងឡើងវិញរដ្ឋធានីរបស់យើង។
ប្រធានាធិបតីអាមេរិកបន្តថា រដ្ឋការរបស់លោកបានបញ្ជូនភ្នាក់ងារសហព័ន្ធ៥០០នាក់មកកាន់ក្រុងវ៉ាស៊ីនតោនរួចហើយ កាលពីសប្ដាហ៍មុន ក្នុងនោះរួមមាន សមាជិកប៉ូលិសសហព័ន្ធFBI សមាជិកកងត្រួតពិនិត្យជាតិស្រា ថ្នាំជក់ កាំភ្លើងនិងគ្រឿងផ្ទុះ សមាជិកកងបង្ក្រាបគ្រឿងញៀន ប៉ូលិសការពារឧទ្យាន ពួកភ្នាក់ងារសម្ងាត់ និងភ្នាក់ងារក្រសួងសន្តិសុខផ្ទៃក្នុង ។
ចាប់តាំងពីវិលចូលសេតវិមានវិញមក លោកដូណាល់ត្រាំបានបរិហារជាច្រើនលើក ចំពោះឧក្រិដ្ឋកម្មហិង្សានិងពួកគ្មានទីជម្រក ក្នុងទីក្រុងវ៉ាស៊ីនតោន ដែលលោកលើកពីការគ្រប់គ្រងមិនល្អរបស់រដ្ឋបាលមូលដ្ឋាន ហើយគំរាមត្រួតត្រា ក្រុងវ៉ាស៊ីនតោនដោយកងកម្លាំងសហព័ន្ធ។
ក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍MSNBC អភិបាលក្រុងវ៉ាស៊ីនតោនលោកស្រីMURIEL BROWSER បានបដិសេធការលើកឡើងបែបនេះ ។ លោកស្រីថា រយៈពេល២ឆ្នាំចុងក្រោយនេះយើងកាត់បន្ថយចំនួនឧក្រិដ្ឋកម្មហិង្សា ក្នុងទីក្រុងនេះឲ្យមកនៅកម្រិតទាបបំផុតពុំធ្លាប់មានចាប់តាំងពី៣០ឆ្នាំមកហើយ ៕
ចែករំលែកព័តមាននេះ