ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​កម្ពុជា ខកចិត្ត​យ៉ាង​ខ្លាំង ចំពោះ​ប្រធាន​សភា​ថៃ ដែល​គាំទ្រ​មេបញ្ជាការ​យោធភូមិ​ភាគ​ទី​២ បង្កហេតុ ឈ្លានពាន​ទឹកដី​ខ្មែរ

1 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ រដ្ឋសភា ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តែង​នូវ​ការ​ខកចិត្ត​យ៉ាង​ខ្លាំង ចំពោះ​ការ​ប្រកាស​គាំទ្រ​របស់ ឯកឧត្តម វ៉ា​ន់​មូ​ហា​ម៉ាត់ ណ័​រ មៈ​ថា…

រាជធានី​ភ្នំពេញ​ ៖ រដ្ឋសភា ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តែង​នូវ​ការ​ខកចិត្ត​យ៉ាង​ខ្លាំង ចំពោះ​ការ​ប្រកាស​គាំទ្រ​របស់ ឯកឧត្តម វ៉ា​ន់​មូ​ហា​ម៉ាត់ ណ័​រ មៈ​ថា ប្រធាន​សភាតំណាងរាស្ត្រ និង​ជា​ប្រធានរដ្ឋសភា​ថៃ ចំពោះ លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន​ស៊ី​ន ផាត់​ឃ្លាំង មេបញ្ជាការ​យោធភូមិ​ភាគ​ទី​២ ​ដែល​មាន​បំណង​វាយ​ដណ្តើម​យក​ទឹកដី​កម្ពុជា​ ។

យោង​តាម​សេចក្តីថ្លែងការណ៍ រដ្ឋសភា ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៥​ បាន​សម្តែង​នូវ​ការ​ខកចិត្ត​យ៉ាង​ខ្លាំង ចំពោះ​ការ​ប្រកាស​គាំទ្រ​របស់ ឯកឧត្តម វ៉ា​ន់​មូ​ហា​ម៉ាត់ ណ័​រ មៈ​ថា ប្រធាន​សភាតំណាងរាស្ត្រ និង​ជា​ប្រធានរដ្ឋសភា​ថៃ ចំពោះ លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន​ស៊ី​ន ផាត់​ឃ្លាំង មេបញ្ជាការ​យោធភូមិ​ភាគ​ទី​២ របស់​ថៃ ដែល​បាន​ចុះ​ផ្សាយ​ជា​ភាសា​ថៃ​ នៅ​ក្នុង​គេហទំព័រ រដ្ឋសភា​ នៃ​ព្រះរាជាណាចក្រ​ថៃ និង​កាសែត The Nation កាលពី​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២៥ កន្លង​ទៅ ដែលលោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន​ស៊ី​ន ផាត់​ឃ្លាំង បាន​ប្រកាស​ពី​ផែនការ​មុន​ចូល​និវត្តន៍​របស់​ខ្លួន ដែល​នៅ​សល់ ៥១ថ្ងៃទៀត ដោយ ៖ ទី​១) ដណ្តើម​កាន់កាប់​ប្រាសាទ​តា​ក្របី ពី​ការ​គ្រប់គ្រង​ដោយ​ស្របច្បាប់​របស់​កម្ពុជា និងទី​២) ប្រកាស​បិទ​ប្រាសាទតាមាន់ធំ​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យ និង​បូរណភាព​ទឹកដី​កម្ពុជា​ ។

រដ្ឋសភា​បាន​ចាត់​ទុក ការ​ប្រកាស​នេះ​ជាភស្តុ​តាង​ជាក់ស្តែង និង​មិន​អាច​ប្រកែក​បាន បញ្ជាក់​ពី​ការ​បង្កហេតុ និង​ជា​ការ​ប៉ុនប៉ង​ឈ្លានពាន​ទឹកដី​កម្ពុជា ដោយ​ចេតនា និង​ដោយ​គិត​ទុកជា​មុន ​។

រដ្ឋសភា ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចាត់​ទុក​ការ​សម្តែង​មតិ​គាំទ្រ​របស់ ឯកឧត្តម វ៉ា​ន់​មូ​ហា​ម៉ាត់ ណ័​រ មៈ​ថា គឺជា​ការ​រំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ ហើយ​ជា​ការ​លើកទឹកចិត្ត​ដល់​អំពើ​បង្កហេតុ របស់​យោធា​ថៃ ទៅ​ជា​គោលនយោបាយ​ដែល​គាំទ្រ​ដោយ​ស្ថាប័ន​នីតិប្បញ្ញត្តិ​ថៃ​ ។ រដ្ឋសភា ​នៃ​ប្រទេស​ទាំង​ពីរ​ ដែលជា​ស្ថាប័ន​តំណាង​ប្រជាពលរដ្ឋ គួរ​បង្ហាញ​ការ​សាទរ​ដល់​ស្ថានភាព​នៅ​ព្រំដែន​ជា​ទូទៅ ​ដែល​មាន​សភាព​ស្ងប់ស្ងាត់ល្អ ហើយ​យើង​គួរ​បន្ត​ធ្វើ​ឱ្យ​ស្ថានភាព​នេះ​រឹតតែ​ប្រសើរ​ឡើង ជា​ជាង​ការ​ធ្វើ​ទ​ង្វើ​ដែល​បង្ក​ការ​រាំងស្ទះ​ដល់​ការ​នាំ​មក វិញ​នូវ​សន្តិភាព ស្ថិរភាព និង​ប្រក្រតី​ភាព​ នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ដែល​ជា​អ្វី​មិន​ត្រឹមតែ​ប្រជាជន​កម្ពុជា ចង់បាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពិភពលោក​ទាំងមូល​ក៏​ចង់​ឃើញ​ផង​ដែរ ដូចដែល​បាន​ស្តែង​ចេញ​តាម​រយៈ​ការ​សម្តែង ការ​អបអរសាទរ និង​ការ​គាំទ្រ​ចំពោះ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ និង​លទ្ធផល​ជា​វិជ្ជមាន​នៃ​កិច្ចប្រជុំ​វិសាមញ្ញ គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ​ ជាដើម ​។

រដ្ឋសភា​ ក៏​បាន​ចាត់​ទុក​ការ​ថ្លែង​បែប​នេះ​ថា​ជា​ភស្តុ​តាង ដែល​មិន​អាច​ប្រកែក​បាន នៃ​អំពើ​បង្កហេតុ និង​ការ​ប៉ុនប៉ង​ដោយ​ចេតនា គិត​ទុកជា​មុន ក្នុង​ការ​ឈ្លានពាន​អធិបតេយ្យភាព និង​បូរណភាព ទឹកដី​របស់​កម្ពុជា​។ ទ​ង្វើ​នេះ ​គឺជា​ការ​រំលោភ​បំពាន​ទាំងស្រុង​ទៅ​លើ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ ដែល​សម្រេចបាន​នៅ​ក្នុង​កិច្ចប្រជុំ​ពិសេស កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ និង​ស្មារតី ​នៃ​កិច្ចប្រជុំ​វិសាមញ្ញ​របស់​គណៈ ក​ម្មា​ធិ​ការ​ព្រំដែន​ទូទៅ (GBC) ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២៥​។ បន្ថែម​ពី​នេះ ការ​ថ្លែង បែប​នេះ​ ក៏​ជា​ការ​រំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​ធម្មនុញ្ញ​អាស៊ាន ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​សន្ធិសញ្ញា មិត្តភាព និង​សហប្រតិបត្តិការ​នៅ​អាស៊ី​អាគ្នេយ៍​ ។

រដ្ឋសភា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ ជា​ពិសេស​ប្រទេស​ដៃគូ ដែល បាន​ខិតខំ​ប្រឹងប្រែង​ជួយ​ឱ្យ​សម្រេច​បាន​នូវ​បទ​ឈប់​បាញ់​ដ៏​លំបាក​មួយ​នេះ ដោយ​ជួយ​ជំរុញ​យ៉ាង​ម៉ឺងម៉ាត់​ឱ្យ​ភាគី​ថៃ គោរព​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ ដោយ​មិន​ត្រឹមតែ​តាម​រយៈពាក្យ​សម្តី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​តាម​រយៈ​សកម្មភាព​ជាក់ស្តែង ដោយ​បញ្ឈប់​រាល់​អំពើ​រំលោភ​បំពាន​ទាំងឡាយ និង​រុះរើ​បន្លា​លួស​ដែល​ខ្លួន​បាន​លួច​ដាក់ ចេញ​ឱ្យ​អស់​ជា​បន្ទាន់​ពី​ដែន អធិបតេយ្យ​របស់​កម្ពុជា​។

រដ្ឋសភា​ក៏​កម្ពុជា សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ឯកឧត្តម អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី សម្រាប់​ការ​ផ្តួចផ្តើម សម្របសម្រួល និង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​សម្រុះសម្រួល រវាង​កម្ពុជា​-​ថៃ និង​សូម​ទទួលស្គាល់​នូវ​តួនាទី​គន្លឹះ ដែល​បាន​ដើរតួ​ដោយ​សហរដ្ឋអាមេរិក និង​សាធារណរដ្ឋ ប្រជាមានិត​ចិន ក៏​ដូច​ជា​ការ​គាំទ្រ​ដ៏​ស្មោះស្ម័គ្រ​ពី​បណ្តា​រដ្ឋ​ជា​សមាជិក​អាស៊ាន ដៃគូ​សន្ទនា និង​ប្រទេស​ជា​មិត្ត​នានា ក្នុង​តំបន់​និង​ពិភពលោក​។ ការ​លើកទឹកចិត្ត និង​ការ​ចូលរួម​របស់​បណ្តា​ប្រទេស​ទាំងអស់ គឺជា​មធ្យោបាយ​ដ៏ សំខាន់ ក្នុង​ការ​នាំ​មក​នូវ​ដំណោះស្រាយ​ជា​វិជ្ជមាន​។ ជា​ពិសេស យើងខ្ញុំ​សូម​កត់សម្គាល់​ដោយ​ការ​កោតសរសើរ នូវ​តួនាទី​របស់ ឯកឧត្តម​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង ដែល​ប្តេជ្ញា​ចិត្ត​រួម​គ្នា ចំពោះ​សន្តិភាព សន្តិសុខ និង​កិច្ច​សហប្រតិបត្តិការ ដើម្បី​សុខ​សុវត្ថិភាព អាយុជីវិត និង​ជីវភាព​ប្រជាជន​កម្ពុជា​-​ថៃ ក៏​ដូច​ជា​ដើម្បី​ប្រក្រតី​ភាព​ក្នុង​តំបន់ និង​នៅ​ក្នុង​សហគមន៍​អាស៊ាន​មួយ​ប្រកបដោយ​ស្ថិរភាព និង​វិបុលភាព​។

រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​បញ្ជាក់​ពី​ជំហរ​ដ៏​មុតមាំ​របស់​កម្ពុជា​គឺ ស្រឡាញ់​សន្តិភាព ការពារ​សន្តិភាព និង​ធ្វើ​ជា​មិត្ត​ជាមួយ​គ្រប់​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​លើ​សកលលោក​។ កម្ពុជា​ក៏​កំពុងធ្វើការ យ៉ាង​សកម្ម ដើម្បី​លើកកម្ពស់​សន្តិភាព​តាម​រយៈ​គំនិត​ផ្តួចផ្តើម​នានា ដូច​ជា​ធម្មនុញ្ញ​សន្តិភាព​សកល ដែល​បាន ផ្តួចផ្តើម​ឡើង​ដោយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា ដើម្បី​លើកកម្ពស់ កិច្ច​សន្ទនា​ប្រកបដោយ​បរិ​យា​បន្ន កសាង​ទំនុកចិត្ត ការ​យល់​ដឹង​ពី​គ្នា​ទៅ​វិញ​ទៅ​មក និង​កិច្ច​សហប្រតិបត្តិការ សកល​សម្រាប់​សន្តិភាព និង​វិបុលភាព​រួម ​៕

សេចក្តីថ្លែងការណ៍​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ដូច​ខាងក្រោម ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ