សម្រាប់អ្នកដែលមានជំងឺបេះដូង ការជ្រើសរើសអាហារត្រឹមត្រូវគឺមានសារៈសំខាន់ណាស់ ដើម្បីជួយគ្រប់គ្រងស្ថានភាពជំងឺ និងការពារកុំឲ្យកាន់តែធ្ងន់ធ្ងរ ។ គោលការណ៍សំខាន់ គឺកាត់បន្ថយខ្លាញ់មិនល្អ កូលេស្តេរ៉ុល និងជាតិសូដ្យូម (អំបិល) ខ្ពស់ រួចងាកមកទទួលទានអាហារដែលសម្បូរជាតិសរសៃ និងសារធាតុចិញ្ចឹម។
ខាងក្រោមនេះ ជាប្រភេទអាហារដែលអ្នកជំងឺបេះដូងគួរតែទទួលទាន ៖
១. បន្លែ និងផ្លែឈើ
បន្លែ និងផ្លែឈើមានជាតិសរសៃ វីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ដែលជួយកាត់បន្ថយការរលាក និងការពារសរសៃឈាម។
បន្លែ៖ បន្លែស្លឹកបៃតងដូចជា ស្ពៃពួយឡេង (Spinach) ស្ពៃក្ដោប ខាត់ណា សាឡាត់ ត្រសក់ ការ៉ុត ខ្ទឹមបារាំង និងខ្ទឹមស។
ផ្លែឈើ ៖ ផ្លែប៉ោម ផ្លែក្រូច ផ្លែចេក ផ្លែប៊ឺរី (Berry) ផ្លែស្រកានាគ ផ្លែទទឹម ផ្លែទំពាំងបាយជូរ និងផ្លែបឺរ។
២. គ្រាប់ធញ្ញជាតិ និងគ្រាប់រុក្ខជាតិ
គ្រាប់ធញ្ញជាតិ៖ ដូចជា អង្ករសម្រូប នំប៉័ងស្រូវសាលី (Whole-wheat bread) គ្រាប់ធញ្ញជាតិ (Oatmeal) និងសណ្ដែកគ្រប់ប្រភេទ។
គ្រាប់រុក្ខជាតិ៖ ដូចជា គ្រាប់អាល់ម៉ុន (Almond) គ្រាប់វ៉ាល់ណាត់ (Walnut) គ្រាប់ស្វាយចន្ទី (Cashew) និងគ្រាប់ល្ង។ គ្រាប់ទាំងនេះសម្បូរទៅដោយខ្លាញ់ល្អ (Healthy fat) ដែលជួយដល់សុខភាពបេះដូង។
៣. ប្រភពប្រូតេអ៊ីនគ្មានខ្លាញ់
ត្រី៖ គួរញ៉ាំត្រីទឹកសមុទ្រដែលមានខ្លាញ់អូមេហ្គា ៣ (Omega-3) ខ្ពស់ដូចជា ត្រីសាម៉ុង (Salmon) ត្រីធូណា (Tuna) និងត្រីសាឌីន (Sardine)។
សាច់សត្វ៖ គួរជ្រើសរើសសាច់ដែលមានជាតិខ្លាញ់ទាប ដូចជាសាច់ទ្រូងមាន់ដែលបានបកស្បែកចេញ។
ស៊ុត៖ អាចបរិភោគបានក្នុងកម្រិតមធ្យម ប៉ុន្តែកុំច្រើនពេក។
៤. ខ្លាញ់ល្អ
ជំនួសខ្លាញ់មិនល្អដោយខ្លាញ់ល្អ។
ប្រេង៖ ប្រើប្រាស់ប្រេងអូលីវ (Olive oil) ប្រេងអាវ៉ូកាដូ (Avocado oil) សម្រាប់ចម្អិនអាហារ។
ការរស់នៅត្រឹមត្រូវ៖ ក្រៅពីការញ៉ាំអាហារត្រឹមត្រូវ ការហាត់ប្រាណជាប្រចាំ ការគ្រប់គ្រងស្ត្រេស និងការមិនជក់បារី ក៏ជួយដល់សុខភាពបេះដូងរបស់អ្នកផងដែរ ។ អ្នកគួរពិគ្រោះជាមួយគ្រូពេទ្យដើម្បីទទួលបានដំបូន្មានត្រឹមត្រូវទៅតាមស្ថានភាពជំងឺរបស់អ្នក ៕
ចែករំលែកព័តមាននេះ