ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋជាង១ពាន់នាក់ បាននាំគ្នាមកចូលរួមនៅក្នុងវេទិកាការងារ ដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំធ្វើឡើងកាលពីថ្ងៃទី៩ សីហា នៅក្នុងឃុំចំនួន៤ នៃស្រុកពារាំង ហើយក្នុងចំណោមពលរដ្ឋទាំងនោះ មានពលករចំណាកស្រុក ដែលទើបវិលត្រឡប់មកពីប្រទេសថៃ ចំនួនជាង ៤០០នាក់ ត្រូវបានក្រុមហ៊ុន 7NG ទទួលយកឲ្យធ្វើការ ។
លោក អោម ខុន ប្រធានមជ្ឈមណ្ឌលទីភ្នាក់ងារជាតិមុខរបរ និងការងារ បានឱ្យដឹងថា សព្វថ្ងៃនេះ នៅក្នុងប្រទេសកម្ពុជាយើង មានរោងចក្រសហគ្រាសជាច្រើនកន្លែង ដែលកំពុងមានតម្រូវការបុគ្គលិក និងកម្មកររាប់ម៉ឺននាក់ មិនតែប៉ុណ្ណោះ ក៏មានការងារខ្លះអាចផ្តល់កន្លែងស្នាក់នៅ និងការហូបចុកដល់កម្មករថែមទៀតផង ដូច្នេះលក្ខខណ្ឌការងារនៅក្នុងស្រុករបស់យើង គឺវាល្អប្រសើរជាងការប្រថុយចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស ។
លោក អោម ខុន និងក្រុមការងារ ក៏បានលើកឡើងបន្ថែមទៀតអំពីអត្ថប្រយោជន៍ (ប.ស.ស) ចំពោះកម្មករ កម្មការីនី ដែលធ្វើការតាមរោងចក្រសហគ្រាសនានាទូទាំងប្រទេស ដូចជាការថែទាំសុខភាព, ការសម្រាកព្យាបាលនៅមន្ទីពេទ្យ, ការពិនិត្យផ្ទៃពោះ និងការសម្រាលកូន ។ល។ ហើយជាពិសេសទៀតនោះ គឺមានប្រាក់ចូលនិវត្តន៍ថែមទៀតផង ទាំងអស់នេះគឺជាការយកចិត្តទុក្ខដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលតែងតែមានការយកចិត្តទុក្ខដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស គ្រប់ពេលវេលា គ្រប់ទីកន្លែង ។
នៅក្នុងពេលធ្វើវេទិកាការងារនេះដែរ តំណាងក្រុមហ៊ុន 7NG បានប្រកាសថា មិនមែនមានតែពលករចំណាកស្រុកនោះទេ ប្រជាពលរដ្ឋនៅក្នុងស្រុកទូទៅ ឲ្យតែមកដាក់ពាក្យសុំចូលធ្វើការ គឺក្រុមហ៊ុនទទួលយកទាំងអស់ ដោយមិនប្រកាន់ស្រីប្រុសឡើយ ។
គួរបញ្ជាក់ផងដែរថា គិតមកដល់ត្រឹមថ្ងៃទី៨ ខែសីហានេះ ខេត្តព្រៃវែង មានពលករចំណាកស្រុកវិលត្រឡប់មកពីប្រទេសថៃវិញ សរុបមានចំនួនជិត ២ម៉ឺននាក់ហើយ ក្នុងនោះមានជាង ៣ពាន់នាក់ ទទួលបានការងារធ្វើហើយ និងនៅសល់ ១២,៨២៨នាក់ទៀត មិនទាន់មានការងារធ្វើទេ ៕




ចែករំលែកព័តមាននេះ