ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ​ឥណ្ឌូណេស៊ី​មាន​មីស៊ីល​ផ្លោង​ប្រើ​ប្រាស់​មុន​គេ​នៅ​អាស៊ី​អាគ្នេយ៍

4 ម៉ោង មុន

ទី​ក្រុង​ហ្សា​កាតា៖ ​ជា​លើក​ដំបូង​​នៅ​​​អាស៊ី​អាគ្នេយ៍​ដែល​ប្រទេស​១​​មាន​​ប្រព័ន្ធ​មីស៊ីល​​បល​លីស​ស្ទីក (ballistic) ដើម្បី​ពង្រឹង​វិស័យ​ការ​ពារ​ជាតិ​របស់​ខ្លួន​។ ​សារ​ព័ត៌​មាន​ឆេន​ណល ញូ​ស៍ អេស៊ា (Channel News Asia)​…

ទី​ក្រុង​ហ្សា​កាតា៖ ​ជា​លើក​ដំបូង​​នៅ​​​អាស៊ី​អាគ្នេយ៍​ដែល​ប្រទេស​១​​មាន​​ប្រព័ន្ធ​មីស៊ីល​​បល​លីស​ស្ទីក (ballistic) ដើម្បី​ពង្រឹង​វិស័យ​ការ​ពារ​ជាតិ​របស់​ខ្លួន​។ ​សារ​ព័ត៌​មាន​ឆេន​ណល ញូ​ស៍ អេស៊ា (Channel News Asia)​ ផ្សាយ​ថា​​​ឥណ្ឌូណេស៊ី​បាន​ដាក់​ពង្រាយ​​​ស្ងាត់​ៗ​នូវ​ជើង​ទម្រ​បាញ់​មីស៊ីល​បល​លីស​ស្ទីក​​រយៈ​ចម្ងាយ​ខ្លី​នៅ​​ខេត្ត​កាលី​ម៉ាន់​តាន់​ខាង​កើត (East Kalimantan​)។ មីស៊ីល​នេះ​ផលិត​នៅ​​តួក​គី​។ អ្នក​វិភាគ​យល់​ថា​តាម​រយៈ​​នេះ​ ​តុល្យ​ភាព​កម្លាំង​យោធា​​នៅ​​ក្នុង​តំបន់​ចាប់​ផ្ដើម​ប្រែ​ប្រួល​ហើយ​​។​

​នៅ​ក្នុង​​ស្ថាន​ភាព​​ដែល​គ្មាន​ប្រទេស​ណាមួយ​​​នៅ​ក្នុង​តំបន់​ទាន់​មាន​​​មីស៊ីល​ទំនើប​សម្រាប់​ប្រើ​ប្រាស់​នៅ​ឡើយ ​ឥណ្ឌូ​ណេស៊ី​មាន​ប្រព័ន្ធ​នេះ​ប្រើ​មុន​គេ​ដែល​អាច​ចេញ​ប្រតិ​បត្តិ​ការ​រហ័ស​ និង​វាយ​ប្រហារ​ចំ​គោល​ដៅ​ល្អ​។ មាន​ចំនុច​២​​​ដែល​ត្រូវ​មើល​ឃើញ​។ ទី១​-​ចំណាត់​ការ​នេះ​​ពាក់​ព័ន្ធ​នឹង​ទី​តាំង​ភូមិ​សាស្ត្រ​ដែល​ឥណ្ឌូណេស៊ី​​​ផ្លាស់​ប្ដូរ​រដ្ឋ​ធានី​ពី​ហ្សា​កា​តា​ទៅ​នូ​សាន់​តារ៉ា​​ (Nusantara) ​​និង​ទី​២-ចំណាត់​ការ​នេះ​កើត​ឡើង​ចំ​ពេល​ដែល​សភាពការណ៍​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​តែ​បន្ត​ឡើង​កម្ដៅ​។

កាល​ពី​មុន​​ ​​ឥណ្ឌូណេស៊ី​ច្រើន​ប្រើ​ប្រាស់​វិធី​ការ​ពារ​ជាតិ​របស់​ខ្លួន​ដោយ​គ្រឿង​សាស្ត្រា​វុធ​ស៊េរី​ចាស់​​ដែល​ដាក់​ពង្រាយ​យ៉ាង​ច្រើន​ស្អេក​ស្កះ​។ បច្ចុប្បន្ន​ ​ឥណ្ឌូណេស៊ី​​ងាក​មក​ប្រើ​អាវុធ​ស៊េរី​ទំនើប​ដែល​អាច​បញ្ចេញ​​​ប្រតិ​កម្ម​រហ័ស​។ បើ​គិត​ពី​​​ភូមិ​សាស្ត្រ​នយោបាយ​ ​ឥណ្ឌូណេស៊ី​ដែល​ធ្លាប់​តែ​ពឹង​ផ្អែក​តែ​មួយ​មុខ​ទៅ​លើ​កម្លាំង​បស្ចិម​ប្រទេស​ជា​ខ្នង​បង្អែក​នោះ​បាន​ងាក​ទៅ​ចាប់​ដៃ​ជា​មួយ​ប្រទេស​ជា​ដៃ​គូ​ដទៃ​ទៀត​ដូច​ជា​តួក​គី​ជា​ដើម​។ ហេតុ​នេះ​ ធ្វើ​ឱ្យ​ខ្លួន​មាន​កម្លាំង​ជួយ​ជ្រោម​ជ្រែង​កាន់​តែ​ច្រើន​។​

ក្រុម​អ្នក​ជំនាញ​យោធា​យល់​ថា​ការ​ដាក់​ពង្រាយ​ជើង​ទម្រ​បាញ់​មីស៊ីល​នៅ​ខេត្ត​កាលី​ម៉ាន់​តាន់​ខាង​កើត​នោះ​មាន​ចរិត​ភូមិ​សាស្ត្រ​នយោបាយ​​ផង ​និង​ជា​​និមិត្ត​រូប​ផង​។ ឥណ្ឌូណេស៊ី​ជ្រើស​រើស​យក​ទី​តាំង​នោះ​សម្រាប់​ដាក់​ពង្រាយ​មីស៊ីល​ដោយ​សារ​ហេតុ​ផល​មួយ​ចំនួន​ដូច​ជា​៖ មាន​សុវត្ថិ​ភាព​បើ​សិន​រង​ការ​វាយ​ប្រហារ​ដោយ​ផ្ទាល់, ទី​តាំង​ជា​យុទ្ធ​សាស្ត្រ​បែរ​មុខ​ទៅ​រក​ច្រក​ផ្លូវ​សមុទ្រ​សំខាន់​ៗ​នៅ​ភាគ​ខាង​ជើង​ និង​ជា​ទី​កន្លែង​តាំង​នៅ​នៃ​រដ្ឋ​ធានី​ថ្មី​របស់​ខ្លួន​។ ដូច្នេះ​ វា​ជា​ជម្រើស​ល្អ​បំផុត​ក្នុង​ការ​ដាក់​ពង្រាយ​មីស៊ីល​នៅ​ទី​នោះ​ដើម្បី​ការ​ពារ​បូរ​ណភាព​ទឹក​ដី​ផង និង​ការ​ពារ​រដ្ឋ​ធានី​ថ្មី​ផង​។

ជើង​ទម្រ​បាញ់​មីស៊ីល​ឈ្មោះខាន់​មាន​វង់​ប្រតិ​បត្តិ​ការ​២៨០​គីឡូ​ម៉ែត្រ​ផលិតដោយ​ក្រុម​ហ៊ុន​រ៉ូកេត​សាន (Roketsan)​ ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​តំបន់​តេង​ការ៉ុង​ (Tenggarong) នៃ​ខេត្ត​កាលី​ម៉ាន់​តាន់​ខាង​កើត​។​ រូប​ភាព​មីស៊ីល​ខាន់​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​កាល​ពី​ថ្ងៃ​ទី​១​ ខែ​សីហា និង​ផ្សព្វ​ផ្សាយ​ដោយ​សារ​ព័ត៌​មាន​ឥណ្ឌូណេស៊ី​កុំ​ប៉ះ (Kompas)​។ អនុ​ប្រធាន​ផ្នែក​គ្រប់​គ្រង​ទូទៅ​របស់​ក្រុម​ហ៊ុន​រ៉ូកេត​សាន លោក​មូរ៉ាត ខឺត​ទូលូស (Murat Kurtulus) ប្រាប់​ថា​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២២​​ឥណ្ឌូ​ណេ​ស៊ី​អនុ​ម័ត​ឱ្យ​ដាក់​ពង្រាយ​មីស៊ីល​ខាន់។

ក្រៅ​ពី​​​តួក​គី​ ​​ឥណ្ឌូណេស៊ី​ជា​ប្រទេស​ដំបូង​គេ​ដែល​មាន​មីស៊ីល​នេះ​ប្រើ​ប្រាស់​។ ​អ្នក​នាំ​ពាក្យ​កង​ទ័ព​ឥណ្ឌូណេស៊ី​ទទួល​ស្គាល់​ថា​​មីស៊ីល​នេះ​​បាន​បញ្ជូន​ពី​តួក​គី​ទៅ​ឱ្យ​ឥណ្ឌូណេស៊ី​ពិត​មែន​​។ លោក​ថា​នេះ​ជា​អាវុធ​ជុំ​ទី​១​ដែល​ក្រសួង​ការ​ពារ​ជាតិ​ឥណ្ឌូ​ណេស៊ី​កុម្ម៉ង់​ទិញ​​ពី​តួក​គី​ និង​មិន​ទាន់​ប្រគល់​សិទ្ធិ​ជា​ផ្លូវ​ការ​ទៅ​ឱ្យ​កង​ទ័ព​ប្រើ​ប្រាស់​នៅ​ឡើយ​ទេ​។​​ ដូច្នេះ​​ព័ត៌​មាន​ដែល​ចុះ​ផ្សាយ​ថា​មាន​ការ​ដាក់​ពង្រាយ​មីស៊ីល​ម៉ាក​ខាន់​នៅ​ខេត្ត​កាលី​ម៉ាន់​តាន់​ខាង​កើត​នោះ​លោក​សូម​មិន​ធ្វើ​អត្ថា​ធិប្បាយ​​​ទេ​។ ម៉្យាង​ទៀត​ លោក​​មិន​បាន​​បញ្ជាក់​លម្អិត​ថា​ឥណ្ឌូណេស៊ី​បាន​ទិញ​មីស៊ីល​នេះ​ប៉ុន្មាន​គ្រឿង និង​​ដាក់​ពង្រាយ​នៅ​កន្លែង​ណា​ខ្លះ​៕​​​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ