ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ប៉ុស្តិ៍​ស្លា​ស្រុក​សំរោង​បើក​ម៉ូតូ​ប្រដេញ​យុវជន​ម្នាក់​ធ្លាក់​ប្រឡាយ​ស្លា.ប់​ព្យាយាម​បិទ​បាំង

32 វិនាទី មុន
  • តាកែវ

ខេត្តតាកែវ​ ៖ រឿងរ៉ាវ​ឧក្រិដ្ឋ​មួយ​បាន​កើតឡើង​នៅ​ព្រលប់​ថ្ងៃ​ទី 9 ខែ សីហា​ឆ្នាំ 2025 ដោយ​ក្រុម​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ស្លា​សហការ​ជាមួយ​នគរបាល​ស្រុក​សំរោង​ខេត្តតាកែវ ដេញ​បង្ក្រាប​ករណី​ក្មេង​សង្ស័យ​ក្នុង​រូបភាព​មិន​ច្បាស់លាស់​មួយ…

ខេត្តតាកែវ​ ៖ រឿងរ៉ាវ​ឧក្រិដ្ឋ​មួយ​បាន​កើតឡើង​នៅ​ព្រលប់​ថ្ងៃ​ទី 9 ខែ សីហា​ឆ្នាំ 2025 ដោយ​ក្រុម​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ស្លា​សហការ​ជាមួយ​នគរបាល​ស្រុក​សំរោង​ខេត្តតាកែវ ដេញ​បង្ក្រាប​ករណី​ក្មេង​សង្ស័យ​ក្នុង​រូបភាព​មិន​ច្បាស់លាស់​មួយ បណ្ដាល​ឲ្យ​យុវជន​រង​គ្រោះ​ស្លាប់​ហើយ​សមត្ថកិច្ច​ទាំងនោះ​បាន​រត់គេច​ខ្លួន ខ្លះ​បិទ​ទូរ​សព្ទ​ដេក​ធ្វើ​មិនដឹង​រឿង​។

ប្រភព​ពី​ក្រុម​គ្រួសារ​បានឱ្យ​អ្នកកាសែត​ដឹង​ថា ក្មេង​រង​គ្រោះ​ឈ្មោះ​សៀង​ដា​វីត ហៅ​ហ៊ុយ​ភេទ​ប្រុស​អាយុ 17 ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មី ឃុំរ​វៀង ស្រុក​សំរោង ខេត្តតាកែវ​រៀន​នៅ​វិទ្យាល័យ​ស្លា​រម បាន​ឌុ​ប​មិត្ត​ភ​ក្កិ​ដើរ​លេង​ពេល​ចេញពី​សាលា​។ ពេល​នោះ​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ស្លា​ និង​សហការី​ម៉ូតូ​៣​គ្រឿង​បាន​ប្រដេញ​យុវជន​ទាំងនោះ​តាម​បណ្ដោយ​ផ្លូវលំ រហូត​ដល់​ធ្វើ​ឲ្យ​ម៉ូតូ​ក្មេង​រង​គ្រោះ​បែក​កង់​។ យ៉ាងណា​ក៏​ដោយ​ក្មេង​រង​គ្រោះ​បាន​ព្យាយាម​ជិះ​ម៉ូតូ​ទាំង​បែក​កង់ ហើយ​សមត្ថកិច្ច​នៃ​យើង ក៏​បាន​ព្យាយាម​ស្រែក​ប្រដេញ​តាម​ពីក្រោយ​រហូត​ដល់​ក្មេង​នោះ​ធ្លាក់ ក្នុង​ប្រឡាយ​អូរ​អណ្ដូង​ឋិត​នៅ​ក្នុង​ឃុំរ​វៀង​បណ្ដាល​ឱ្យ​ស្លាប់​ក្នុង​រណ្ដៅ​ប្រឡាយ​ទឹក​នោះ​ទៅ​។

អ្នកស្រី ស្រ៊​ន ចាន់​ទី ម្ដាយ​យុវជន​រង​គ្រោះ​បាន​​និយាយក្នុងពិធីបុណ្យសពកូន​របស់​ខ្លួន​នា​ព្រឹក​ថ្ងៃ​ទី 10 ខែសីហា​ឆ្នាំ 2025 នេះ​ថា អ្នកស្រី​បាន​ដាច់​ការ​ទាក់ទង​ជាមួយ​កូនប្រុស​នៅ​វេលា​ម៉ោង 7:00 យប់​ថ្ងៃ​ទី 9 ខែ សីហា​រហូត​ដល់​ម៉ោង 9​និង 30 នាទី​យប់​ទើប​មាន​នគរបាល​ដែល​មាន​លំនៅ​ជិតខាង​មក​ប្រាប់​ថា​កូន​អ្នកស្រី​បាន​ស្លាប់​ហើយ​។ នៅ​ពេល​ដែល​អ្នកស្រី​ទៅ​ដល់ទី​កន្លែង គ្រោះថ្នាក់​នោះ គឺ​ឃើញ​សព​កូនប្រុស​របស់​ខ្លួន​ត្រូវ​គេ​លើក ដាក់​លើ​កន្ទេល​នៅ​ក្បែរ​ប្រឡាយ​នោះ​ទៅ​ហើយ មិនឃើញ​មាន​សមត្ថកិច្ច​នៅ​ទីនោះ​ទេ​។

អ្នកស្រី​បាន​និយាយ​ថា នៅ​ពេល​ដឹក​សព​កូន​មក​ដល់​ផ្ទះ​មាន​សមត្ថកិច្ច​នគរបាល​ស្រុក​សំរោង ដឹកនាំ​ដោយ​លោក​អធិការរង​សួ​ស វណ្ណៈ បាន​មក​បង្ខំ​ឱ្យ​​អ្នកស្រី​ផ្ដិត​មេដៃ​លើ​ក្រដាស​ស​១​សន្លឹក ដោយ​មិន​បញ្ជាក់​អំពី​មូលហេតុ​អ្វី​ឡើយ​។ ក្នុង​ពេល​ដែល​អ្នកស្រី​កំពុង​វ៉​ល់​វ៉ក់ និង​មានទុក្ខ​ជា​ទម្ងន់​នេះ ក៏​បាន​ផ្ដិត​មេដៃ​ឲ្យ​ក្រុម​មន្ត្រី​នគរបាល​ទាំងនោះ​លើ​ក្រដាស​ស​នោះ​ទៅ​។

អ្វី​ដែល​គួរ​ឲ្យ​សោកស្ដាយ​ចំពោះ​ទ​ង្វើ​ដ៏​ឧក្រិដ្ឋ​នេះ​មួយ​ជាន់​ទៀត​នោះ​គឺ​នៅ​ពេល​ដែល​រឿងរ៉ាវ​បាន​កន្លង​ផុត​ទៅ​នា​ព្រឹក​ថ្ងៃ​ទី 10 ខែសីហា​ឆ្នាំ 2025 នេះ​គេ​មិនឃើញ​មាន​សមត្ថកិច្ច​នគរបាល​ស្រុក​សំរោង​ក៏​ដូច​ជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្លា មក​ចូលរួម​ក្នុង​ពិធី​បុណ្យសព​យុវជន​ដែល​រង​គ្រោះ​នេះ​ទេ​។

លោក​ភី ឆុ​ន អធិការ​នគរបាល​ស្រុក​សំរោង បាន​បញ្ជាក់​ប្រាប់​អ្នកកាសែត​ថា កម្លាំង​ជំនាញ​របស់​លោក​កំពុងធ្វើការ និង​ស៊ើបអង្កេត​រឿង​នេះ ហើយ​ក៏​បាន​បិទ​ទូរ​សព្ទ​យ៉ាង​តក់ក្រហល់​។

គូ​បញ្ជាក់​ដែរ​ថា នៅ​គ្រា​ដែល​សមត្ថកិច្ច​នគរបាល​ស្រុក​សំរោង​ហាក់ដូចជា​ធ្វើ​មិនដឹងមិនឮ​កំពុង​ដេក​ភ័យ​ញ័រ​ខ្លួន​នោះ
សាក្សី​ម្នាក់​ដែល​ជិះ​ម៉ូតូ​ខាងក្រោយ​ជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​សំរោង ហៅ​ទៅ​សួរនាំ​និង​បំភ្លឺ​រួច​ហើយ​ដែរ​។

អ្វី​ដែល​ធ្វើ​ឲ្យ​មហាជន​ខ្លោចផ្សារ និង​មើលឃើញ​អំពី​អំពើ​ឃោរឃៅ​ព្រៃផ្សៃ របស់​ក្រុម​មន្ត្រី​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​ស្លា​ក៏​ដូច​ជា​កម្លាំង​នគរបាល​អធិការ​ដ្ឋា​នគរបាល​ស្រុក​សំរោង​ធ្វើ​នោះ​គឺ​នៅ​ពេល​ដែល​យុវជន​ខាងលើ​បាន​ស្លាប់​ទៅ​ហើយ​មិនឃើញ​មាន​មន្ត្រី​នគរបាល​ណា​ម្នាក់​មក​សួរនាំ​នោះ​ឡើយ​។ ប្រជាពលរដ្ឋ​ក៏​ដូច​ជា​យុវជន​ជា​មិត្ត​ភ​ក្កិ​ក្មេង​រង​គ្រោះ ដែល​ចូលរួម​បុណ្យសព​និយាយ​ថា យុវជន​ខាងលើ​គឺជា​ក្មេង​ស្លូតបូត មិន​ដែល​មាន​បញ្ហា​អ្វី​នៅ​ក្នុង​សង្គម​និង​ក្នុង​ចំណោម​មិត្ត​ភ​ក្តិ​នោះ​ឡើយ​។

ប្រជាពលរដ្ឋ​ខ្សឹបខ្សៀវ​ថា មន្ត្រី​នគរបាល​ប៉ុស្តិ៍​ស្លា​ក៏​ដូច​ជា​នគរបាល​ស្រុក​សំរោង​តែងតែ​ធ្វើ​យ៉ាង​ដូច្នេះ​តាម​រយៈ​អ្វី​ដែល​គេ​ហៅ​ថា​គាបស៊ី​ទៅ​លើ​យុវជន​ដែល​ជិះ​ម៉ូតូ​លឿន​ៗ​ ។​

ប្រជាពលរដ្ឋ​សង្ឃឹមថា​ក្រសួងមហាផ្ទៃ​ក៏​ដូច​ជា​អគ្គស្នងការ​នគរបាល​ជាតិ និង​បើក​ការ​ស៊ើបអង្កេត​ចំពោះ​ករណី​មួយ​នេះ​ដើម្បី​ដើម្បី​ផ្ដល់​យុត្តិធម៌​ជូន​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ ។​

ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ