រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ថា នៅពេលនេះ ក្រុមអនុព័ន្ធយោធាបរទេសប្រចាំនៅកម្ពុជាចំនួន៩ប្រទេស កំពុងធ្វើដំណើរចុះពិនិត្យដល់ទីតាំងជាក់ស្តែងដែលរងការបំផ្លិចបំផ្លាញពីកងកម្លាំងយោធាថៃ ។

លោក ជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជាបានថ្លែងថា៖« នៅពេលនេះយើងមានដំណើរទស្សនកិច្ចរបស់ក្រុមអនុព័ន្ធយោធាបរទេសចុះទៅកាន់ទីតាំងដែលរងផលប៉ះពាល់ដោយជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃ ក្នុងនោះមានក្រុមអនុព័ន្ធយោធាបរទេសប្រចាំនៅកម្ពុជា MACPP ចំនួន៩ ប្រទេសកំពុងធ្វើដំណើរចុះពិនិត្យដល់ទីតាំងជាក់ស្តែងដែលរងការបំផ្លិចបំផ្លាញដោយការទម្លាក់គ្រប់បែក MK-84 និងគ្រាប់ផ្លោងដោយមិនរើសគោលដៅ ពីកងកម្លាំងយោធាថៃមកលើផ្ទះសម្បែងប្រជាពលរដ្ឋ សាលារៀន មណ្ឌលសុខភាពនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ» ។

ការថ្លែងរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា យ៉ាងដូច្នេះ ក្នុងឱកាសធ្វើសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី ។

លោកជំទាវអ្នកនាំពាក្យបានគូសបញ្ជាក់ថា បេសកកម្ម និងសកម្មភាពនៃដំណើរទស្សនកិច្ចរបស់ក្រុមអនុព័ន្ធយោធាបរទេសចុះទៅកាន់ទីតាំងដែលរងផលប៉ះពាល់ដោយជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃនេះ គឺកើតចេញពីលទ្ធផលបន្តនៃកិច្ចប្រជុំពិសេស និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនកម្ពុជា ថៃ (GBC) កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ ដែលបានឯកភាពគ្នាក្នុងការអនុវត្តឱ្យបានពេញលេញនូវការឈប់បាញ់ដែលសម្រេចបាន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ។

ជាមួយគ្នានោះដែរ លោកជំទាវអ្នកនាំពាក្យបានលើកឡើងថា គិតចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៧:៥០ព្រឹក ក្រោយបទឈប់បាញ់ភ្លាមៗ ដែលកងកម្លាំងកម្ពុជា ត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់ មកទល់នឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥នេះ មានរយៈពេល ១២ថ្ងៃហើយ ។
កម្ពុជាស្នើឱ្យភាគីថៃឆាប់បញ្ជូនកងកម្លាំងរបស់យើងទាំង១៨រូបឱ្យត្រលប់មកវិញជាបន្ទាន់ ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ និងស្របទៅនឹងការអំពាវនាវដ៏ទទូចរបស់បណ្តាប្រទេសដៃគូ និងស្ថាប័នអន្តរជាតិជាច្រើន៕

ចែករំលែកព័តមាននេះ