ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ការ​ដែល​មេដឹកនាំ​និង​ប្រជាពលរដ្ឋ​កម្ពុជា​គាំទ្រ​បេក្ខភាព​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូ​ណា​ល់ ត្រាំ សម្រាប់​ពានរង្វាន់​ណូបែល​សន្តិភាព​គឺជា​រឿង​ដាច់​ដោយឡែក​ពី​រឿង​ភូមិសាស្ត្រ​នយោបាយ ក៏​ដូច​ជា​គោលនយោបាយ​ការ​បរទេស​របស់​កម្ពុជា ។ ក្រោយ​ពេល​ដែល​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​សរសេរ​លិខិត​ជា​ផ្លូវការ​នៅ​ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា…

ការ​ដែល​មេដឹកនាំ​និង​ប្រជាពលរដ្ឋ​កម្ពុជា​គាំទ្រ​បេក្ខភាព​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូ​ណា​ល់ ត្រាំ សម្រាប់​ពានរង្វាន់​ណូបែល​សន្តិភាព​គឺជា​រឿង​ដាច់​ដោយឡែក​ពី​រឿង​ភូមិសាស្ត្រ​នយោបាយ ក៏​ដូច​ជា​គោលនយោបាយ​ការ​បរទេស​របស់​កម្ពុជា ។

ក្រោយ​ពេល​ដែល​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​សរសេរ​លិខិត​ជា​ផ្លូវការ​នៅ​ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា ផ្ញើរ​ជូន​សមាជិក​គណកម្មការ​វាយតម្លៃ​បេក្ខភាព​សម្រាប់​ពានរង្វាន់​ណូបែល​សន្តិភាព កាលពី​ថ្ងៃ​ទី ០៧ ខែសីហា ឆ្នាំ​២០២៥ បញ្ជាក់​អំពី​ការ​គាំទ្រ​បេក្ខភាព លោក ត្រាំ សម្រាប់ តំណែង​នេះ មានការ​វិភាគ​ថា កម្ពុជា​អាច​នឹង​កែសម្រួល​ជំហរ​គោល​នយោ​បាយ​ការ​បរទេស និង ភូមិសាស្ត្រ​នយោបាយ​ខ្លះ​ៗ​។

ទស្សនៈ​បែប​នេះ​គឺជា​ទស្សនៈ​នយោបាយ​ខុស​ទាំងស្រុង ពីព្រោះ​ថា ការ​បញ្ជាក់​នូវ​ការ​គាំទ្រ​បេក្ខ​ភាព ន​ណា​ម្នាក់​ជា​ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព​នេះ គឺ​មិន​ពាក់ព័ន្ធ​នឹង​នយោបាយ​ឡើយ ។ វា​គឺជា​ការ​បញ្ជាក់​នូវ​ការ​គាំទ្រ​ត្រឹមតែ​ជា​ទស្សនៈ​និង​សកម្មភាព​របស់​បុគ្គល​ដែល​មាន​ភាព​ស័ក្តិសម​សម្រាប់ គណកម្មការ​ពានរង្វាន់​ណូបែល​សន្តិភាព​ធ្វើ​ជា​មូលដ្ឋាន​ដើម្បី​ពិចារណា​ប៉ុណ្ណោះ​។

រឿង​ពានរង្វាន់​ណូបែល​និង​គោលនយោបាយ​ជាតិ​គឺ​វា​ផ្ទុយ​គ្នា ហើយ មក​ដល់​ពេល​នេះ បុគ្គល​ដែល​បាន​ទទួល​ពានរង្វាន់​នេះ​គឺ​មិន​ផ្តោត​លើ​គោលនយោបាយ​ឡើយ គឺ​ផ្តោត​តែ​នៅ​លើ សកម្មភាព និង កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​បុគ្គល ដែល​ពុះពារ​គ្រប់​ឧបសគ្គ​ដើម្បី​បុព្វហេតុ​សន្តិភាព ។

ពានរង្វាន់​ណូបែល​សន្តិភាព​នេះ ត្រូវ​បាន​គេ​ដឹង​ថា គឺជា​ពានរង្វាន់​១​នៅ​ក្នុង​ចំណោម​ពានរង្វាន់​ណូបែល​៥ ដែល​រួម​បញ្ចូល​ទាំង ពានរង្វាន់​ណូបែល​ផ្នែក​រូបវិទ្យា ណូបែល​គីមីវិទ្យា ណូបែល​សរីរវិទ្យា​ឫ​វេជ្ជសាស្ត្រ និង​ពានរង្វាន់​អក្សរសាស្ត្រ ។

ពានរង្វាន់​ណូបែល​ទាំងនេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក អាល់​ហ្វ្រេ​ត ណូបែល ( Alfred Nobel)​ដែល​ជា​អ្នក​គីមី​វិទូ​ក៏​ដូច​ជា​វិស្វករ​និង​ជា​ពាណិជ្ជករ​ដ៏​ល្បី​នៅ​ប្រទេស​អ៊ុយ​អែ​ត នា​ខែមីនា ហើយ​បាន​ប្រកាស​ជ័យ​ភាគី​ដំបូង​បំផុត​នៅ​ខែធ្នូ ឆ្នាំ​១៩០១ ។ មក​ដល់​ពេល​នេះ ពានរង្វាន់​សន្តិភាព​សរុប ១៤២ ពាន​ត្រូវ​បាន​ផ្តល់​ជូន​បុគ្គល​ជា​លក្ខណៈ​ឯកត្តជន​ចំនួន​១១១ រូប ហើយ​ស្ថាប័ន​គឺ​មាន​៣១ ស្ថាប័ន ។

នៅ​ក្នុង​ចំណោម​នោះ​គឺ​មាន​ប្រធានាធិបតី​សហរដ្ឋអាមេរិក​៤ នាក់​រួច​មក​ហើយ​ដែល​ទទួល​ពានរង្វាន់​នេះ គឺ​ទី​មួយ​លោក ថេ​ឌ័​រ រ៉ូ​សឺ​វែ​ល (Theodore Roosevelt) ដែល​បាន​ទទួល​នា​ឆ្នាំ​១៩០៦ ដោយនៅ​ពេល​នោះ លោក​ជា​ប្រធានាធិបតី​អា​មេ​រិ​ក​ទី​២៦ ដែល​ព្យាយាម​សម្របសម្រួល​សង្គ្រាម​រុ​ស្ស៊ី​និង​ជប៉ុន​នា​សម័យ​កាលនោះ ។

ប្រធានាធិបតី​អា​មេ​រិ​ក​ទី​២ គឺ លោក វូ​ឌ្រូ​វ វៀល​សុ​ន (Woodrow Wilson) ប្រធានាធិបតី​ទី​២៨ ដោយសារ​តែ​លោក​ជា​ស្ថាបនិក​សម្ព័ន្ធ​ប្រជាជាតិ ឫ​អាច​ហៅ​ថា ជា​អង្គការសហប្រជាជាតិ​ទី​១ បន្ទាប់​ពី​សង្គ្រាមលោក​លើក​ទី​១​ដោយ​លោក​ទទួល​នា​ឆ្នាំ​១៩១៩ ។ ប្រធានាធិបតី​អា​មេ​រិ​ក​ទី​៣ គឺ​លោក ប្រធានាធិបតី ជី​មមី ខា​ធ័​រ (Jimmy Carter) ប្រធានាធិបតី​ទី ៣៩ កាលពី​ឆ្នាំ​២០០២ ដោយសារ​តែ​លោក​បាន​ធ្វើការ​មិន​ចេះ​នឿយហត់ នឹង​កិច្ចការ​សន្តិភាព ប្រជាធិបតេយ្យ និង សិទ្ធិ​មនុស្ស​តាម​របស់​មជ្ឈមណ្ឌល​ខា​ធ័​រ ដែល​លោក​បាន​បង្កើត​ក្រោយ​ពេល​លោក​ចាក​ចេញពី​សេត​វិមាន ។

ដោយឡែក ​ប្រធានាធិបតី​ទី​៤ គឺ លោក បា​រ៉ា​ក់ អូ​ប៉ា​ម៉ា នា​ឆ្នាំ​២០០៩ ដោយសារ​តែ​លោក​បាន​ខិតខំ​លើកកម្ពស់​នយោបាយ​ការទូត​អន្តរជាតិ និង សហប្រតិបត្តិការ​រវាង​ប្រជាជន​និង​ប្រជាជន ចាប់​តាំងពី​លោក​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី ។

សម្រាប់​លោក ត្រាំ អាច​នឹង​ក្លាយជា​បេក្ខភាព​ណូបែល​សន្តិភាព​មួយ​ដ៏​ស័ក្តិសម ហើយ​នៅ​ក្នុង​នោះ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​រៀបរាប់​នៅ​ក្នុង​លិខិត​នោះ​ថា លោក ត្រាំ ដែល​ជា​ប្រធា​នាធិបតី​ទី ៤៥ និង ទី ៤៧ របស់​សហរដ្ឋអាមេរិក​ដែល​មានការ​គិតគូរ និង​យកចិត្តទុកដាក់​បំផុត​ចំពោះ​សន្តិភាព​។

សម្តេច​ធិ​បតី​បាន​លើក​ឡើង​ថា ស្រប​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅប្រទេស និង​ដើម្បី​ជា​ការ​ថ្លែងអំណរគុណ​ចំពោះ​លោក​ប្រធានាធិបតី​ត្រាំ ដែល​លោក​បាន​យកចិត្តទុកដាក់​ដោយ​ផ្ទាល់ ក្នុង​ការ​ផ្ដួចផ្ដើម​និង​ជំរុញ​ឲ្យ​មាន​បទ​ឈប់​បាញ់​គ្នា​រវាង​កងទ័ព​កម្ពុជា​និង​កងទ័ព​ថៃ និង​បាន​បន្ត​តាមដាន​ការ​អនុ​វត្តបទ​ឈប់​បាញ់​រហូត​ដល់​មាន​សន្តិភាព​ពេញលេញ​រវាង​ប្រទេស​ទាំង​ពីរ ទើប​សម្តេច​ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ញើ​លិខិត​ជា​ផ្លូវការ​ទៅ​គណៈកម្មការ​ពានរង្វាន់​ណូបែល​សន្តិភាព ដើម្បី​គាំទ្រ​បេក្ខភាព​លោក ប្រធានាធិបតី​ត្រាំ សម្រាប់​ពានរង្វាន់​ណូបែល​សន្តិភាព​នេះ​តែ​ម្តង​។

មក​ដល់​ពេ​លេ​នេះ សម្តេច​ធិ​បតី អាច​ជា​មេដឹកនាំ​ប្រទេស​មួយ​នៅ​ក្នុង​ចំណោម​ប្រទេស​បី ដែល​គាំទ្រ បេក្ខភាព​សម្រាប់​ពានរង្វាន់​ណូបែល​សន្តិភាព ដោយនៅ​ក្នុង​នោះ គឺ​មាន​អ៊ី​ស្រា​អែ​ល និង​ប៉ា​គី​ស្ថាន ។ សម្តេច​ធិ​បតី​បាន​លើក​ឡើង​ថា ភាព​ជា​រដ្ឋបុរស​ដ៏​វិសេសវិសាល​របស់​ប្រធានាធិបតី ត្រាំ ដែល​ត្រូវ​បាន​សម្គាល់​ដោយ​ការ​ប្តេជ្ញា​ចិត្ត​របស់​លោក​ក្នុង​ការ​ដោះស្រាយ​ជម្លោះ និង​ការ​ការពារ​សង្គ្រាម​មហន្តរាយ​តាម​រយៈ​ចក្ខុវិស័យ និង​ការទូត​ប្រកបដោយ​ភាព​ច្នៃប្រឌិត ។

សម្តេច​ធិ​បតី​បាន​លើក​ឡើង​ទៀត​ថា ថ្មី​ៗ​នេះ​លោក​ត្រាំ​បាន​បង្ហាញ​នូវ​តួនាទី​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​បំបែក​បទ​ឈប់​បាញ់​ភ្លាម​ៗ និង​គ្មាន​លក្ខខណ្ឌ​រវាង​កម្ពុជា និង​ថៃ​។ អន្តរាគមន៍​ទាន់​ពេលវេលា​នេះ​ហើយ​ដែល​បញ្ចៀស​ជម្លោះ​ដែល​អាច​បំផ្លិចបំផ្លាញ​បាន គឺ​មាន​សារៈសំខាន់​ក្នុង​ការ​ទប់ស្កាត់​ការ​បាត់បង់​អាយុជីវិត​យ៉ាងច្រើន និង​ត្រួសត្រាយ​ផ្លូវ​ឆ្ពោះទៅ​រក​ការ​ស្ដារ​ឡើង​វិញ​នូវ​សន្តិភាព​រវាង​ប្រទេស​ទាំង​ពីរ​។

នេះ​គ្រាន់តែ​ជា​ឧទាហរណ៍​មួយ​នៃ​សមិទ្ធិ​ផល​ពិសេស​របស់​លោក​ប្រធានាធិបតី ត្រាំ ក្នុង​ការ​បន្ថយ​ភាព​តានតឹង​នៅ​ក្នុង​តំបន់​មួយ​ចំនួន​នៃ​ពិភពលោក​ដែល​មានការ​ប្រែប្រួល​ខ្លាំង​បំផុត​។ ការ​ស្វែងរក​សន្តិភាព​ជាប់លាប់​របស់​លោកតា​មរយៈ​ទំនាក់ទំនង​ការទូត​គឺ​សម​ស្រប​នឹង​ចក្ខុវិស័យ​របស់​លោក អាល់​ហ្វ្រេ​ត ណូបែល ដែល​ផ្តល់​កិត្តិយស​ដល់​អ្នក​ដែល​បាន​ចូលរួម​ចំណែក​ដ៏​ឆ្នើម​ចំពោះ​ភាត​រភាព​អន្តរជាតិ និង​ការ​រីក​ចម្រើន​នៃ​សន្តិភាព​។

សរុប​ទៅ​នៅ​ក្នុង​ក្រសែភ្នែក​ពលរដ្ឋ​កម្ពុជា​ដែល​កំពុង​តែ​ស្រលាញ់​សន្តិភាព​ហើយ​ដល់​ពេល​ដែល​លោក​ត្រាំ​មក​បង្ហាញ​គោល​ជំហរ​សន្តិភាព​ភ្លាម​ៗ ពលរដ្ឋ​កម្ពុជា​ពិតជា​ស្វាគមន៍​និង​អបអរ​ប្រសិន​បើ​លោក​ឈ្នះ​ពានរង្វាន់​នេះ​មែន ប៉ុន្តែ​ចំពោះ​បញ្ហា​គោលនយោបាយ​ការ​រប​ទេស​របស់​កម្ពុជា​វិញ​គឺ​មិន​មាន​ទឡ្ហីករណ៍​ណា មួយ​ដែល​បង្ហាញ​នូវ​ការ​ប្រែប្រួល​នៅឡើយ។ មក​ដល់​ពេល​នេះ​កម្ពុជា​នៅ​តែ​រក្សា​គោល​ជំហរ​ការទូត​ដដែល​ពោល​គឺ​សាកល​ភាវូបនីយកម្ម និង​ពហុភាគី​និយម​តាម​គោល​ការណ៍​ពង្រឹង​មិត្តភាព​ជាមួយ​បណ្តា​ប្រទេស​ដែល​មាន​ស្រាប់ និង ពង្រីក​រក​មិត្តភាព​ថ្មី​ៗ ដោយ​មិន​ប្រកាន់​ប្រទេស​នោះ​មាន​ឫ​ក្រ​ធំ​ឫ​តូច​ឡើយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ