ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ធម្មនុញ្ញ​បាន​ប្រកាស កាលពី​ថ្ងៃ​ពុធ​ថា ខ្លួន​នឹង​ប្រកាស​សាលក្រម​លើ​ករណី​ជោគវាសនា​លោកស្រី នាយក​រដ្ឋមន្ត្រី ផៃ​ថង​ថា​ន ស៊ី​ណា​វ៉ា​ត្រា នៅ​ថ្ងៃ​ទី​២៩ ខែសីហា​ខាង​មុខ ពាក់ព័ន្ធ​នឹង​សំណុំរឿង​ស្តង់ដារ​សីលធម៌ ដោយសារ​ការ​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​សម្តេច​តេ​ជោ…

តុលាការ​ធម្មនុញ្ញ​បាន​ប្រកាស កាលពី​ថ្ងៃ​ពុធ​ថា ខ្លួន​នឹង​ប្រកាស​សាលក្រម​លើ​ករណី​ជោគវាសនា​លោកស្រី នាយក​រដ្ឋមន្ត្រី ផៃ​ថង​ថា​ន ស៊ី​ណា​វ៉ា​ត្រា នៅ​ថ្ងៃ​ទី​២៩ ខែសីហា​ខាង​មុខ ពាក់ព័ន្ធ​នឹង​សំណុំរឿង​ស្តង់ដារ​សីលធម៌ ដោយសារ​ការ​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​សម្តេច​តេ​ជោ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា ។

កាលពី​ម្សិលមិញ មាន​សេចក្តីរាយការណ៍​ថា តំណាងរាស្ត្រ​នៃ​គណបក្ស​ភឿ​ថៃ​សុំ​ឲ្យ​តុលាការ​ធម្មនុញ្ញ​របស់​ប្រទេស​នេះ ពន្យារពេល​ប្រកាស​សាលក្រម​លើ​លោកស្រី​នាយក​រដ្ឋមន្ត្រី​ថៃ​រូប​នេះ ។
គ្មាន​នរណា​ដឹង​ថា តើ​តុលាការ​ធម្មនុញ្ញ​ថៃ​នឹង​សម្រេច​យ៉ាងណា​នោះ​ទេ ។ ប៉ុន្តែ​អ្វី​ដែល​គេ​ដឹង គឺថា​កន្លង​មក​គណបក្ស​ភឿ​ថៃ​បាន​បាត់បង់​អំណាច​ជា​ច្រើន​ដង​រួច​មក​ហើយ គឺ​ក្រោម​ស្នាដៃ​របស់​តុលាការ​ធម្មនុញ្ញ​នេះ ពោល គឺ​តាំងពី​ក្រោយ​ពេល​ដែល​លោក ថា​ក់​ស៊ី​ន ស៊ី​ណា​វ៉ា​ត្រា ត្រូវធ្វើ​រដ្ឋប្រហារ​ទម្លាក់ កាលពី​ឆ្នាំ​២០០៦ មក​នោះ ។

នាយក​រដ្ឋមន្ត្រី​ថៃ ដែល​ឡើង​កាន់​អំណាច​ក្រោម​ស្រមោល​លោក ថា​ក់​ស៊ី​ន ៥​រូប​បាន​បាត់បង់​អំណាច​ជា​បន្តបន្ទាប់​ក្រោម​ដៃ​របស់​តុលាការ​ធម្មនុញ្ញ​ថៃ ដែល​រួម​មាន លោក សា​ម៉ាក់ ស៊ុន​ដា​រ៉ា​វេ (Samak Sundaravej)​ដែល​កាន់​តំណែង​ពី​ខែមករា ដល់​ខែកញ្ញា ឆ្នាំ​២០០៨ ។ ក្រោយមក​គឺ​លោក ស៊ុម​ឆៃ វង្ស​សាវ៉ា​ត (Somchai Wongsawat) ពី​ខែកញ្ញា​ដល់​ខែធ្នូ ឆ្នាំ​២០០៨ ។ លោកស្រី យី​ង​ឡាក់ ស៊ី​ណា​វ៉ា​ត្រា (Yingluck Shinawatra) ពី​ខែសីហា ឆ្នាំ​២០១១ ដល់ ខែឧសភា ឆ្នាំ​២០១៤ ។ ហើយ​បន្ទាប់​មក គឺ លោក ស្រ៊ី​ថា ថា​វេ​ស៊ី​ន (Srettha Thavisin) ពី​ខែសីហា ឆ្នាំ​២០២៣ ដល់​ខែសីហា ឆ្នាំ​២០២៤ ។

នៅ​ក្នុង​ករណី​ដែល​លោកស្រី ផៃ​ថង​ថា​ន អាច​មាន​លទ្ធភាព​កាន់​បាន​ត្រឹមតែ​ពី​ខែសីហា ឆ្នាំ​២០២៤ ដល់​ត្រឹម​ខែកក្កដា ឆ្នាំ​២០២៥ តើ​នរណា​អាច​នឹង​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ថៃ​បន្ទាប់ ? តើ​នាយក​រដ្ឋមន្ត្រី​ស្តីទី ភូម​ថាំ វិ​ឆា​យ៉ា​ឆែ (Phumtham Wechayachai) អាច​ឡើង​បាន​ទេ ?

សម្រាប់​លោក ភូម​ថាំ គឺ​អាច​បាន​ត្រឹម​នាយក​រដ្ឋមន្ត្រី​ស្តីទី ដោយសារ​តែ​នៅ​ក្នុង​បក្ស​ភឿ​ថៃ បេក្ខជន​ដែល​លោក ថា​ក់​ស៊ី​ន សំឡឹង មើល​ពិតប្រាកដ នៅ​ពេល​កូនស្រី​អស់អំណាច គឺ​លោក ឆៃ​កា​សេ​ម នី​ធី​ស៊ី​រី (Chaikasem Nitisiri) ដែល​ជា​អ្នក​ច្បាប់​ថៃ​វ័យ​៧៦​ឆ្នាំ ហើយ​ជា​អតីតរដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ សម័យ​លោកស្រី យី​ង​ឡាក់ ។ លោក ភូម​ថាំ នៅ​ពេល​នេះ​កំពុង​តែ​មានរឿង​អាស្រូវ ផ្នែក​តុលាការ​ដែល​ពាក់ព័ន្ធ​រឿង​បញ្ហា​ដីធ្លី ហើយ​រឿង​នោះ​ក៏​មិនតូច​ដែរ ។

បេក្ខជន​បន្ទាប់​អាច​ជា​លោក អា​នុ​ទិន ឆាន​វីរ​គុល (Anutin Charnvirakul) ប្រធាន​គណបក្ស​ភូមិ​ចៃ​ថៃ ដែល​ធ្លាប់​ជា​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​មហាផ្ទៃ​ក្នុង​រដ្ឋាភិបាលចម្រុះ​កន្លង​មក ប៉ុន្តែ​លោក​បាន​លាលែង​ពី​តំណែង ។ លទ្ធភាព គឺ​លោក​អាច​នឹង​ចាប់ដៃ​ជាមួយនឹង​គណបក្ស ប្រជាជន​ថៃ ដែល​ជា​គណបក្សប្រឆាំង ដើម្បី​កាន់កាប់​រដ្ឋាភិបាល​បណ្តោះ​អាស​ន្ត​ឫ​ក៏​រដ្ឋាភិបាលចាំផ្ទះ​ថៃ ។

ដោយឡែក​បេក្ខជន​ដែល​មិន​អាច​មើល​ស្រាល​ដែរ​នោះ គឺ​អតីត​មេ​យោធា​ថៃ ដែល​ធ្វើ​រដ្ឋប្រហារ​ហើយ​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ថៃ​ជិត​៩​ឆ្នាំ ពោល គឺ​ពី​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០១៤ ដល់ ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២៣ គឺ​លោក ប្រា​យុទ្ធ ចាន់​អ៊ូ​ចា (Prayut Chan-0-cha)​។
លោក ប្រា​យុទ្ធ មិនមែន​ជា​មេដឹកនាំ​ដែល​មាន​ប្រជាប្រិយភាព​ទេ​នៅ​ថៃ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ លោក​ជា​មេដឹកនាំ​ដែល​កាន់​អំណាច​យូរ​ជាងគេ​ចាប់តាំងពី​ឆ្នាំ​២០០៦​មក ។ មក​ដល់​ពេល​នេះ​ថ្វី​ត្បិត​តែ លោក​មិន​ទទួល​ការ​គាំទ្រ​ពី​ពលរដ្ឋ​ថៃ​ដែល​ជា​ម្ចាស់​សន្លឹក​ឆ្នោត​ច្រើន​ក៏​ដោយ ប៉ុន្តែ​ឥទ្ធិពល​នយោបាយ​នៅ​ក្នុង​ប្រទេស​នៅ​តែ​មាន​។

អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់ នៅ​ក្នុង​រយៈពេល​ដែល​លោក​ដឹកនាំ ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ជាមួយនឹង​ប្រទេស​នៅ​ក្នុង​តំបន់ គឺ​ហាក់​មាន​ភាព​ប្រសើរ ហើយ​ចលនា​ជាតិនិយម​នៅ​ក្នុង​ប្រទេស​ថៃ​ក៏​ស្ងប់ស្ងាត់ គ្មាន​ការ​ចាក់រុក គ្មាន​ការ​ឆ្កឹះ​រំខាន ដែល​នាំ​ឲ្យ​ទំនាក់​ទំនាក់​ជាមួយនឹង​ប្រទេស​ជិតខាង គឺ​មាន​តែ​កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​ច្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ