នៅក្នុងឱកាសដែលយើងប្រារព្ធពិធីបុណ្យកាន់បិណ្ឌហើយនឹងពិធីបុណ្យភ្ជុំបិណ្ឌចាប់ពីថ្ងៃទី ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃច័ន្ទទី០៨ ដល់ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៥ ប្រជាពលរដ្ឋយើងភាគច្រើននឹងជ្រះថ្លាធ្វើម្ហូបចំណីនិងទេយ្យទានផ្សេងៗទៅប្រគេនព្រះសង្ឃដើម្បីឧទ្ទិសកុសលផលបុណ្យដល់ញាតិកាលទាំង៧សន្តាន។…
នៅក្នុងឱកាសដែលយើងប្រារព្ធពិធីបុណ្យកាន់បិណ្ឌហើយនឹងពិធីបុណ្យភ្ជុំបិណ្ឌចាប់ពីថ្ងៃទី ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃច័ន្ទទី០៨ ដល់ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៥ ប្រជាពលរដ្ឋយើងភាគច្រើននឹងជ្រះថ្លាធ្វើម្ហូបចំណីនិងទេយ្យទានផ្សេងៗទៅប្រគេនព្រះសង្ឃដើម្បីឧទ្ទិសកុសលផលបុណ្យដល់ញាតិកាលទាំង៧សន្តាន។ ប៉ុន្តែឆ្នាំនេះយើងគួរកែទម្លាប់បន្តិច ក្រែងព្រះសង្ឃព្រះអង្គងាយ ស្រួលនឹងបន្តធ្វើទានបន្តដល់ជាតិនិងមាតុភូមិនៃយើង ។
ជាការពិត នៅក្នុងរយៈពេល១៥ថ្ងៃនេះ ពុទ្ធិបរិស័ទដែលជ្រះថ្លាគឺបានដាក់វេនគ្នាធ្វើម្ហូបអាហារដើម្បីប្រគេនព្រសង្ឃនិងពិធីផ្សេងៗនៅវត្តដែលខ្លួនជាជ្រះថ្លា ហើយអ្នកខ្លះទៀតក៏ធ្វើម្ហូបអាហារផ្សេងៗយកទៅប្រគេនព្រះសង្ឃបន្ថែមដែរ ។ មួយរយៈពេលនេះ ព្រះសង្ឃភាគច្រើននឹងមានចង្ហាន់បរិបូរណ៍ ហើយអាចនឹងលើសផងដែរ។ ដូច្នេះហើយ ព្រះសង្ឃនៅវត្តជាច្រើនក៏បានផ្តួចផ្តើមធ្វើទានបន្តចែកជូនញាតិនៅក្នុងភូមិ ជាពិសេសគឺ ទុរគតជន និង អស់អ្នកដែលគ្មានទីពឹងអាស្រ័យ ។
ដោយជាទូទៅ យើងតែងតែឃើញនៅក្នុងអំឡុងពេលនេះអាហារ ជាបាយ សម្លរ បង្អែម នំ វាច្រើនពេក ចាត់ចែងមិនអស់ក៏កើតទៅជាខ្ជះខ្ជាយ ផ្អូមចោលខាតប្រយោជន៍ទៅវិញ ។ នៅក្នុងស្ថានភាពបែបនេះ ដើម្បីកុំអោយពិធីនេះមើលទៅវាបន្សល់ទុកភាពខ្ជះខ្ជាយ ហើយក៏អាចបង្កើតភាពងាយស្រួលដល់ព្រះសង្ឃ និង គណកម្មការវត្តនីមួយៗចាត់ចែង យើងគួរប្រគេនពពួកអាហារក្រៀម ឫកែច្នៃ ឫជាគ្រឿងកំប៉ុងទុកបានយូរ។
ពពួកអាហារដែលអាចរក្សាទុកបានយូរទាំងនេះ ក្រៅពីព្រះសង្ឃរក្សាទុកឆាន់និងផ្គត់ផ្គង់ក៏ដូចជាទ្រទ្រង់នៅក្នុងវត្តមិនអស់ ព្រះអង្គក៏អាចនឹងមានភាពងាយស្រួលនៅក្នុងការចាត់ចែងធ្វើទានបន្ត ជាពិសេសគឺ ដល់បងប្អូនយុទ្ធជនដែលជាវីរកងទ័ពនៅសមរភូមិជួរមុខ ។ ពពួកអាហារកែច្នៃទាំងនេះ វាទុកបានយូរ និង ងាយស្រួល ដឹក ចុះដឹកឡើង មិនពិបាកពីព្រោះជាទូទៅផ្លូវពីសហគមន៍ ភូមិស្រុក និង រណសិរ្សជួរមុខឆ្ងាយៗ ហើយស្ថានភាពក៏ពិបាក។
សូមជ្រះថ្លានិងព្រះពុទ្ធ ព្រះធម៌និង ព្រះសង្ឃ ហើយពាក់ព័ន្ធនឹងពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ ព្រះមហាក្សត្រនៃយើងព្រះអង្គបាន ចេញព្រះរាជសារជូនជនរួមជាតិរួចហើយ ។ ក្នុងនាមព្រះអង្គជាអ្នកដែលជ្រះថ្លាព្រះពុទ្ធសាសនាមួយអង្គ ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី តាមព្រះរាជសារ ចុះថ្ងៃទី ០៦ ខែកញ្ញា ថ្មីៗនេះ ថា ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ជាពិធីបុណ្យប្រពៃណីជាតិធំមួយ ដែលតែងតែប្រារព្ធជារៀងរាល់ឆ្នាំតាំងពីបុរាណកាលមក។
ព្រះអង្គបានរំលេចបន្តទៀតថា ពិធីបុណ្យនេះមានសារៈសំខាន់ និងមានអត្ថន័យដ៏ធំធេងណាស់សម្រាប់ប្រជារាស្ត្រខ្មែរ ដែលបានធ្វើដំណើរពីទីជិតឆ្ងាយទៅកាន់ស្រុកកំណើតដូនតា ដើម្បីបានជួបជុំគ្នានៅតាមលំនៅឋាន វត្តអារាម ធ្វើបុណ្យទានសម្តែង នូវកតញ្ញូចំពោះអ្នកមានគុណ ឧទ្ទិសកុសលជូនបុព្វការីជន ដែលទទួលមរណកាលទៅហើយ។ ប៉ុន្តែព្រះអង្គមិនបានបំភ្លេចឡើយចំពោះអ្នកដែលមានគុណចំពោះជាតិ មាតុភូមិ ។
ព្រះមហាក្សត្រព្រះអង្គបានលើកទឹកចិត្តនិងផ្តាំផ្ញើដល់ប្រជាពលរដ្ឋយើងឲ្យបណ្តុះនូវស្មារតីសាមគ្គីភាព ជាតិ ស្រឡាញ់ ថែរក្សា ការពារទំនៀមទម្លាប់ប្រពៃណី និងដើម្បីលើកកម្ពស់អរិយធម៌ជាតិខ្មែរ ឱ្យស្ថិតស្ថេរគង់វង្សជានិច្ចនិរន្តរ៍។
ព្រះអង្គបានលើកឡើងទៀតថា នៅក្នុងពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌឆ្នាំនេះ ប្រជាជាតិកម្ពុជាយើងគ្រប់មូលដ្ឋាន មានឱកាសបានឧទ្ទិសកុសលដល់វីរយុទ្ធជនជាតិកម្ពុជា ដែលបានពលីក្នុងបុព្វហេតុបេសកកម្ម ការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិកម្ពុជា តស៊ូប្រយុទ្ធជាមួយសត្រូវឈ្លានពាន និងសូមវិញ្ញាណក្ខន្ធរបស់វីរយុទ្ធជនជាតិទាំងអស់ អញ្ជើញទៅកាន់សុគតិភព កុំបីអាក់ខានឡើយ។
ព្រះករុណាក៏បាន បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ប្រសិទ្ធពរ បវរសួស្តី ថ្វាយនិងប្រគេនព្រះសង្ឃ គ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ ថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ សូមប្រកបនឹងព្រះពុទ្ធពរគ្រប់ប្រការ និងទទួលនូវវត្តប្រណិប័តន៍ដ៏ខ្ពង់ខ្ពស់ និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត អំពីព្រះអង្គ ។
ដោយឡែក សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងប្រធានថេរសភាសង្ឃព្រះពុទ្ធសាសនាកម្ពុជា ព្រះអង្គធ្លាប់បានមានដិការថា ក្នុងបុព្វហេតុជាតិ ការពារបូរណភាពទឹកដី បងប្អូនជាវីរកងទ័ព មានគុណធ្ងន់ណាស់ចំពោះជាតិនិងមាតុភូមិ ដែលប្រជាពលរដ្ឋទាំងអស់មិនអាចបំភ្លេចបានឡើយ។
សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម បានមានដិការថា ការលះបង់ របស់វីរកងទ័ព ក្នុងបុព្វហេតុជាតិ ការពារបូរណភាពទឹកដី មានគុណធ្ងន់ណាស់ យើងមិនអាចបំភ្លេចបានទេ។
សម្រាប់វីរកងទ័ពដែលពលី សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក៏ធ្លាប់បាន ផ្តួចផ្តើមរៀនចំពិធី បង្សុកូល សម្ដែងព្រះធម៌ទេសនា និងសមាធិ បុណ្យទក្ខិណានុប្បទាន ដើម្បីឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីជីវិតនៅសមរភូមិ ក្នុងបុព្វហេតុជាតិ ការពារបូរណភាពទឹកដីខ្មែរ។ ព្រះអង្គក៏បានទាមទារឲ្យគិតគូរដល់បងប្អូនក្រុមគ្រួសារយុទ្ធជនពលីនានាផងដែរ ។
សរុបទៅដើម្បីឲ្យបុណ្យយើងក៏បានធ្វើ ហើយយើងមានអារម្មណ៍ជ្រះថ្លា ស្របតាមប្រពៃណីដែលមានតាំងពីយូរលង់មក ការកែច្នៃនិងការកែប្រែទម្លាប់បន្តិចបន្តួចនេះវាគឺជាបច្ច័យមួយ ដែលអាចមានប្រយោជន៍ទាំងខាងជំនឿ និង សង្គម ហើយក៏អាចនឹងជួយឧបត្ថម្ភគាំទ្រដល់បងប្អូនវីរកងទ័ពដែលកំពុងតែ បំពេញភារកិច្ចការពារជាតិនៅតាមរណសិរ្សជួរមុខនានានៅព្រំដែនដែលកំពុងតែមានភាពតានតឹងផងដែរ ។ កន្លងមកបងប្អូនសប្បរសជននានាបានជួយច្រើនហើយលើកិច្ចការនេះ ប៉ុន្តែបើយើងអាចច្នៃស្ថានភាពនេះឲ្យទៅជាបែបនោះវារឹតតែមានប្រយោជន៍បន្ថែមទៀតសម្រាប់ជាតិនិងមាតុភូមិយើង ហើយក៏យើងនៅតែ អាចរក្សាខ្ជាប់ខ្ជួននូវការអនុវត្តប្រពៃណីទំនៀមទម្លាប់ជាតិ ៕
ចែករំលែកព័តមាននេះ