ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រី ផៃ​ថង​ថា​ន ស៊ី​ណា​វ៉ា​ត្រា គឺជា​នាយក​រដ្ឋមន្ត្រី​គណបក្ស​ភឿ​ថៃ​ទី​២​ ដែល​ត្រូវ​បាន​តុលា​ការ​ធម្មនុញ្ញ​ថៃ​ពិឃាត​អាជីព​នយោបាយ​ចោល ក្រោយ​អង្គុយ​អ​សនៈ​នេះ​ បាន​ត្រឹម​រយៈពេល​១០​ខែ​១៥​ថ្ងៃ ។ លោកស្រី ផៃ​ថង​ថា​ន…

លោកស្រី ផៃ​ថង​ថា​ន ស៊ី​ណា​វ៉ា​ត្រា គឺជា​នាយក​រដ្ឋមន្ត្រី​គណបក្ស​ភឿ​ថៃ​ទី​២​ ដែល​ត្រូវ​បាន​តុលា​ការ​ធម្មនុញ្ញ​ថៃ​ពិឃាត​អាជីព​នយោបាយ​ចោល ក្រោយ​អង្គុយ​អ​សនៈ​នេះ​ បាន​ត្រឹម​រយៈពេល​១០​ខែ​១៥​ថ្ងៃ ។

លោកស្រី ផៃ​ថង​ថា​ន ដែល​បាន​អង្គុយ​កៅអី​នាយក​រដ្ឋមន្ត្រី​ពី​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២៤ បន្ត​ពី​លោក ស្រ៊ី​ថា ថា​វេ​ស៊ី​ន ដែល​អង្គុយ​បាន​អង្គុយ​កៅអី​នេះ ​បាន​ត្រឹម​១១​ខែ​២៣​ថ្ងៃ បាន​អស់សិទ្ធិ​តាំងពី​ថ្ងៃ​ដែល​ត្រូវ​តុលាការ​ធម្មនុញ្ញ​ព្យូ​រ​តំណែង កាល​ចាប់ពី​ថ្ងៃ​ទី​០១ ខែកក្កដា ហើយ​នៅ​ថ្ងៃ​ទី​២៩ ខែសីហា ក៏​សម្រេច​ដក​តំណែង​លោកស្រី​តែ​ម្តង ។

តាម​សេចក្តីរាយការណ៍​របស់​ទូរទស្សន៍​BBC លោកស្រី​ត្រូវ​បាន​តុលាការ​សម្រេច​ថា ខ្លឹមសារ​នៃ​ការ​សន្ទនា​តាម​ទូរស័ព្ទ​ដ៏​ចម្រូងចម្រាស់​របស់​លោកស្រី​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា គឺជា​ការ​បំពាន​ក្រមសីលធម៌​ជា​មេដឹកនាំ​ថៃ ។

នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការ​តស៊ូ​នយោបាយ​នៅ​ថៃ​នៅ​ក្នុង​រយៈពេល​២០​ឆ្នាំ​ចុង​ក្រោយ លោកស្រី ផៃ​ថង​ថា​ន ត្រូវ​បាន​គេ​ដឹង​ថា គឺជា​មេដឹកនាំ​ថៃ​ទី​៥ ដែល​ត្រូវ​បាន​តុលាការ​ធម្មនុញ្ញ​ថៃ​បញ្ចប់​តំណែង​ចាប់តាំងពី​លោក ថា​ក់​ស៊ី​ន ស៊ី​ណា​វ៉ា​ត្រា អតីត​នាយក​រដ្ឋមន្ត្រី​ដែល​ត្រូវ​បញ្ចប់​តំណែង​ដោយ​រដ្ឋប្រហារ​យោធា​កាលពី​ឆ្នាំ​២០០៦ ធ្វើការ​តស៊ូ​ដើម្បី​អំណាច​ជា​បន្តបន្ទាប់​នៅ​ក្រៅប្រទេស​
រហូត​បាន​វិល​មក​វិញ​កាលពី​ឆ្នាំ​២០២៣ ។

នៅ​ក្រោម​ស្រមោល​នៃ​អំណាច​លោក​ថា​ក់​ស៊ី​ន តុលាការ​ធម្មនុញ្ញ​ថៃ​បាន​បញ្ចប់​តំណែង​នាយក​រដ្ឋមន្ត្រី​ដែល​រួម​មាន លោក សា​ម៉ាក់ ស៊ុន​ដា​រ៉ា​វេ (Samak Sundaravej) ដែល​កាន់​តំណែង​ពី​ខែមករា ដល់​ខែកញ្ញា ឆ្នាំ​២០០៨ ។ ក្រោយមក​គឺ​លោក ស៊ុម​ឆៃ វង្ស​សាវ៉ា​ត (Somchai Wongsawat) ពី​ខែកញ្ញា​ដល់​ខែធ្នូ ឆ្នាំ​២០០៨ ។ លោកស្រី យី​ង​ឡាក់ ស៊ី​ណា​វ៉ា​ត្រា (Yingluck Shinawatra) ពី​ខែសីហា ឆ្នាំ​២០១១ ដល់ ខែឧសភា ឆ្នាំ​២០១៤ ។ ហើយ​បន្ទាប់​មក​គឺ លោក ស្រ៊ី​ថា ថា​វេ​ស៊ី​ន (Srettha Thavisin) ពី​ខែសីហា​ឆ្នាំ​២០២៣ ដល់​ខែសីហា ឆ្នាំ​២០២៤ ។

អាជីព​នយោបាយ​របស់​លោកស្រី ផៃ​ថង​ថា​ន ត្រូវ​បាន​ពិ​ឃា​ត​ដោយ​ចៅក្រម​៦​រូប​នៅ​ក្នុង​ចំណោម​ចៅក្រម​៩ រូប ក្រោយ​ពេល​ដែល​សមាជិក​ព្រឹទ្ធសភា​៣៦​រូប​ប្តឹង​លោកស្រី ។ ក្រោយ​សាលក្រម​ត្រូវ​បាន​ប្រកាស​លោកស្រី​បាន​ថ្លែង​ទទួលស្គាល់​សាលក្រម​របស់​តុលាការ ប៉ុន្តែ​បាន​និយាយ​ថា​ ក្នុង​នាម​ជា​ជនជាតិ​ថៃ លោកស្រី​សូម​បញ្ជាក់​ពី​ភាព​ស្មោះត្រង់​របស់​លោកស្រី ដែល​បាន​ធ្វើការ​ឲ្យ​ប្រទេស​ជាតិ​ ។

តើ​នរណា​អាច​ជា​មេដឹកនាំ​ថៃ​បន្ទាប់​ពី​លោកស្រី ផៃ​ថង​ថា​ន ត្រូវ​អស់តំណែង?
នៅ​ក្នុងអំឡុងពេល​អន្តរកាល​នេះ លោក ភូម​ថាំ វិ​ឆា​យ៉ា​ឆៃ នាយក​រដ្ឋមន្ត្រី​ស្តីទី​នឹង​នៅ​តែ​បន្ត​តំណែង​​ជា​នាយក​រដ្ឋមន្ត្រី​ចាំផ្ទះ​សិន ប៉ុន្តែ​ថៃ​ដាច់ខាត​ត្រូវ​តែ​បោះ​ឆ្នោត​ជ្រើសរើស​តំណែង​នាយក​រដ្ឋមន្ត្រី​ថ្មី បើ​មិន​ដូច្នេះ​ទេ​ ក៏​ត្រូវ​រំលាយ​សភា​ដើម្បី​បោះ​ឆ្នោត​ជា​ថ្មី ។

នៅ​ក្នុង​ជំហាន​ដំបូង ប្រសិនបើ​ត្រូវ​បោះ​ឆ្នោត​ជ្រើសរើស​នាយក​រដ្ឋមន្ត្រី​ចេញពី​គណបក្ស​ដែល​មាន​អ​សនៈ​នៅ​ក្នុង​សភា បេក្ខជន​ដែល​គេ​គិត​ថា សក្តិ​សម​គឺ​មាន​៥​រូប ដោយនៅ​ក្នុង​នោះ គឺ​លោក ឆៃ​កា​សេ​ម នី​ទិ​ស៊ី​រ៊ី (Chaikasem Nitisiri) មក​ពី​គណបក្ស​ភឿ​ថៃ ហើយ​ជា​អ្នក​ដែល​ទំនាក់ទំនង​ជិតដិត​នឹង​លោក ថា​ក់​ស៊ី​ន ។

ក្រៅពី​នោះ គឺ​មាន លោក អា​នុ​ទិន ឆាន​វី​រ៉ា​គុល (Anutin Charnvirakul) មេដឹកនាំ​គណបក្ស ភូមិ​ចៃ​ថៃ ដែល​ធ្លាប់​កាន់​តំណែង​ជា​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​មហាផ្ទៃ តែ​ក៏​មាន​បញ្ហា​ចម្រូងចម្រាស់​នឹង​ភឿ​ថៃ រហូត​ដល់ បាន​លាលែង​ពី​ក្រុមចម្រុះ​កាន់​អំណាច​ក្រោយ​បែកធ្លាយ​ករណី​សន្ទនា​រវាង​លោកស្រី ផៃ​ថង​ថា​ន ដែល​ជាដើម​ចម​នៃ​ការ​អស់អំណាច​នេះ ។

បេក្ខជន​បន្ទាប់​គឺ​លោក ឧត្តមសេនីយ ប្រា​យុទ្ធ ចាន់​អ៊ូ​ចា អតីត​នាយក​រដ្ឋមន្ត្រី​ដែល​បាន​ចូល​និវត្តន៍​ពី​នយោបាយ​នៅ​ឆ្នាំ ២០២៣ ប៉ុន្តែ​ទោះ លោក​នៅ​តែ​ឥទ្ធិពល​នៅ​ក្នុង​គណបក្ស​ដែល​គាំទ្រ​ដោយ​យោធា ។ ក្រៅពី​នោះ​គឺ លោក ភី​រ៉ា​ផា​ន សាលី​រ៉ា​តា​វី​បា​ហ្គា (Pirapan Salirathavibhaga ) ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ថាមពល មក​ពី​គណបក្ស​រួបរួម​ជាតិ​ថៃ ហើយ​និង លោក ជូ​រិ​ន ឡាក​សា​ណា​វី​សិទ្ធ (Jurin Laksanawisit) មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​អភិរក្ស​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ