ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ចាប់ពី​ថ្ងៃ​ទី​៩ ខែ​៩ ស​ប្តា​ហ៍​ក្រោយ​នេះ​ទៅ​ ភ្ញៀវ​ទេសចរ​បរទេស​ដែល​ធ្លាប់​ស្គាល់​កម្ពុជា​តាម​រយៈ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ អតីត​អាកាសយានដ្ឋាន​ពោធិ៍​ចិន​តុង នឹង​ស្គាល់​កម្ពុជា​តាម​ច្រក​អន្តរជាតិ​មួយ​ថ្មី​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ ដែល​អាកាសយានដ្ឋាន​សាងសង់​ថ្មី​រចនា​ឡើង ​ដើម្បី​លើកកម្ពស់​និង​កែប្រែ​មុខមាត់​នៃ​កម្ពុជា​បន្ថែម​មួយ​កម្រិត​ទៀត​នៅ​លើ​ឆាក​អន្តរ​ជាតិ ។ នៅ​ថ្ងៃ​នោះ…

ចាប់ពី​ថ្ងៃ​ទី​៩ ខែ​៩ ស​ប្តា​ហ៍​ក្រោយ​នេះ​ទៅ​ ភ្ញៀវ​ទេសចរ​បរទេស​ដែល​ធ្លាប់​ស្គាល់​កម្ពុជា​តាម​រយៈ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ អតីត​អាកាសយានដ្ឋាន​ពោធិ៍​ចិន​តុង នឹង​ស្គាល់​កម្ពុជា​តាម​ច្រក​អន្តរជាតិ​មួយ​ថ្មី​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ ដែល​អាកាសយានដ្ឋាន​សាងសង់​ថ្មី​
រចនា​ឡើង ​ដើម្បី​លើកកម្ពស់​និង​កែប្រែ​មុខមាត់​នៃ​កម្ពុជា​បន្ថែម​មួយ​កម្រិត​ទៀត​នៅ​លើ​ឆាក​អន្តរ​ជាតិ ។ នៅ​ថ្ងៃ​នោះ វា​គឺជា​ការ​បើក​ទំព័រ​សក្ករាជ​ថ្មី​នៃ​វិស័យ​អាកាសចរណ៍​ស៊ី​វិល​នៅ​កម្ពុជា ចាប់​តាំងពី​វា​បានក​កើតឡើង​ហើយ​លិចអណ្តែត​ទៅ​តាម​បរិបទ​នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា​ចាប់តាំងពី​ឆ្នាំ ១៩៥៩ មក​នោះ ។

ចាប់ពី​ថ្ងៃ​នោះ​តទៅ ​រាល់​ប្រតិបត្តិការ​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស​ភ្ជាប់​មក​កាន់​រាជធានី​ភ្នំពេញ ដែល​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច នយោបាយ វប្បធម៌ និង ប្រវត្តិសាស្ត្រ​នៃ​កម្ពុជា នឹង​ដំណើរការ​តាម​រយៈ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ ក្រោយ​ពេល​ដែល​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​បាន​ដំណើរការ​អស់​រយៈពេល ៦៦​ឆ្នាំ​កន្លង​មក ។

តាម​ការ​បញ្ជាក់​របស់​លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល ​កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​ឲ្យ​ដឹង​ថា អ្វី​ៗ​សម្រាប់​ដាក់​ឲ្យ​ដំណើរការ​នូវ​ប្រតិបត្តិការ​អាកាស​យានដ្ឋាន​ថ្មី​នេះ​ត្រូវ​បាន​បញ្ចប់​ការ​សាងសង់​និង​សាកល្បង​សឹងតែ​អស់ហើយ ។ ក្រៅពី​សេវាកម្ម​និង​ប្រតិបត្តិការ​នានា​នៅ​ព្រ​លាន​ដំណើរការ​ហើយ​នោះ ការ​ដាក់​ឲ្យ​ដំណើរការ​ហោះហើរ​សាកល្បង​នូវ​យន្តហោះ​ពាណិជ្ជកម្ម អ៊ែ​បឹ​ស ៣២០ កាលពី​ថ្ងៃ​ទី ១៥ ខែសីហា ឆ្នាំ​២០២៥​ថ្មី​ៗ​នេះ​ក៏​ទទួល​បាន​ជោគជ័យ​ផង​ដែរ ។ តាម​ប្រភព ការ​ដាក់​ឲ្យ​សាកល្បង​នោះ គឺ​អ្នកជំនាញ​បាន​សាកល្បង​ប្រតិបត្តិការ​ជា​ច្រើន​រួម​ទាំង ប្រព័ន្ធ​នាំ​ផ្លូវអាកាស​, វិទ្យុទាក់ទង​, ប្រព័ន្ធ​បញ្ជា​ហោះហើរ​, ការ​ចល័ត និង​សម្ភារ​ចេញចូល​សម្រាប់​អ្នកដំណើរ​ជាដើម​។​ល​។

អាកាសយានដ្ឋាន​ថ្មី​នេះ​បាន​ចាប់ផ្តើម​កសាង​នៅ​ឆ្នាំ​២០២០ ក្រោម​គម្រោង​វិនិយោគ​ដោយ​ក្រុមហ៊ុន Cambodia Airport Investment Co., Ltd ហើយ​សាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​វិស្វកម្ម​សំណង់​រដ្ឋ​ចិន នៅ​ក្រោម​កម្លាំង​ពលកម្ម​ជា​កម្មករ​និង​កម្ម​ការ​នី ក៏​ដូច​ជា​អ្នកជំនាញ និង វិស្វករ​កម្ពុជា​ជា​ច្រើន​រូប​ចូលរួម​ពាក់ព័ន្ធ​។

អាកាសយានដ្ឋាន​ថ្មី​នេះ មាន​តម្លៃ​សរុប​ប្រមាណ​ជា ១,៥​ពាន់​លាន​ដុល្លារ លើ​ផ្ទៃដី ២.៦០០​ហិ​កតា​នៅ​ភាគ​ខាងត្បូង​ខេត្តកណ្តាល និង​ខេត្តតាកែវ ដែល​មាន​ចម្ងាយ​ប្រហែល​២០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​។ អាកាសយានដ្ឋាន​ថ្មី​នេះ ត្រូវ​បាន​ចាត់​ថ្នាក់​ជា​អាកាសយានដ្ឋាន​កម្រិត 4F ដែល​ជា​កម្រិត​ខ្ពស់​បំផុត​ក្នុង​ពិភពលោក ដែល​អាច​ទទួល​យន្តហោះ​គ្រប់​ប្រភេទ រួម​ទាំង​យន្តហោះ ខ្នាត​យក្ស ដូច​ជា Airbus A380-800 និង យន្តហោះ Boeing 747-800 ជាដើម​ចុះ​ចត​បាន ។ អាកាសយានដ្ឋាន​ថ្មី​នេះ អាច​នឹង មាន​សមត្ថភាព​បម្រើ​សេវាកម្ម​ដឹក​ជញ្ជូន អ្នកដំណើរ​រហូត​ដល់ ១៣ លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ក្នុង​ដំណាក់កាល​ដំបូង​។

តាម​ការ​បង្ហើប​បន្ទាប់​ពី បើក​ដំណើរការ​នៅ​ថ្ងៃ​ទី ៩ ខែកញ្ញា វេលា​ម៉ោង ៧:00 ព្រឹក ម៉ោង​ក្នុងស្រុក ហើយ​ពិធី​សម្ភោ​ធ​ផ្លូវការ​គ្រោង​នឹង ដំណើរការ​នៅ​ក្នុង​អំឡុង​ថ្ងៃ​ទី​២០ ខែតុលា ក្រោម​អធិបតីភាព​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​។ ជាមួយនឹង​សមិទ្ធផល​ថ្មី​នេះ វិស័យ​អាកាសចរណ៍​ស៊ី​វិល​របស់​កម្ពុជា​ត្រូវ​បាន​គេ​ព្យាករណ៍​ថា នឹង​បោះ​ជំហាន​ឈាន​ចូល​ដំណាក់កាល​ផ្លាស់​ប្តូរ​ថ្មី​បំផុត​មួយ ។ ក្នុង​រយៈពេល​៥ ឆ្នាំ​ខាង​មុខ អាកាសយានដ្ឋាន​ថ្មី​នេះ​នឹង​ក្លាយទៅជា​មជ្ឈមណ្ឌល​ភស្តុ​ភា​កម្ម និង អាកាសចរណ៍​ក្នុង​តំបន់​ជាមួយនឹង​ការ​ឈាន​ទៅ​ដល់​សកលលោក ដែល​ជំរុញ​ដោយ​ហេដ្ឋារចនាសម្ព័ន្ធ​ទំនើប ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ និង​តម្រូវការ​កើនឡើង​។

អាកាសយានដ្ឋាន​ដ៏​ថ្មីស្រឡាង​នេះ នឹង​លើកកម្ពស់​សមត្ថភាព​នៃ​ការ​ប្រកួតប្រជែង​ផ្នែក​សេវាកម្ម​អាកាសចរណ៍​មួយ​របស់​កម្ពុជា ហើយ​វា​រំពឹង​ថា នឹង​អាច​ជួយ​ទាក់ទាញ​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​សំខាន់​ៗ​នានា លើកកម្ពស់​វិស័យសេដ្ឋកិច្ច​និង​ទេសចរណ៍ ពង្រឹង​លទ្ធភាព​និង​សក្តានុពល​នៅ​ក្នុង​ការ​ធ្វើ​សមាហរណកម្ម​ទៅ​ក្នុង​តំបន់ ហើយ​ជា​ពិសេស​គឺ​ពង្រឹង​ភាព​ជា​ដៃគូ​ជាមួយនឹង​ប្រទេស​នានា ដើម្បី​ផលប្រយោជន៍​ជាតិ​និង​ប្រជាជាតិ ។

មក​ដល់​ពេល​នេះ កេរ្តិ៍ឈ្មោះ​និង​មុខមាត់​របស់​ប្រទេស​នីមួយ​ៗ​គឺ​វា​បើក​ឡើង​តាម​ច្រក​អាកាស​យានដ្ឋាន​នេះ​តែ​ម្តង ដូច្នេះ​អាកាសយានដ្ឋាន​ថ្មី​នេះ ធានា​ថា នឹង​លើកកម្ពស់​កិត្យានុភាព​និង​មុខមាត់​កម្ពុជា នៅ​ក្នុង​យុគសម័យ​មួយ​ថ្មី​នៅ​ពាក់កណ្តាល​នៃ​ទស្សវត្សរ៍​ទី​២​នៃ​សតវត្សរ៍​ទី​២១ ហើយ​យើង​សង្ឃឹមថា វា​នឹង​ពង្រីក​ជើងមេឃ​នៃ​វិស័យ​ដឹក​ជញ្ជូន​ផ្លូវអាកាស​កម្ពុជា​ឲ្យ​កាន់តែ​ទូលំទូលាយ​ជាង​មុន ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ