ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ដែល​លើក​ឡើង​ខាងក្រោម​នេះ វា​មិនមែន​ជា​រឿងរ៉ាវ​ដែល​កើត​មាន​ឡើង​នៅ​កម្ពុជា​ទេ ។ វា គឺជា​រឿង​ដែល​កើតឡើង​នៅ​ប្រទេស​ថៃ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​វា​ក៏​ជា​បទ​ពិសោធ​មួយ ដែល​ស្ថាប័ន​សាសនា​នានា​នៅ​កម្ពុជា​ក៏​ដូច​ជា មូលនិធិ​សង្គម​នានា​ចាំបាច់​ត្រូវ​គិតគូរ ដើម្បី​តម្លាភាព…

រឿងរ៉ាវ​ដែល​លើក​ឡើង​ខាងក្រោម​នេះ វា​មិនមែន​ជា​រឿងរ៉ាវ​ដែល​កើត​មាន​ឡើង​នៅ​កម្ពុជា​ទេ ។ វា គឺជា​រឿង​ដែល​កើតឡើង​នៅ​ប្រទេស​ថៃ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​វា​ក៏​ជា​បទ​ពិសោធ​មួយ ដែល​ស្ថាប័ន​សាសនា​នានា​នៅ​កម្ពុជា​ក៏​ដូច​ជា មូលនិធិ​សង្គម​នានា​ចាំបាច់​ត្រូវ​គិតគូរ ដើម្បី​តម្លាភាព ហើយ​ជា​ពិសេស គឺ​ការ​ចាត់ចែង​មូលនិធិ ។

យោង​តាម​ការ​ចុះ​ផ្សាយ​នៅ​អត្ថបទ​មួយ នៅ​លើ​ទំព័រ​សារព័ត៌មាន​ថៃ​មួយ​បាន​ឲ្យ​ដឹង​ថា កំពូល​ព្រះសង្ឃ​ថៃ​ដ៏​ល្បីល្បាញ​មួយ​អង្គ ដែល​បាន​ផ្តួចផ្តើម ហើយ​ដំណើរការ​នូវ​កម្មវិធី​មូលនិធិ​ទ្រទ្រង់​ជំងឺអេដស៍​នៅ​ក្នុង​ប្រទេស​ថៃ ឥឡូវនេះ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​រក​ឃើញ​រឿងអាស្រូវ​ដែល​មាន​ទឹកប្រាក់​រាប់​សិប​ពាន់​លាន​បាត ។

ព្រះ​ចៅអធិការ ហ្លួង​ផូ អា​ឡុ​ង​កុ​ត (Luang Pho Alongkok) នៅ​វត្ត​ប្រា​បាត​ណា​ម​ភូ (Phra Paht Nam Phu) ក្នុង​ខេត្ត​លប​បុរី (Lopburi) ត្រូវ​បាន​អាជ្ញាធរ​ថៃ​នាំ​ខ្លួន​ទៅ​ផ្សឹក​ហើយ ក្រោយ​ពេល​ដែល​ដឹកនាំ​វត្ត​ហើយ​បន្សល់​ទុក​នូវ​រឿងអាស្រូវ​មាន​ទឹកប្រាក់​ដ៏​លើសលុប​បំផុត ។

អតីត​ព្រះ​ចៅអធិការ​រូប​នេះ បាន​សាង​កេរ្តិ៍ឈ្មោះ​របស់​គាត់​នៅ​ឆ្នាំ​១៩៩២ ដោយ​យក​វត្ត នេះ​ជា​ជម្រក​សម្រាប់​អ្នក​ជំងឺអេដស៍ អំឡុង​ពេល​មានការ​រាតត្បាត​ដំបូង នៅ​ក្នុង​ប្រទេស​ថៃ ។ នៅ​ពេល​ដែល​ការ​រើសអើង​កើត​មាន និង​ការ​ព្យាបាល​មាន​កម្រិត ។ នៅ​ពេល​នោះ វត្ត​នេះ​បាន​ក្លាយ​ជាទី​សក្ការៈ​ដែល​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទូ​ទាំង​ប្រទេស និង​ទទួល​បាន​នូវ​ការ​បរិច្ចាគ​យ៉ាងច្រើន​លើសលុប ។ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​២៦ ខែសីហា​ឆ្នាំ​២០២៥ បេស​កម្ម​រយៈពេល​៣២​ឆ្នាំ​ត្រូវ​បាន​បញ្ចប់​។

ព្រះ​ចៅអធិការ​រូប​នេះ ត្រូវ​បាន​អាជ្ញាធរ​នាំ​ខ្លួន និង​ចោទប្រកាន់​ពី​បទ​លាងលុយកខ្វក់​ជាមួយនឹង​អ្នក​ដែល​ពាក់ព័ន្ធ​មួយ​ចំនួន ។

លោក ចា​រឿ​ន​គៀត ផា​ន​ឃៀវ (Charoenkiat Pankaew ) មេ​ប៉ូ​លី​ស ដែល​ដឹកនាំ​ការ​ស៊ើបអង្កេត ហៅ​គម្រោង​នេះ​ថា សិល្បៈ​ធម៌​នៃ​ការ​បោកប្រាស់ ដែល​ជា​ការ​សម្តែង​ដ៏​ល្អិតល្អន់​ដែល​ត្រូវ​បាន​រៀបចំ​ឡើង ដើម្បី​បញ្ឆោត​អ្នក​ឧបត្ថម្ភ​ជា​ច្រើន ។

លោក​បាន​បន្ត​ថា គម្រោង​នេះ មិនមែន​ជា​គម្រោង​ធម្មតា​ដំណើរការ​តាម​វត្ត​នោះ​ទេ ប៉ុន្តែ​វា​មាន​រចនាសម្ព័ន្ធ ដែល​គ្រប់គ្រង​តាម​បែបបទ​ជា​ក្រុមហ៊ុន​ឯកជន ដោយ​មាន​មន្ត្រី​ប្រមូល និង​គ្រប់គ្រង​មូលនិធិ​ជា​ប្រព័ន្ធ​តាម​បណ្តាញ​ជា​ច្រើ ហើយ​ទំហំ​ទឹកប្រាក់​អាច​ឈាន​ដល់​រាប់​សិប​ពាន់​លាន​បាត ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ ។

សមត្ថកិច្ច​ប៉ូលិស​ថៃ ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា ព្រះសង្ឃ​អង្គ​នេះ មានឈ្មោះ​ពិត​ថា គ្រៀន​ក្រៃ ផា​កែវ ( Kriangkrai Phetkaew ) ប៉ុន្តែ​គាត់​បាន​លួច​អត្តសញ្ញាណ​របស់​មិត្ត​រួម​ក្រុមបាល់ទាត់​នៅ​សាលា​ដែល​បាន​ស្លាប់​មួយ​រូប​ឈ្មោះ​ថា អា​ឡុ​ង​កុ​ត ភូ​មូ​ក ( Alongkot Polmuk ) ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ គឺ​បាន​ប្រើប្រាស់​ឈ្មោះ​ឪពុក​ម្តាយ​របស់​គាត់​ដើម្បី​បើក​គណនី​មូលនិធិ​ផង​ដែរ​។

អតីត​ព្រះ​ចៅអធិការ​រូប​នេះ​ក៏​បាន​ត្រូវ​អាជ្ញាធរ​រក​ឃើញ​ថា លោក​គ្មាន​សញ្ញាបត្រ​ដូចដែល​បាន​អួត​ថា សុទ្ធតែ​មាន សញ្ញាបត្រ​ពី​សាកលវិទ្យាល័យ កា​សេត​សាត ( Kasetsart) ហើយ​ក៏​គ្មាន​អនុ​បណ្ឌិត​ផ្នែក​វិស្វកម្ម​ពី​ប្រទេស​អូស្ត្រាលី​អ្វី​ដែរ ។ លោក​បាន​សារភាព​ថា ខ្លួន​មិន​បាន​រៀន​ចប់​វិជ្ជាជីវៈ​អ្វី​ជ្រៅជ្រះ​ទេ ហើយ​មិនតែប៉ុណ្ណោះ គឺ​ធ្លាប់​បាន​រត់គេច​ពី​កាតព្វកិច្ច​យោធា​ទៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​មួយ​រយៈ មុន​ពេល​ត្រឡប់​មក​បួស​វិញ ដោយ​ដើម​ឡើយ​មាន​គម្រោង​ត្រឹមតែ​ស្នាក់​នៅ​បណ្តោះអាសន្ន​ប៉ុណ្ណោះ ។

ក្រុមការងារ​មូលនិធិ​នេះ គ្រប់គ្រង​ជា​ប្រព័ន្ធ​ក្រុមហ៊ុន ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ការ​គ្រប់គ្រង គឺ​គ្មាន ប៉ុន្តែ​អាជ្ញាធរ​បាន​រក​ឃើញ​មានការ​ចាត់ចែង​ដក​មូលនិធិ​ទៅ​ទិញ​ផ្ទះ​ទំនើប​ៗ ទិញ​រថយន្ត ហើយ​សូ​ម្បី​តែ​ទិញ​ឧទ្ធម្ភាគចក្រ ។

មក​ដល់​ពេល​នេះ ព្រះពុទ្ធ​សាសនា​នៅ​កម្ពុជា គឺ​ប្រហាក់ប្រហែល​នឹង​ថៃ ហើយ​ក៏​មាន​កិច្ចការ​សង្គម និង​មូលនិធិ​អភិរក្ស​ខ្លះ​ៗ​កំពុង​តែ​ដំណើរការ​ដែរ ។ ប៉ុន្តែ​អ្វី​ដែល​សង្ឃឹម គឺថា​អ្នក​ដែល​ពាក់ព័ន្ធ​នៅ​ក្នុង​គម្រោង​ទាំងនេះ នឹង​គ្រប់គ្រង​កញ្ចប់​មូលនិធិ​ឲ្យ​បាន​ត្រឹមត្រូវ មាន​របាយការណ៍​ចំណូល​ចំណាយ ។ គ្រប់​គម្រោង គ្រប់​សកម្មភាព សូម​លើកកម្ពស់ និង​អនុវត្ត​ទៅ​តាម​កម្មវិធី និង​មាន​គោលដៅ​ច្បាស់លាស់ ក្រោម​ការ​តម្រង់​ទិស​កម្មវិធី​ឲ្យ​ត្រឹមត្រូវ ។

សូមកុំ​យក​សាសនា​ដែល​ប្រជាពលរដ្ឋ​គោរព និង​ផ្តល់​តម្លៃ ដើម្បី​កែប្រែ​ជា​ច្រក​រក​ប្រាក់​ដើម្បី​ហ៊ឺហា និង​សប្បាយ​ខុស​ធម៌​វិន័យ​ដូច​ជា អ្វី​ដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​សង្គម​នៅ​ថៃ​នា​ពេល​បច្ចុប្បន្ន​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ