គណបក្សភឿថៃ ដែលកំពុងតែដឹកនាំរដ្ឋាភិបាលចាំផ្ទះ មិនត្រឹមតែបាត់បង់តំណែងនាយករដ្ឋមន្ត្រីដល់ទៅ២រូបនៅក្នុងពេលប្រមាណជា២ឆ្នាំនោះទេ គឺអាចនឹងរលាយគណបក្សថែមទៀត ដោយអំណាចរបស់តុលាការធម្មនុញ្ញ ។ តុលាការធម្មនុញ្ញថៃ ពិតជាមានអំណាចមែន ពីព្រោះនាយករដ្ឋមន្ត្រីជាច្រើននាក់ ហើយគណបក្សជាច្រើនគឺសុទ្ធតែរលាយក្រោមអំណាចសាលដីការនៃតុលាការធម្មនុញ្ញរបស់ប្រទេសនេះ…
គណបក្សភឿថៃ ដែលកំពុងតែដឹកនាំរដ្ឋាភិបាលចាំផ្ទះ មិនត្រឹមតែបាត់បង់តំណែងនាយករដ្ឋមន្ត្រីដល់ទៅ២រូបនៅក្នុងពេលប្រមាណជា២ឆ្នាំនោះទេ គឺអាចនឹងរលាយគណបក្សថែមទៀត ដោយអំណាចរបស់តុលាការធម្មនុញ្ញ ។
តុលាការធម្មនុញ្ញថៃ ពិតជាមានអំណាចមែន ពីព្រោះនាយករដ្ឋមន្ត្រីជាច្រើននាក់ ហើយគណបក្សជាច្រើនគឺសុទ្ធតែរលាយក្រោមអំណាចសាលដីការនៃតុលាការធម្មនុញ្ញរបស់ប្រទេសនេះ ។
ក្រោយពេលដែល លោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា ត្រូវតុលាការនេះចេញសាលក្រមដកដំណែងកាល ពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៥ ពីបទមានពិរុទ្ធរឿងក្រមសីលធម៌អ្នកដឹកនាំក្រោយលេចធ្លាយ សារសម្លេងជាមួយនឹងបុរសខ្លាំងកម្ពុជាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា គណបក្សរបស់លោកស្រី ក៏អាចនឹងរលំរលាយជាថ្មីទៀត ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាននានា របស់ថៃ ។
លោក រឿងក្រៃ លីគីតវ៉ាតាណា (Rueangkrai Leekitwattana) អតីតសមាជិកព្រឹទ្ធសភាបានដាក់ញត្តិទៅគណៈកម្មការរៀបចំការបោះឆ្នោតថៃ ឲ្យប្រើសាលក្រមរបស់តុលាការធម្មនុញ្ញ ពីសំណុំរឿងខ្សែអាត់សម្លេងដែលបែកធ្លាយជាមួយ សម្តេចតេជោជាមូលដ្ឋានរំលាយគណបក្សភឿថៃថែមទៀត ពីបទបំពានច្បាប់គណបក្ស ដោយចោទប្រកាន់លោកស្រី ផៃថងថាន ដែលជាមេដឹកនាំគណបក្សនេះ ថាជាទង្វើបង្កអរិភាពចំពោះរាជានិយមថៃ។
កាលពីថ្ងៃទី០១ ខែកញ្ញា អតីតសមាជិកព្រឹទ្ធសភា រូបនេះបានចេញមុខបង្ហើបថា លោកបានផ្ញើលិខិតមួយច្បាប់ទៅគណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ ដោយស្នើសុំឱ្យប្រើប្រាស់សាលក្រមរបស់តុលាការធម្មនុញ្ញថ្ងៃទី ២៩ខែសីហា ដែលបានដកសិទ្ធិលោកស្រី ផៃថងថាន ចេញពីតំណែងថា វាមានចំណុចមួយដែលអាចទាក់ទងនឹងសកម្មភាពរបស់លោកស្រី ក្នុងតួនាទីជាមេដឹកនាំគណបក្សភឿថៃដែលអាចចាត់ទុកថាជាការរំលោភលើច្បាប់រៀបចំគណបក្សនយោបាយ ឆ្នាំ ២០១៧។
លោកអះអាងថា ចំណុចនេះគួរតែចាត់ទុកជាភស្តុតាងដែលអាចជឿទុកចិត្តបានថា គណបក្សភឿថៃ ដឹកនាំដោយលោកស្រី ផៃថងថាន បានប្រព្រឹត្តអំពើដែលអាចចាត់ទុកថាជាអរិភាពចំពោះប្រព័ន្ធប្រជាធិបតេយ្យរបស់រដ្ឋាភិបាលដែលមានមហាក្សត្រជាប្រមុខ ដែលជាការរំលោភលើច្បាប់ស្តីពីគណបក្សនយោបាយ ។
លោកបានអះអាងថា គណកម្មាធិការរៀបចំការបោះឆ្នោតអាចដកស្រង់ឯកសារទាំងអស់នៅក្នុងសាលក្រមនោះដើម្បីសម្រេច ។បើករណីនេះគណកម្មាធិការជាតិរៀបចំការបោះឆ្នោតថៃសម្រេចចិត្តតាមសំណើរបែបនេះមែននោះ គណបក្សភឿថៃអាចនឹងមានជោគវាសនានឹងគណបក្សមុនៗដែលបង្កើតឡើងក្រោមស្រមោល លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ។
គណបក្សភឿថៃនេះ មានអាយុកាល១៧ ឆ្នាំ ពោលគឺបង្កើតនៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០០៧ ដោយមាន លោក ថាក់ស៊ីន ជាស្ថាបនិក ។ក្រោយពេលដែលលោក ថាក់ស៊ីន អស់អំណាចដោយរដ្ឋប្រហារនិងនិរទេសចេញពីប្រទេស គណបក្សភឿថៃ ដែលពេលនេះកំពុងតែស្វះស្វែងរកការគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រីទី៣ នៅក្នុងរយៈពេលជាង២ ឆ្នាំ លោកបានបង្កើតគណបក្សជាច្រើន ហើយជាទូទៅ គឺតែងតែត្រូវបានតុលាការធម្មនុញ្ញរំលាយចោលជាបន្តបន្ទាប់ ។
គណបក្សនេះកើតចេញពីគណបក្សអំណាចរបស់ប្រជាជន ដែលត្រូវបានតុលាការធម្មនុញ្ញ រំលាយចោល ក្រោយនាយករដ្ឋមន្ត្រីពីររូបអស់អំណាចគឺ លោក សាម៉ាក ស៊ុនតារាវេហ្វ (Samak Sundaravej) និង លោក ស៊ុំឆៃ វង្សសាវ៉ាត់ (Somchai Wongsawat) ។ គណបក្សនេះកើតនៅក្នុងឆ្នាំ១៩៩៨ ហើយត្រូវជាប់បម្រាមធ្វើនយោបាយនៅឆ្នាំ២០០៨ ។ក្រោពីនោះគឺមានគណបក្សមួយទៀតគឺគណបក្ស ថៃ រ៉ាក់ ថៃ នាឆ្នាំ១៩៩៨ និងជាប់បម្រាមនៅក្នុងឆ្នាំ២០០៧ ។
ស្ថានភាពនិងជោគវាសនា៏ដូចជាអនាគតនៃគណបក្សភឿថៃ ដែលពេលនេះបានកំពុងតែប្រទាញ ប្រទង់ស្វែងរកការគាំទ្រពីសភា ដើម្បីដាក់នាយករដ្ឋមន្ត្រីទី៣នៅក្នុងពេលជាង២ឆ្នាំ ។ នៅពេលដែល គណបក្សនេះរលំរលាយ វាអាចនឹងរាំងស្ទះវិថីនយោបាយរបស់ត្រកូលថាក់ស៊ីន ដែលបានប្រឹងប្រែងរក្សាវត្តមាននៅក្នុងឆាកនយោបាយថៃជាង២០ ឆ្នាំចុងក្រោយ ។
ប្រសិនបើគណបក្សភឿថៃរំលាយ ហើយសភាក៏រលាយ ថៃចាំបាច់ត្រូវតែរៀបចំកាបោះឆ្នោត ថ្មី នៅពេលនោះសមាជិកគណបក្សភឿថៃ ច្បាស់ជាចែកជើងគ្នារកទ្រនំថ្មី ឫក៏បង្កើតទ្រនំនយោបាយមួយថ្មី ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ប្រជាប្រិយភាពរបស់លោក និង ក្រមគ្រួសារក៏ធ្លាក់ចុះផងដែរ ។

ចែករំលែកព័តមាននេះ