ការធ្វើទាន ឫ ការចែកអំណោយជាលុយជាកាក់ក្តី សម្ភារៈក្តី អាហារហូបចុកក្តី គឺសុទ្ធតែ ជាអំពើកុសលដែលបង្ហាញពីទឹកចិត្តនិងការចង់ជួយរំលែកទុក្ខគ្នាទៅវិញទៅមក។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏សូមរិះគិតនិងគួរតែស្វែងរកមធ្យោបាយឫកែសម្រួលដើម្បីធ្វើទាននេះបន្តិចផងដែរ ។ សព្វថ្ងៃនេះព្រោះតែសកម្មភាពនិងអំពើទាំងនេះគឺកំពុងតែមានស្ថានភាពថ្នាំងថ្នាក់បណ្តើរៗ…
ការធ្វើទាន ឫ ការចែកអំណោយជាលុយជាកាក់ក្តី សម្ភារៈក្តី អាហារហូបចុកក្តី គឺសុទ្ធតែ ជាអំពើកុសលដែលបង្ហាញពីទឹកចិត្តនិងការចង់ជួយរំលែកទុក្ខគ្នាទៅវិញទៅមក។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏សូមរិះគិតនិងគួរតែស្វែងរកមធ្យោបាយឫកែសម្រួលដើម្បីធ្វើទាននេះបន្តិចផងដែរ ។
សព្វថ្ងៃនេះព្រោះតែសកម្មភាពនិងអំពើទាំងនេះគឺកំពុងតែមានស្ថានភាពថ្នាំងថ្នាក់បណ្តើរៗ ហើយ ដោយសារតែអ្នកបានអរ ហើយអ្នកមិនបានរិះគន់ ឫ បញ្ចេញទស្សនៈផ្សេងៗតាមមតិ យោបល់រៀងៗខ្លួន ។
តាមរយៈបណ្តាញសង្គម ពីព្រោះតែអ្នកសប្បុរសមួយចំនួន តែងតែធ្វើសកម្មភាពបែបនេះ នៅលើកំណាត់ផ្លូវជាតិមួយចំនួន ជាពិសេសគឺនៅកំណត់ផ្លូវជាតិលេខ៣១ និង ៣៣ ជាដើមនៅក្នុងភូមិសាស្ត្រខេត្តកំពត។ ទម្លាប់និងសកម្មភាពចែកទានបែបនេះ កំពុងតែធ្វើឲ្យមានបាតុភាពអនាធិបតេយ្យបណ្តើរៗ តាមកំណាត់ផ្លូវជាតិនេះ ដោយមានប្រជាពលរដ្ឋឈរតាមផ្លូវ ហើយអ្នកខ្លះរត់ប្រសេចប្រសាច នៅលើផ្លូវដើម្បីដណ្តើមទាននោះ ។
សកម្មភាពបែបនេះ មើលទៅដូចជាអាក្រក់មើលណាស់។ វាប៉ះពាល់ដល៉សណ្តាប់ធ្នាប់សង្គម ប៉ះពាល់ដល់ចរាចរណ៍ ហើយក៏ប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋផងដែរ ។ អ្វីដែល គួរតែលើកកម្ពស់ការប្រុងប្រយ័ត្ននិងគួរតែយកចិត្តទុកដាក់ថែមទៀតនោះ គឺគ្រោះថ្នាក់ចរាចរណ៍ ។
ឥឡូវនេះវាមិនអីនោះទេ ប៉ុន្តែទៅថ្ងៃមុខ វាអាចនឹងកើតមាន ពីព្រោះតាមរូបភាពដែលមានការ ចែករំលែកតាម បណ្តាញសង្គម គឺចាប់ផ្តើមបង្ហាញបាតុភាពដែលគួរតែយកចិត្តទុកដាក់ហើយ ។ សកម្មភាពទាំងនោះគឺមាន ក្មេងៗរត់តាមឡាន មានប្រជាពលរដ្ឋឈរជាជួរតាមផ្លូវ ។
អ្នកខ្លះមិនមែនអត់នោះទេ ប៉ុន្តែដោយសារតែចេះតែឃើញគេបាន ដូច្នេះឲ្យតែឃើញរថយន្ត ដែលធ្លាប់តែចែកទានបែបនេះ ក៏ចំណាំហើយឲ្យតែឃើញក៏នាំគ្នាធ្វើសកម្មភាពបែបនេះច្រើនទៅៗ។
ដូចដែលបានរៀបរាប់ខាងលើ រឿងធ្វើទាននេះ តាមវប្បធម៌ និងជំនឿរបស់ខ្មែរគឺសង្គមយើងស្វាគមន៍ និងលើកទឹកចិត្តបំផុត ដើម្បីបង្ហាញពីការជួយគ្នា។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ សូមរិះគិត ឡើងវិញផង ។ អស់លោកធ្វើទាន ធ្វើកុសលនេះជារឿងប្រពៃណាស់ ប៉ុន្តែក៏គួរតែជ្រើសរើសវិធីសាស្ត្រ ឫក៏ទីកន្លែងធ្វើឲ្យបានត្រឹមត្រូវផង ដែរ។
ការដែលអស់លោកធ្វើទានចែកលុយចែកសម្ភារៈតាមរថយន្តនៅលើផ្លូវវាជាបច្ច័យដ៏គ្រោះថ្នាក់ បំផុតមួយ ។ គ្រោះថ្នាក់ចម្បងបំផុតនោះគឺគ្រោះថ្នាក់ចរចារណ៍ ដោយសារតែផ្លូវជាតិ ផ្លូវសម្រាប់ធ្វើដំណើរផ្លូវសម្រាប់ដឹកជញ្ជូនមិនមែនជាផ្លូវដែលលោកអ្នកធ្វើទាននោះទេ ។ បើអស់លោកធ្វើទានគួរតែឈប់រកកន្លែងចតហើយចែកឲ្យបានសមរម្យមិនគួរបើកកញ្ចក់រថយន្ត បោះឫ ចែកបែបតាមរថយន្តបែបនេះឡើយ ។
ម្យ៉ាងវិញទៀតបងប្អូនប្រជាពលរដ្ឋនៅតាមដងផ្លូវនោះក៏គួរតែភ្ញាក់រលឹកផង ។ នៅក្នុងករណីដែលបងប្អូនមានហូបមានចុកគ្រប់គ្រាន់ ហើយកុំចេះតែចង់បាន សូមទុកឱកាសឲ្យអ្នកដែលអត់ពិតប្រាកដ ។ ការដែលយើងចង់បានគេក៏ចង់បានបែបនេះ វាបង្កើតរូបភាពពពាក់ពពូន ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់និងភាពថ្លៃថ្នូរនៅក្នុងសង្គម ។
សរុបទៅ ដើម្បីឲ្យការធ្វើទាននេះ ក្លាយជាអំពើដែលកុសលមានសទ្ធាជ្រះថ្លាពិតប្រាកដ សូមធ្វើទាននិងអំណោយនេះដោយសមរម្យ មានកន្លែងត្រឹមត្រូវ ។ កន្លែងដែលគួរតែធ្វើទាន គឺមាននៅតាមវត្តអារ៉ាម ឫ ក៏អាចចុះទៅដល់ផ្ទះសម្បែងពលរដ្ឋដែលក្រីក្រពិតប្រាកដ ។ សូមកុំធ្វើទាននៅលើដងផ្លូវដែលគ្មានការរៀបចំត្រឹមត្រូវ វាគ្រោះថ្នាក់ដល់យើងនិងអ្នកដទៃ ដោយរួមទាំងបងប្អូនដែលមកទទួលទានឫសទ្ធាពីយើងនេះផ្ទាល់ ៕
ចែករំលែកព័តមាននេះ