ទឹកប្រាក់រហូតដល់ទៅជិត១០០០លានដុល្លារ ត្រូវបានកម្ពុជាទាក់ទាញក្រុមហ៊ុនបរទេសនិងនៅក្នុងស្រុកឲ្យមកបន្តបណ្តាក់ទុន នៅក្នុងប្រទេសនៅខែកក្កដា ឆ្នាំ២០២៥កន្លងទៅនេះ ។ ក្រុមប្រឹក្សាវិនិយោគកម្ពុជា បានអះអាងកាលពីថ្ងៃទី១១ ខែសីហាថា ពេញមួយខែកក្កដា គណៈកម្មការវិនិយោគកម្ពុជា…
ទឹកប្រាក់រហូតដល់ទៅជិត១០០០លានដុល្លារ ត្រូវបានកម្ពុជាទាក់ទាញក្រុមហ៊ុនបរទេសនិងនៅក្នុងស្រុកឲ្យមកបន្តបណ្តាក់ទុន នៅក្នុងប្រទេសនៅខែកក្កដា ឆ្នាំ២០២៥កន្លងទៅនេះ ។
ក្រុមប្រឹក្សាវិនិយោគកម្ពុជា បានអះអាងកាលពីថ្ងៃទី១១ ខែសីហាថា ពេញមួយខែកក្កដា គណៈកម្មការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចទាក់ទាញគម្រោងវិនិយោគសរុប៦៧គម្រោង មានទឹកប្រាក់៩៤៤លានដុល្លារ ។

នៅក្នុងបណ្តាគម្រោងវិនិយោគនានាដែលលេចធ្លោរនៅក្នុងកក្កដា គឺគម្រោងពង្រីកផលិកម្មកសិដ្ឋានដាំដំណាំហូបផ្លែ និងរោងចក្រកៃច្នៃ ដែលមានតម្លៃរហូតដល់ទៅ២២៦លានដុល្លារ ។
ប្រភពដដែលបានឲ្យដឹងថា គម្រោងនេះ គឺមានទីតាំងនៅក្នុងស្រុកលំផាត់ ខេត្តរតនៈគីរី ដែលរំពឹងថា វានឹងបង្កើតការងារធ្វើជូនដល់ប្រជាពលរដ្ឋកម្ពុជា សរុបប្រមាណជា៨.៥៤០ នាក់ ។
ក្រៅពីនោះគម្រោងផ្សេងៗទៀត គឺមានដូចជា គម្រោងវិនិយោគអាជីវកម្មរ៉ែដែក៤ស្រុក នៅខេត្តកំពត គឺស្រុកឈូក ជុំគិរី ទឹកឈូ និងដងទង់ ដែលមានទំហំទឹកប្រាក់១៦៨លានដុល្លារ ក៏ដូចជា គម្រោងវិនិយោគកសាងសណ្ឋាគារ២កន្លែង ដែលមានតម្លៃសរុប១៤៧ លានដុល្លារ ដោយមួយកន្លែងនៅរាជធានីភ្នំពេញ និងមួយកន្លែងទៀតនៅខេត្តស្វាយរៀង ។ ក្រៅពីនោះ គឺគម្រោងបង្កើតរោងចក្រផ្គុំដំឡើងគ្រឿងម៉ាស៊ីន និងរ៉ូបូត នៅតំបន់សេដ្ឋកិច្ចពិសេស ចាងសានចាវ នៅខេត្តស្វាយរៀង ដែលមានទុន១៣លានដុល្លារ បង្កើតការងារធ្វើបាន ៤៣៣កន្លែង ។ល។

ជារួម គម្រោងទាំងនេះ ប្រសិនបើបូកបញ្ចូលនឹងគម្រោងប្រចាំឆមាសទី១ ឃើញថា នៅក្នុងរយៈពេល៧ខែមកនេះ កម្ពុជាអាចទាក់ទាញគម្រោងវិនិយោគសរុបមានតម្លៃដល់ទៅ ៦,៧ពាន់លានដុល្លារ កើនឡើងរហូតដល់ទៅ៨៤ភាគរយ បើធៀបនឹងរយៈពេលដដែលកាលពីឆ្នាំ២០២៤កន្លងទៅជាមួយនឹងគម្រោងសរុប៤៤០គម្រោង ។
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងកាលពីពេលថ្មីៗកន្លងទៅនេះថា សមិទ្ធផលដែលសម្រេចបានកន្លងមកនេះ គឺជាផ្លែផ្កានៃកិច្ចខិតខំកែសម្រួលបរិយាកាសវិនិយោគដែលបានដាក់ចេញដោយរដ្ឋាភិបាល ហើយក៏ជាផ្នែកមួយដែលឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិនបរទេសមកលើកម្ពុជា ។
លោកបានបន្តទៀតថា មួយផ្នែកក៏អាចទទួលបានដោយសារតែវិនិយោគិនបរទេសនៅបន្តមើលឃើញពីលទ្ធភាពនៃកការប្រកួតប្រជែងរបស់កម្ពុជា ជាពិសេស គឺក្រោយពេលដែលកម្ពុជាអាចសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិក ។
ស្របពេលដែលវិនិយោគទុនបរទេស និងនៅក្នុងស្រុកនៅតែបង្កើនសកម្មភាពវិនិយោគនៅក្នុងរយៈពេលដដែលនេះ អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ៧ខែដើមឆ្នាំ២០២៥នេះកម្ពុជាអាចសម្រេចបាននូវពាណិជ្ជកម្មដែលមានទំហំសរុបដល់ទៅ៣៦,៣២ពាន់លានដុល្លារ កើនឡើង១៦,៥ភាគរយ នៅក្នុងនោះការនាំចេញសម្រេចបាន១៧,១៦ពាន់លានដុល្លារ កើនឡើង១៦,២ភាគរយ ហើយការនាំចូល គឺមានទំហំ១៩,១៥ ពាន់លានដុល្លារកើនឡើង១៦,៧ភាគរយ ។
ដោយឡែក ការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក គឺមានទំហំពាណិជ្ជកម្មសរុប ៧,១២ពាន់លានដុល្លារមានកំណើន២៥,៨ភាគរយ ដោយកម្ពុជានាំចេញទៅសហរដ្ឋអាមេរិកសរុប៦,៩ពាន់លានដុល្លារកើនឡើង២៥,៧ ភាគរយ ។
ផ្អែកតាមស្ថានភាពបែបនះ កម្ពុជាបានកំពុងតែក្លាយជាគោលដៅដ៏សំខាន់មួយសម្រាប់វិនិយោគិនបរទេស ។ ពួកគេនៅតែមានភាពជឿជាក់ចំពោះបរិយាកាស និងការគាំទ្រពីរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំយ៉ាងសកម្មនៅក្នុងការគាំទ្រ និងលើកកម្ពស់សកម្មភាពខាងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ។
សក្ខីកម្មនេះក៏បានបង្ហាញថា កម្ពុជានៅពេលនេះ គឺកាន់តែកសាងលទ្ធភាពច្បាស់លាស់មួយ នៅក្នុងការឈរជើងក្នុងបណ្តាញពាណិជ្ជកម្មអន្តរជាតិ ជាពិសេស គឺជាមួយនឹងសហរដ្ឋអាមេរិកដែលជាទីផ្សារធំបំផុតនៅលើពិភពលោក ។ ប្រសិនបើនិន្នាការនេះបន្តទៅមុខទៀត នោះកម្ពុជានឹងក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានសមត្ថភាព ប្រកួតប្រជែងខ្ពស់នៅអាស៊ីអគ្នេយ៍នៅក្នុងរយៈពេលពី៣ទៅ៥ ឆ្នាំខាងមុខមិនខាន ៕
ចែករំលែកព័តមាននេះ