ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារ​ចិន​បាន​បើក​ទទួល​ផលិតផល​កសិកម្ម​ពី​កម្ពុជា​ជា​បន្តបន្ទាប់ ដែល​មក​ដល់​ពេល​នេះ​មាន​ប្រមាណ​ជា​១៦​មុខ​ហើយ ដូច្នេះ​ប្រសិនបើ​កម្ពុជា​អាច​ទាក់ទាញ និង​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ចិន​ត្រឹមតែ​១០​ភាគរយ ទិញ​ផលិតផល​មិនបាច់​ច្រើន​ទេ គឺ​ត្រឹមតែ​១​ដុល្លារ​ក៏​មួយ​ឆ្នាំ​កម្ពុជា​អាច​រក​ចំណូល​បាន​ជាង​២​ពាន់​លាន​ដុល្លារ​ដែរ ។ លោក វ៉ាង វេន​ប៊ិ​ន…

ទីផ្សារ​ចិន​បាន​បើក​ទទួល​ផលិតផល​កសិកម្ម​ពី​កម្ពុជា​ជា​បន្តបន្ទាប់ ដែល​មក​ដល់​ពេល​នេះ​មាន​ប្រមាណ​ជា​១៦​មុខ​ហើយ ដូច្នេះ​ប្រសិនបើ​កម្ពុជា​អាច​ទាក់ទាញ និង​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ចិន​ត្រឹមតែ​១០​ភាគរយ ទិញ​ផលិតផល​មិនបាច់​ច្រើន​ទេ គឺ​ត្រឹមតែ​១​ដុល្លារ​ក៏​មួយ​ឆ្នាំ​កម្ពុជា​អាច​រក​ចំណូល​បាន​ជាង​២​ពាន់​លាន​ដុល្លារ​ដែរ ។

លោក វ៉ាង វេន​ប៊ិ​ន (Wang Wenbin) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​លើក​ឡើង​នៅ​លើ​បណ្តាញ​សង្គម​របស់​លោក កាលពី​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២៥ ដោយ​អបអរ​ការ​ដែល​កម្ពុជា​បាន​ដឹក​ជញ្ជូន​ទុរេន​តាម​ផ្លូវអាកាស​ទៅ​កាន់​ទីផ្សារ​ចិន ។

លោក​បាន​លើក​ឡើង​ថា ការ​ដឹក​ជញ្ជូន​ទុរេន​កម្ពុជា តាម​ផ្លូវអាកាស​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន អាច​រក្សា​បាន​នូវ​គុណភាព និង​រសជាតិ​របស់​វា ដូច្នេះ​ហើយ​កសិករ​ដែល​ដាំ​ដំណាំ​ទុរេន​ចាត់​ទុក​ការ​ដឹក​ជញ្ជូន​តាម​អាកាស​ជា​អត្ថប្រយោជន៍​ដ៏​សំខាន់ ។

បើ​តាម​ការ​លើក​ឡើង​របស់​លោក​ឯកអគ្គរដ្ឋទូត​ចិន បច្ចុប្បន្ន​នេះ ចិន​បាន​ផ្តល់​ការ​អនុញ្ញាត​ឲ្យ​កម្ពុជា​អាច​នាំ​ចេញ​ផលិតផល​កសិកម្ម​សរុប​ប្រមាណ​១៦​មុខ ។ លោក​បាន​ឲ្យ​ដឹង​ថា កសិផល​កម្ពុជា​ចំនួន​១៦​មុខ ដែល​ត្រូវ​បាន​អនុញ្ញាតិ​ក្នុង​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន ក្នុង​នោះ​រួម​មាន​អង្ករ ដំឡូង​មី​ស្ងួត ពោត ចេក ស្វាយ មៀន ដូង ម្រេច គ្រាប់ស្វាយចន្ទី ល្ង គ្រាប់​ជី កៅស៊ូ ជលផល​ធម្មជាតិ ជលផល​ចិញ្ចឹម មច្ឆា និង​ទុរេន ។ លោក​បាន​លើក​ឡើង​ថា ទាំងនេះ​បង្ហាញ​ពី​សន្ទុះ​ដ៏​រឹង​មាំ និង​សមិទ្ធផល​ផ្លែផ្កា​គួរ​កត់សម្គាល់​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ។

មក​ដល់​ពេល​នេះ​ចិន គឺជា​ទីផ្សារ​ធំ​បំផុត​មួយ​នៅ​លើ​ពិភពលោក ហើយ​ប្រទេស​ជា​ច្រើន គឺ​មាន​បំណង​ចង់​ទទួល​បានការ​អនុញ្ញាត​លើ​ការ​នាំ​ចេញ​ផលិតផល​នានា​ចូល​ទៅ​កាន់​ប្រទេស​ចិន ។ មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ទោះបីជា​ប្រជាពលរដ្ឋ​ចិន​ធ្លាក់​នៅ​លំដាប់​ទី​២​បន្ទាប់​ពី​ឥណ្ឌា​ក៏​ពិតមែន ប៉ុន្តែ​នៅ​ទូ​ទាំង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​លំដាប់​ទី​២ នៅ​លើ​ពិភពលោក​នេះ គឺ​មាន​ទីផ្សារ​ដល់​ទៅ​១៤០០​លាន​នាក់ ។

ផ្អែក​តាម​ទីផ្សារ​នេះ អ្នកវិភាគ​មួយ​រូប​បាន​លើក​ឡើង​ថា កម្ពុជា​គួរតែ​សិក្សា​ហើយ​ព្យាយាម​កំណត់​គោលដៅ នាំ​ចេញ​ផលិតផល​ដែល​ទទួល​ការ​អនុញ្ញាត​ទៅ​ចិន​ឲ្យ​បាន​ត្រឹមត្រូវ ។ លោក​បាន​បន្ត​ថា នៅ​ក្នុង​ករណី​ដែល​ទីផ្សារ​ត្រូវ​បាន​កំណត់​គោលដៅ​ច្បាស់លាស់ ហើយ​នោះ កម្ពុជា​នឹង​អាច​ទទួល​បាន​ឱកាស​កាន់តែ​ទូលំទូលាយ​នៅ​ក្នុង​ការ​ពង្រឹង​វិស័យ​កសិកម្ម​។ លោក​បាន​បន្ត​ថា ត្រឹមតែ​១៦​មុខ​នេះ ប្រសិនបើ​រៀបចំ​ផែនការ និង​កំណត់​យុទ្ធសាស្ត្រ​ត្រឹមត្រូវ ផលិតផល​កសិកម្ម​កម្ពុជា​មិន​ខ្សត់​ទីផ្សារ​ឡើយ ។

លោក​បាន​បន្ត​ថា នៅ​ក្នុង​ចំណោម​ផលិតផល​ទាំងនេះ ប្រសិនបើ​កម្ពុជា​អាច​មាន​សមត្ថភាព​ទាក់ទាញ និង​លើកទឹកចិត្ត​ពលរដ្ឋ​ចិន​មិនបាច់​ច្រើន​ទេ គឺ​ត្រឹមតែ​១០​ភាគរយ​នៃ​ប្រជាជន​សរុប​ចំណាយ​លុយ​ពួក​គេ​មួយ​ឆ្នាំ​ទិញ​ផលិតផល​កម្ពុជា​ត្រឹមតែ​មួយ​មុខ​ម្នាក់​មួយ​ដុល្លារ មួយ​ឆ្នាំ ក៏​ផលិតផល​កសិកម្ម​កម្ពុជា​ទាំងនោះ អាច​នាំ​ចេញ​បាន​ជាង​២​ពាន់​លាន​ដុល្លារ​ផង​ដែរ ។

អ្នកវិភាគ​រូប​នេះ​បាន​លើកទឹកចិត្ត​ឲ្យ​អ្នក​នាំ​ចេញ​រិះគិត និង​រៀបចំ​យុទ្ធសាស្ត្រ​ទីផ្សារ​ឲ្យ​ច្បាស់លាស់ ដើម្បី​ច្បាម​សក្តានុពល​សម្រាប់​អភិវឌ្ឍន៍​ប្រទេស ។

អ្វី​ដែល​អ្នកវិភាគ​បាន​លើក​ឡើង​នេះ គឺ​គ្រាន់តែ​ជា​ក្តី​រំពឹង និង​ការ​ប៉ាន់​ប្រមាណ​បែប​ឧបមា​ណ​វិធី​តែ​ប៉ុណ្ណោះ ប៉ុន្តែ​តាម​ជាក់ស្តែង ៧​ខែ​កន្លង​មក អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បាន​អះអាង​ថា កម្ពុជា​អាច​នាំ​ចេញ​ទៅ​កាន់​ប្រទេស​នេះ ត្រឹមតែ​ប្រមាណ​ជា​ត្រឹមតែ​ជាង ៨៨៨ លាន​ដុល្លារ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ