ទីក្រុងការ៉ាកាស់៖ ក្រសួងយុត្តិធម៌ និងក្រសួងការបរទេសអាមេរិកប្រកាសថារដ្ឋាភិបាលរបស់ខ្លួនផ្ដល់រង្វាន់៥០លានដុល្លារសម្រាប់អ្នកដែលផ្ដល់ព័ត៌មានថាប្រធានាធិបតីវេណេហ្ស៊ូអេឡា លោកនីកូឡាស់ ម៉ាឌូរ៉ូ ស្ថិតនៅទីណា និងនាំទៅដល់ការចាប់ខ្លួនគាត់។ ខាងលើនេះជាការបញ្ជាក់របស់អគ្គរដ្ឋអាជ្ញាអាមេរិក លោកស្រីផាម បន់ឌី (Pam Bondi) នៅលើបណ្ដាញសង្គម។
លោកស្រីថ្លែងថាម៉ាឌូរ៉ូជាអ្នករត់ពន្ធគ្រឿងញៀនដ៏ធំបំផុតនៅលើពិភពលោក និងជាអ្នកគំរាមកំហែចំពោះសន្តិសុខជាតិអាមេរិក។ កាលពីខែមករា អាមេរិកប្រកាសផ្ដល់រង្វាន់២៥លានដុល្លារសម្រាប់អ្នកដែលនាំទៅដល់ការចាប់ខ្លួនម៉ាឌូរ៉ូ។ ឥឡូវនេះ ប្រាក់រង្វាន់កើនឡើងទ្វេមួយជាពីរព្រោះអាមេរិកត្រូវការចាប់ខ្លួនគាត់ជាបន្ទាន់។ កាលពីឆ្នាំ២០២០ ម៉ាឌូរ៉ូ និងមន្ត្រីជាន់ខ្ពស់វេណេហ្ស៊ូអេឡាត្រូវតុលាការទីក្រុងញូយ៉កសម្រេចចោទប្រកាន់ពាក់ព័ន្ធនឹងបទល្មើសជាច្រើនរួមទាំងការរត់ពន្ធគ្រឿងញៀន និងអំពើភេរវកម្មផងដែរ។
ក្រសួងយុត្តិធម៌អាមេរិកចោទប្រកាន់ថាលោកម៉ាឌូរ៉ូជាមេធំកាងនៅពីក្រោយក្រុមរត់ពន្ធគ្រឿងញៀនកូកាអ៊ីនដែលមានឈ្មោះសម្ងាត់ថា «ក្រុមកាថែលព្រះអាទិត្យ»។ ក្រុមនេះដឹកគ្រឿងញៀនរាប់រយតោនចូលទឹកដីអាមេរិកនារយៈពេល២ទសវត្សចុងក្រោយនេះ និងរកចំណូលបានរាប់រយលានដុល្លារ។
ក្រុមអ្នកស៊ើបអង្កេតអាមេរិកអះអាងថាក្រុមកាថែលខាងលើនេះបានសហការគ្នាជិតស្និទ្ធជាមួយក្រុមឧទ្ទាមបដិវត្តកូឡុំប៊ី ឬកងទ័ពហ្វាក (FARC) ដែលត្រូវអាមេរិកចាត់ទុកជាអង្គការភេរវកម្ម។ លោកស្រីបនឌីថ្លែងថាម៉ាឌូរ៉ូក៏ធ្លាប់ចូលដៃជាមួយក្រុមឧក្រិដ្ឋជនមួយទៀតឈ្មោះត្រេន ដឺ អារ៉ាហ្គួរ (Tren de Aragua) និងកាថែលស៊ីណាឡូរបស់ម៉ិកស៊ីកូ (Sinaloa)ផងដែរ។
អាជ្ញាធរអាមេរិករឹបអូសបានគ្រឿងញៀនកូកាអ៊ីន៣០តោនដែលមានភាគហ៊ុនរបស់ម៉ាឌូរ៉ូ និងបក្សពួករបស់គាត់។ គ្រាន់តែម៉ាឌូរ៉ូម្នាក់ឯងមានចំណែកគ្រឿងញៀនជិត៧តោនឯណោះ។ រហូតមកដល់ពេលនេះ អាមេរិករឹបអូសទ្រព្យសម្បត្តិជាង៧០០លានដុល្លាររបស់ម៉ាឌូរ៉ូ។ ក្នុងនោះក៏មានយន្តហោះ២គ្រឿងរបស់ម៉ាឌូរ៉ូ២ផងដែរដែលរឹបអូសបានកាលពីខែកញ្ញាឆ្នាំមុន។
លោកស្រីបនឌីថ្លែងបន្តទៀតថាម៉ាឌូរ៉ូនៅតែបន្តធ្វើព្យុះធ្វើភ្លៀងតាមអំពើចិត្ត។ ប៉ុន្តែនៅជំនាន់លោកត្រាំកាន់អំណាច ម៉ាឌូរ៉ូមិនអាចគេចផុតពីសំណាញច្បាប់ឡើយ។ លោកម៉ាឌូរ៉ូវ័យ៦២ឆ្នាំម្នាក់នេះកាលពីអតីតកាលជាអ្នកបើកឡាន និងជាមេដឹកនាំសហជីព។ គាត់អាចនឹងជាប់ពន្ធនាគារមួយជីវិតបើត្រូវអាមេរិកចាប់ខ្លួនបាន និងយកទៅកាត់ទោសនៅតុលាការ។ ខាងលើនេះជាការដកស្រង់ប្រភពពីហ្វ្រង់២៤ (France 24)៕
ចែករំលែកព័តមាននេះ