ខេត្តបាត់ដំបង ៖ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានថ្លែងឱ្យដឹងថា រហូតមកដល់ពេលនេះ មានពលករខ្មែររាប់ម៉ឺននាក់បន្ថែមទៀត បានចាកចេញពីប្រទេសថៃ វិលត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ក្រោមការសម្របសម្រួល និងយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ និងក្រុមការងារពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ។
លោក សុខ លូ បានថ្លែងសង្កត់ធ្ងន់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់និងផ្ដល់រថយន្តក្រុងរាប់រយគ្រឿងដើម្បីដឹកជញ្ជូនបងប្អូនពលករខ្មែរ ទៅដល់ស្រុកកំណើតរៀងៗខ្លួនវិញ ប្រកបដោយសុខសុវត្ថិភាព ខណៈកន្លងមកមានពលករខ្មែរជាង៦០ម៉ឺននាក់ហើយ បានវិលមកស្រុកកំណើតវិញ ។
ក្រោមការសម្របសម្រួល និងទទួលស្វាគមន៍ប្រកបដោយភាពកក់ក្ដៅពីលោកអភិបាលខេត្តបាត់ដំបង និងលោកជំទាវ ព្រមទាំងក្រុមការងារពាក់ព័ន្ធទាំងអស់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែសីហា ឆ្នាំ២០២៥នេះ មានពលករខ្មែររាប់ម៉ឺននាក់បន្ថែមទៀត បាននិងកំពុងសម្រុកចាកចេញពីប្រទេសថៃវិល ត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង។ ក្នុងឱកាសនោះដែរ លោក សុខ លូ និងលោកជំទាវ ក៏បានអញ្ជើញផ្ដល់អាហារសម្រន់ និងទឹកសុទ្ធដល់ពលករផងដែរ ។
ពលករខ្មែរ បានបង្ហាញអារម្មណ៍សប្បាយរីករាយ ដែលបានវិលត្រឡប់មកដល់ស្រុកកំណើតវិញ ដោយមានការទទួលស្វាគមន៍កក់ក្ដៅ។ ពលករខ្មែរ ក៏បានថ្លែងអំណរគុណដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងផ្ដល់រថយន្តក្រុងសម្រាប់ដឹកជញ្ជូនទៅដល់ស្រុកកំណើតដោយឥតគិតថ្លៃ ។
សូមរំលឹកថា ជាបន្តបន្ទាប់ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានណែនាំដល់អាជ្ញាធរ មន្ត្រីជំនាញ កងកម្លាំង និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលកំពុងប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ត្រូវបន្តខិតខំយកចិត្តទុកដាក់បង្កលក្ខណៈងាយស្រួលនិងជួយសម្របសម្រួលដំណើរវិលត្រឡប់របស់ពលករខ្មែរមកពីប្រទេសថៃ ៕









ចែករំលែកព័តមាននេះ