ខេត្តសៀមរាប ៖ វត្តអារាមទាំង១៦២វត្តទូទាំងខេត្តសៀមរាប នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ បានរៀបចំពិធីបុណ្យទក្ខិណានុប្បទាន និងឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី ដែលបង្កឡើងដោយកងទ័ពឈ្លានពានរបស់ទាហានថៃតាមបន្ទាត់ព្រំដែន ។

ដោយឡែក នៅវត្តរាជបូណ៌ ក្រុងសៀមរាប នារសៀលថ្ងៃនោះដែរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ព្រះគ្រូចៅអធិការវត្តរាជបូណ៌ បាននិមន្តដឹកនាំរៀបចំពិធីបុណ្យទក្ខិណានុប្បទាន និងឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាព ទឹកដីពីដែលបង្កឡើងដោយកងទ័ពឈ្លានពានរបស់ទាហ៊ានថៃតាមបន្ទាត់ព្រំដែន ដោយមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម ខូយ ឈីន សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និង លោក លី សារី អភិបាលរងខេត្ត រួមនឹងព្រះសង្ឃ លោក លោកស្រីជាថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាព មន្ត្រីរាជការ លោកយាយ លោកតា និង ប្រជាពុទ្ធបរិស័ទជាច្រើនអង្គ/នាក់ចូលរួមផងដែរ ។

សម្តេចព្រះព្រហ្មរតនមុនី ពិន សែម បានមានថេរដីកាសម្ដែងនូវការសោកស្តាយរកអ្វីប្រៀបផ្ទឹមពុំបាន ចំពោះការបាត់បង់នូវវីរៈកងទ័ពកម្ពុជាដែលបានពលីជីវិតបូជាដើម្បីការពារព្រំដែនទឹកដី និងអធិបតេយ្យភាពជាតិខ្មែរ ប្រកប ដោយភាពអង់អាចក្លាហានក្រៃលែង។ ការពលីជីវិតរបស់វីរៈកងទ័ពកម្ពុជាយើងគឺជាការលះបង់ដ៏ធំធេង និងមានគុណបំណាច់មិនអាចកាត់ថ្លៃបានចំពោះជាតិកម្ពុជាទាំងមូល ដែលយើងត្រូវតែគោរព និងផ្តល់តម្លៃជាវីរៈបុរសពិតរបស់ជាតិ ប្រកបដោយកិត្តិយសជាអមតៈសម្រាប់ប្រវត្តិសាស្ត្រកម្ពុជា។

សម្តេចព្រះព្រហ្មរតនមុនីបានមានថេរដីកាបន្ថែមថា យើងពិតជាមានការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់វីរៈកងទ័ព ពោរពេញដោយឆន្ទៈ មនសិការ ស្មារតីក្លាហាន និងសេចក្តីស្មោះត្រង់ចំពោះជាតិ ដែលពួកគាត់បានសុខចិត្តយកទ្រូងពាំងគ្រាប់រំសេវនិងអាវុធគ្រប់ប្រភេទ ប្តូរយក សុខសន្តិភាពជូនប្រជាជនកម្ពុជាទាំងមូល ដែលយើងអាចសម្រានលក់ ហូបឆ្ងាញ់ ប្រកបដោយស្នាមញញឹម និងភាពកក់ក្តៅជាមួយក្រុមគ្រួសារ។

ក្នុងឱកាសនោះផងដែរ ព្រះសង្ឃ ព្រមទាំងលោក លោកជំទាវ លោក លោកស្រីថ្នាក់នាំមន្ទីរអង្គភាពរួមនិង ពុទ្ធបរិស័ទ ទាំងអស់ ក៏ បានសម្តែងការគោរពដឹងគុណជានិច្ច ចំពោះពលីកម្មដ៏ធំធេងនេះ ហើយតាំងចិត្តចងចាំជានិច្ចនូវគំរូវីរភាពមិនអាចកាត់ថ្លៃបាននេះជារៀងរហូត និង សូមឧទ្ទិសផលបុណ្យទាំង ឡាយជូនដល់ វិញ្ញណក្ខន្ធអស់លោកវីរៈកងទ័ព សូមលោកបានបដិសន្ធិជាខ្មែរឡើងវិញកុំបីខាន។

យើងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យនិងវត្ថុសក្តិសិទ្ធិ សូមអភិបាលរក្សានិងឃុំគ្រងវីរៈកងទ័ពកម្ពុជាយើងដែលកំពុងសម្រាកព្យាបាល ឱ្យឆាប់បានធូរស្បើយ និងសូមបួងសួងដល់វត្ថុសក្តិសិទ្ធិដូនតាខ្មែរ ជួយពាំងរាំងមុខកងទ័ពយើងឱ្យមានជោគជ័យនិងសុខសុវត្ថិភាពគ្រប់ពេលវេលា៕




ចែករំលែកព័តមាននេះ