ទីក្រុងម៉ូស្គូ៖ លោកត្រាំ និងលោកពូទីននឹងជួបគ្នាកម្រិតកំពូលនារយៈពេលប៉ុន្មានថ្ងៃខាងមុខនេះដើម្បីពន្លឿនការដោះស្រាយបញ្ហាអ៊ុយក្រែន។ នេះបើតាមការបញ្ជាក់របស់ជំនួយការលោកពូទីនផ្ទាល់តែម្ដងគឺលោកយូរី អ៊ូសាកូស (Yuri Ushakov)។ បើដូច្នេះមែន វានឹងក្លាយជាកិច្ចជំនួបកំពូលលើកដំបូងរវាងថ្នាក់ដឹកនាំប្រទេសទាំង២ចាប់តាំងពីឆ្នាំ២០២១។
សេចក្ដីប្រកាសអំពីគម្រោងជួបគ្នានេះកើតឡើង១ថ្ងៃបន្ទាប់ពីប្រេសិតពិសេសរបស់លោកត្រាំជួបលោកពូទីននៅវិមានក្រឹមឡាំងដើម្បីរកច្រកចេញពីសង្គ្រាមអ៊ុយក្រែន និងបន្ទាប់ពីលោកត្រាំដាក់ឱសានវាទត្រឹមថ្ងៃទី៨ ខែសីហាត្រូវតែមានដំណោះស្រាយអ្វីមួយ។ ឥឡូវនេះ លោកត្រាំមិនទាន់ចាត់ការប្រទេសរុស្ស៊ីទេ ប៉ុន្តែចាត់ការប្រទេសទាំងឡាយណាដែលទិញទំនិញរុស្ស៊ី។
លោកអ៊ូសាកូសថ្លែងថាតបតាមការស្នើសុំពីភាគីអាមេរិក យើងបានឯកភាពថានឹងរៀបចំកិច្ចជំនួបកំពូលនារយៈពេលប៉ុន្មានថ្ងៃខាងមុខ។ យើងចាប់ផ្ដើមត្រៀមលក្ខណៈសម្បត្តិប្រកបដោយភាពហ្មត់ចត់ជាមួយសមភាគីអាមេរិក។ ខាងលើនេះជាអ្វីដែលលោកអ៊ូសាកូសថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានអ៊ីនធឺហ្វេក (Interfax)។ លោកថ្លែងបន្តទៀតថាទីកន្លែងជួបគ្នាបានកំណត់រួចហើយ។ គ្រាន់តែថាលោកមិនទាន់ចង់និយាយនៅពេលនេះទេ ចាំនិយាយនៅពេលក្រោយទៀតចុះ។
គួរកត់សម្គាល់ថានៅថ្ងៃនេះ គេឃើញលោកពូទីនទទួលជួបប្រធានាធិបតីអារ៉ាប់រួម។ ដូច្នេះ គេសន្និដ្ឋានថាអារ៉ាប់រួមអាចជាទីកន្លែងជួបគ្នា។ ថ្នាក់ដឹកនាំអាមេរិក និងរុស្ស៊ីជួបគ្នាជាលើកចុងក្រោយនៅប្រទេសស្វីសកាលពីខែមិថុនា ឆ្នាំ២០២១កាលពីជំនាន់លោកបៃដិន។ ក្រោយមក សង្គ្រាមអ៊ុយក្រែនផ្ទុះឡើងធ្វើឱ្យទំនាក់ទំនងប្រទេសទាំង២ចាប់ផ្ដើមធ្លាក់ចុះខ្លាំង។ លុះមកដល់ជំនាន់លោកត្រាំ លោកចាប់ផ្ដើមជួសជុលទំនាក់ទំនងនេះឡើងវិញ។
លោកអ៊ូសាកូសថ្លែងថាប្រេសិតរបស់លោកត្រាំកាលពីពេលជួបលោកពូទីនក៏បានស្នើឱ្យមានការជួបគ្នាត្រីភាគីរវាងលោកត្រាំ លោកពូទីន និងលោកហ្សឺលែនស្គីផងដែរ។ ប៉ុន្តែសំណើនេះត្រូវបានរក្សាទុកឱ្យចំហព្រោះរុស្ស៊ីរក្សាភាពស្ងៀមស្ងាត់មិនធ្វើអត្ថាធិប្បាយអ្វីទាំងអស់។ មានន័យថាគាំទ្រក៏មិនគាំទ្រ បដិសេធក៏មិនបដិសេធ។ ជាបឋម រុស្ស៊ីចង់ជជែកគ្នាអំពីការជួបគ្នាទ្វេភាគីរវាងលោកពូទីន និងលោកត្រាំជាមុនសិន។ យើងមានជំនឿថាគម្រោងជួបគ្នានេះនឹងមានជោគជ័យ ហើយនឹងមានលទ្ធផលល្អ។ នេះបើយោងតាមលោកអ៊ូសាកូស៕
ចែករំលែកព័តមាននេះ