ទីក្រុងឥស្លាមម៉ាបាត៖ បាត់ខ្លួនរយៈពេល២៨ឆ្នាំនៅទីបំផុតត្រូវគេរកឃើញហើយ ប៉ុន្តែរកឃើញតែសាកសពតែប៉ុណ្ណោះ។ បុរសជនជាតិប៉ាគីស្ថាន ឈ្មោះណាស៊ីរូតឌីន (Nasiruddin) បាត់ខ្លួនតាំងពីអាយុ៣១ឆ្នាំនៅទីបំផុតត្រូវគេប្រទះឃើញតែសាកសពរបស់គាត់នៅក្បែរវាលទឹកកកឡេឌី មីដូ (Lady Meadows) តំបន់កូហ៊ីស្ថាន (Kohistan)។ ក្រុមគ្រួសាររបស់គាត់ដែលបាត់ដំណឹងសាច់ញាតិរាប់សិបឆ្នាំបានធូរស្បើយនៅក្នុងចិត្តខ្លះ។ ទោះបីមិនបានឃើញទាំងរស់ ឃើញតែសាកសពក៏អស់ចិត្តដែរ។
ក្រុមគ្រួសារនិយាយរំលឹកថាកាលពីឆ្នាំ១៩៩៧ពួកគេរួមទាំងលោកណាស៊ីរូតឌីនបានរត់គេចខ្លួនទៅតំបន់ភ្នំ (ដែលរកឃើញសាកសពរបស់គាត់នោះ) នៅពេលមានជម្លោះនៅក្នុងភូមិដែលពួកគេរស់នៅ។ ក្រោយមក លោកណាស៊ីរូតឌីនក៏ធ្លាក់ចូលទៅក្នុងចង្អូរទឹកកកដ៏ជ្រៅ។ សំណាងល្អបងប្រុសរបស់គាត់អាចរំដោះខ្លួនទាន់ពេលវេលា។ ក្រុមគ្រួសាររបស់គាត់ប្រាប់ថាពួកគេខិតខំស្វែងរកគាត់ជាច្រើនឆ្នាំឥតបានលទ្ធផលអ្វីទាំងអស់។
ពួកគេធ្វើដំណើរទៅកន្លែងទឹកកកនោះជាច្រើនលើកច្រើនសាដោយសេចក្ដីសង្ឃឹមថាអាចទាញយកសាកសពជនរងគ្រោះត្រឡប់មកវិញ។ ប៉ុន្តែពួកគេត្រូវតែបង្ខំចិត្តបោះបង់ចោលការតស៊ូព្រោះជារឿងដែលមិនអាចទៅរួច។ លោកណាស៊ីរូតឌីនជាបុរសរៀបការមានកូន២នាក់។ សាកសពរបស់គាត់ដែលគេស្រង់បានពីក្នុងទឹកកកលើកនេះមានលក្ខណៈស្រស់ញញឹមប្រៀបបាននឹងទើបតែស្លាប់ថ្មីៗព្រោះក្លាស្សេនៅក្នុងទឹកកកជារៀងរហូត។ បន្ទាប់ពីសាកសពនោះរកឃើញដោយអ្នកគង្វាលម្នាក់កាលពីថ្ងៃទី៣១ ខែកក្កដា សាកសពរបស់គាត់ត្រូវគេយកទៅបញ្ចុះកាលពីថ្ងៃពុធ ។
ក្រុមគ្រួសារនិយាយថានៅទីបញ្ចប់ យើងបានល្ហែល្ហើយចិត្តខ្លះបន្ទាប់ពីរកឃើញសាកសពរបស់គាត់។ សូមជម្រាបថាតំបន់ភ្នំដែលជនរងគ្រោះបានធ្លាក់ចូលទៅក្នុងចង្អូរទឹកកកនោះជាតំបន់ស្ថិតនៅតាមជួរភ្នំហិមាល័យ។ ប៉ាគីស្ថានមានវាលទឹកកកជាង១៣០០០កន្លែង។ ពោលគឺច្រើនជាងប្រទេសណាៗទាំងអស់នៅលើភពលោក លើកលែងតែតំបន់ប៉ូលខាងជើង និងប៉ូលខាងត្បូងតែប៉ុណ្ណោះ។ ការរលាយទឹកកករហូតដល់បង្ហាញសាកសពជនរងគ្រោះនៅពេលនេះជាផលនៃបម្រែបម្រួលអាកាសធាតុ៕
ចែករំលែកព័តមាននេះ