ដុំសាច់ក្រពេញអ៊ីប៉ូហ្វី៖ មូលហេតុនៃការមើលមិនច្បាស់ និងរោគសញ្ញាផ្សេងទៀត
យោងតាមមន្ទីរពេទ្យកាល់ម៉ែត បានឱ្យដឹងថា ដុំសាច់ក្រពេញអ៊ីប៉ូហ្វី គឺជាដុំសាច់មួយប្រភេទដែលអាចបង្កឱ្យមានផលប៉ះពាល់ជាច្រើនដល់សុខភាព។
ក្រពេញអ៊ីប៉ូហ្វី (Hypophysis) គឺជាក្រពេញតូចមួយទំហំប្រហែល ៧-១០ មីលីម៉ែត្រ ដែលស្ថិតនៅបាតខួរក្បាល។ មុខងាររបស់វាគឺផលិតអ័រម៉ូនជាច្រើនដើម្បីគ្រប់គ្រងដំណើរការ និងការលូតលាស់របស់រាងកាយ។
ដុំសាច់ក្រពេញអ៊ីប៉ូហ្វី (Adénome Hypophysaire) គឺជាដុំសាច់ស្លូតដែលកើតចេញពីក្រពេញនេះ។ វាអាចបណ្តាលឱ្យមានបញ្ហាពីរយ៉ាង៖
ការបញ្ចេញអ័រម៉ូនច្រើនពេក: ដុំសាច់អាចធ្វើឱ្យក្រពេញផលិតអ័រម៉ូនលើសពីធម្មតា។
ការសង្កត់លើសរសៃប្រសាទ: នៅពេលដែលដុំសាច់រីកធំ វាអាចសង្កត់ទៅលើសរសៃប្រសាទដែលនៅក្បែរ ជាពិសេសសរសៃប្រសាទភ្នែក ដែលបណ្តាលឱ្យប៉ះពាល់ដល់ការមើលឃើញ។
រោគសញ្ញានៃដុំសាច់ក្រពេញអ៊ីប៉ូហ្វី
អ្នកគួរប្រុងប្រយ័ត្នចំពោះរោគសញ្ញាទាំងនេះ ព្រោះវាអាចបង្ហាញពីវត្តមាននៃដុំសាច់នេះ៖
មើលមិនសូវច្បាស់: នេះជារោគសញ្ញាសំខាន់មួយ ដែលបណ្តាលមកពីដុំសាច់សង្កត់លើសរសៃប្រសាទភ្នែក។
ឈឺក្បាល: ឈឺក្បាលជាប្រចាំ។
ការលូតលាស់មិនប្រក្រតី: ដូចជាអណ្តាតធំ ចង្កាធំ ឬលូតកម្ពស់លឿនខុសធម្មតា។
ហូរទឹកដោះខុសប្រក្រតី: អាចកើតមានទាំងចំពោះបុរស និងស្ត្រី។
អសមត្ថភាពផ្លូវភេទ: ជាពិសេសចំពោះបុរស។
ចំណុចសម្គាល់
ប្រសិនបើអ្នកមានរោគសញ្ញាណាមួយដូចបានរៀបរាប់ខាងលើ ជាពិសេសការមើលមិនច្បាស់ គួរតែទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញជាបន្ទាន់ ដើម្បីធ្វើរោគវិនិច្ឆ័យច្បាស់លាស់ និងទទួលបានការព្យាបាលត្រឹមត្រូវ៕
ចែករំលែកព័តមាននេះ