រាជធានីភ្នំពេញ ៖ «រាល់ស្នាមរបួសរបស់វីរកងទ័ព គឺជាសញ្ញា នៃកិត្តិយសក្នុងការបម្រើជាតិ ការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា» នេះជាប្រសាសន៍របស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងក្នុងឱកាសដែល ឯកឧត្តម រដ្ឋមន្ត្រីនិង គណៈប្រតិភូក្រោមឱវាទក្រសួងអញ្ជើញចុះពិនិត្យមើលការថែទាំព្យាបាល និងសួរសុខទុក្ខវីរកងទ័ពនៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្រោមការយកចិត្តទុកដាក់ពីសាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេសគ្រប់ជំនាញ រួមនឹងថ្នាក់ដឹកនាំមន្ទីរពេទ្យ ។
ឯកឧត្តមសាស្ត្រាចារ្យ បានដឹកនាំផ្ទាល់កិច្ចការប្រជុំពហុជំនាញឯកទេស RCP, Réunion de Consultative Pluridisciplinaire) និងចែករំលែកបទពិសោធន៍ការងារដឹកនាំប្រជុំបច្ចេកទេសកម្រិតជំនាញឯកទេស ដល់ថ្នាក់ដឹកនាំសុខាភិបាលផងដែរ។ ការប្រជុំពិភាក្សាការងារបច្ចេកទេសវេជ្ជសាស្ត្រកម្រិតជំនាញ គឺសំដៅភាពស៊ីជម្រៅ ច្បាស់លាស់ ដោយឈរលើមូលដ្ឋានភស្តុតាងវេជ្ជសាស្ត្រ (evidence based medicine) អំពីវិធីសាស្ត្រធ្វើរោគវិនិច្ឆ័យ និងវិធីសាស្ត្រព្យាបាល និងជំហានបន្ទាប់ សំដៅគោលការណ៍សុវត្ថិភាព និងប្រសិទ្ធិភាពខ្ពស់បំផុត ។
ឯកឧត្តមសាស្ត្រាចារ្យ បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលបានបញ្ជូនក្រុមគ្រូពេទ្យឯកទេសជំនាញ ជួយដល់មន្ទីរពេទ្យខេត្តជាប់ព្រំដែន ដើម្បីជួយសហការគ្នា ស្មារតីរួមគ្នា ក្នុងការបម្រើសេវាព្យាបាលផ្ទាល់ដល់ប្រជាពលរដ្ឋ ជាពិសេសវីរកងទ័ព ដែលបង្ហាញឱ្យពីភាពកក់ក្តៅ ស្មារតីរួមជាតិតែមួយ និងភាពគ្រប់ជ្រុងជ្រោយនៃវិស័យសុខាភិបាល ។
ឯកឧត្តមសាស្ត្រាចារ្យ និងថ្នាក់ដឹកនាំ បានសំដែងការកោតសរសើរ និងគោរពដឹងគុណដ៏យ៉ាងជ្រាលជ្រៅចំពោះវីរភាពកងទ័ព ដែលបាននិងបន្តខិតខំការពារបូរណភាពទឹកដីនៅជួរមុខ ដោយភាពអង់អាចក្លាហាន ៕









ចែករំលែកព័តមាននេះ