ទីក្រុងម៉ូស្គូ៖ លោកពូទីនថ្លែងថាប្រទេសអារ៉ាប់រួមជាកន្លែងដ៏ស័ក្ដិសមមួយសម្រាប់គម្រោងជួបគ្នារវាងលោក និងលោកត្រាំនារយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ លោកថ្លែងបន្តទៀតថាលោកមិនបដិសេធទេនូវលទ្ធភាពនៃការជួបគ្នាជាមួយលោកហ្សេឡិនស្គី។ ប៉ុន្តែពេលពេលវេលាមិនស័ក្ដិសម។ លោកចង់បង្កើតលក្ខខណ្ឌដ៏សមស្របមួយជាមុនសិនមុននឹងឈានដល់ការនិយាយអំពីគម្រោងជួបគ្នា។ លោកពូទីនសង្កត់ធ្ងន់ថាសភាពការណ៍បច្ចុប្បន្ននៅដាច់ឆ្ងាយពេកពីលទ្ធភាពនៃការជួបគ្នា។
តបតាមស្នើសុំពីភាគីអាមេរិក រុស្ស៊ីយល់យល់ព្រមជួបគ្នាទ្វេភាគីកម្រិតកំពូលឆាប់ៗនេះ។ បន្ទាប់ពីទទួលដំណឹងនេះភ្លាម តម្លៃភាគហ៊ុនរបស់រុស្ស៊ីនៅផ្សារមូលប័ត្រឡើងថ្លៃ៤,៥%។ តម្លៃប្រាក់រូប (Rouble) របស់រុស្ស៊ីក៏ឡើងថ្លៃផងដែរប្រៀបធៀបនឹងរូបិយប័ណ្ណអន្តរជាតិដទៃទៀត។ យោងតាមសារព័ត៌មានញូយ៉កថាមស៍ (New York Times) បន្ទាប់ពីគម្រោងជួបគ្នាទ្វេភាគីរួចហើយ (អាចនៅអារ៉ាប់រួម) លោកត្រាំចង់រៀបចំកិច្ចជំនួបត្រីភាគីរវាងរូបលោក លោកពូទីន និងលោកហ្សេឡិនស្គី។
លោកត្រាំជម្រាបជូនថ្នាក់ដឹកនាំអឺរ៉ុបកាលពីយប់មិញថាលោកចង់រៀបចំកិច្ចជំនួបត្រីភាគី។ នេះបើយោងតាមប្រភពដែលស្និទ្ធនឹងលោកត្រាំលួចបង្ហើបប្រាប់សារព័ត៌មានញូយ៉កថាមស៍។ មានន័យថាបំណងរបស់លោកត្រាំចង់ជួបត្រឹមតែត្រីភាគីតែប៉ុណ្ណោះ។ ដូច្នេះពួកអឺរ៉ុបគ្មានចំណែកនៅក្នុងគម្រោងជួបគ្នានោះទេ ហើយត្រូវគេទុកឱ្យនៅកន្លៀតជញ្ជាំងដដែល។
ចំពោះសំណួរថាតើរុស្ស៊ី និងអ៊ុយក្រែននឹងយល់ព្រមទទួលយកសំណើរបស់លោកត្រាំដែរឬទេ លោកឆ្លើយតបថាសង្ឃឹមថាពួកគេនឹងឯកភាពត្រង់ចំណុចនេះ។ ងាកទៅស្ដាប់មតិយោបល់របស់ទីក្រុងម៉ូស្គូវិញម្ដង។ ចំពោះសំណួរដដែលនេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោកប៉េស្កូស សូមមិនធ្វើអត្ថាធិប្បាយអ្វីទេ។
លោកហ្សេឡិនស្គីយល់ថារុស្ស៊ីហាក់ដូចជាបង្ហាញជំហរគាំទ្របទឈប់បាញ់។ លោកយល់ថាយុទ្ធសាស្ត្រដាក់សម្ពាធទៅលើរុស្ស៊ីពិតជាមានប្រសិទ្ធភាពក្នុងការអូសទាញរុស្ស៊ីទៅរកតុចរចា។ ប៉ុន្តែលោកចង់ឃើញរុស្ស៊ីធ្វើរឿងនេះដោយសុទ្ធចិត្តដោយមិនប្រើល្បិចបោកបញ្ឆោតឱ្យអាមេរិក និងអ៊ុយក្រែនធ្លាក់ចូលទៅក្នុងអន្ទាក់របស់ខ្លួន។ ខាងលើនេះជាការដកស្រង់ប្រភពពីសារព័ត៌មានយេរូសាឡឹមប៉ុស្តិ៍ (Jerusalem Post) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ