កម្រកើតឡើង! រន្ទៈបាញ់ភោជនីយ៍ដ្ឋានយីហោ «ជាប់ស្នេហ៍អូន»ឆេះអស់ស្ទើរទាំងស្រុង
- បន្ទាយមានជ័យ
ខេត្តបន្ទាយមាជ័យ ៖ រន្ទៈបាញ់អគារភោជនីយ៍ដ្ឋានយីហោ«ជាប់ស្នេហ៍អូន» បង្កឱ្យឆាបឆេះអស់អស់ស្ទើរទាំងស្រុង នៅពេលមានភ្លៀងរលឹម ដែលហេតុការណ៍កើតឡើងនៅល្ងាចថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ ស្ថិតនៅក្បែររោងចក្រឌីសប្រមាណជិត២០០ម៉ែត្រ ក្នុងភូមិ/សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

លោកវរសេនីយ៍ត្រី ព្រឹម សុផល នាយប៉ុស្តិ៍នគរបាលសង្កាត់ផ្សារកណ្តាលបានប្រាប់ថា៖នៅមុនពេលកើតហេតុ គឺមានភ្លៀងរលឹមស្រិចៗ ស្រាប់តែលាន់សូររន្ទៈបាញ់នៅលើដំបូលអគារបង្កឱ្យមានអណ្តាតភ្លើងឆាបឆេះឡើង ព្រោះដំបូលប្រក់ស្បូវគ្រោងឆ្អឹងដែក បណ្តាលឆាបឆេះអស់រយៈពេលជិតកន្លះម៉ោង ហើយកម្លាំងចុះអន្តរាគមន៍ និងមានរថយន្តពន្លត់អគ្គិភ័យ១គ្រឿងរបស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងរថយន្តពន្លត់អគ្គិភ័យខ្នាតតូច១គ្រឿងរបស់ក្រុមអន្តរាគមន៍សង្គ្រោះបឋម ។

លោកបានបញ្ជាក់ទៀតថា អគ្គិភ័យដែលឆាបឆេះហាងយីហោ«ជាប់ស្នេហ៍អូន» គឺមានទំហំ២០ម៉ែត្រ គុណ៣០ម៉ែត្រ គ្រោងដែកប្រក់ស្បូវ និងឆេះខូចខាតសម្ភារៈក្នុងហាងអស់ស្ទើរទាំងស្រុង។
លោកវរសេនីយ៍ត្រី ព្រឹម សុផល បានបញ្ជាក់ថា ការចុះអន្តរាគមន៍ពន្លត់ មានកម្លាំងអធិការដ្ឋាននគរបាល កម្លាំងកងរាជអាវុធហត្ថ កម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងក្រុងប៉ោយប៉ែត និងរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង មាន១គ្រឿងរបស់អធិការដ្ឋាននគរបាលក្រុង និង១គ្រឿងទៀតរបស់ក្រុមសង្គ្រោះបឋម ដោយប្រើប្រាស់ទឹកជិត៥ឡានទើបគ្រប់គ្រងស្ថានការបានទាំងស្រុង ។
















ចែករំលែកព័តមាននេះ