រាជធានីភ្នំពេញ ៖ មន្ត្រីសមត្ថកិច្ចបានចាប់សាច់បង្កកទម្ងន់ជិត៧តោន ដែលគ្មានប្រភពច្បាស់ លាស់ និងនាំចូលមកដោយខុសលក្ខណៈបច្ចេកទេស ។ នេះបើតាមការឱ្យដឹងពីលោក ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ។ ទោះជាយ៉ាងណា រូបភាពនៃការនាំចូលសាច់បង្កកតែងមានជាហូរហែ ក្នុងនោះ សាច់ដែលចាប់បានភាគច្រើន គឺដឹកចេញមកពីប្រទេសវៀតណាម ។

នៅយប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ មន្ត្រីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាប់សាច់បង្កកចំនួន ៦ ៧៨០គីឡូក្រាម (៦,៧
តោន) ដែលសុទ្ធសឹងជាសាច់គ្មានប្រភពច្បាស់លាស់ ។ បើតាមមន្ត្រីនៃអគ្គនាយកដ្ឋានខាងលើ សាច់បង្កកទាំងនោះរួមមានជើងមាន់ គូទមាន់ ស្លាបមាន់ សាច់ជ្រូក ខ្លាញ់ជ្រូក ទាមូល សាច់គោ សាច់មាន់កិន និងសរសៃជើងមាន់ ។
ប្រភពដដែលបន្តថា សាច់បង្កកគ្មានប្រភពទាំងនោះដឹកចេញពីភ្នំពេញទៅកាន់បណ្តាខេត្តដោយខុសលក្ខណៈបច្ចេកទេស ពោលគឺដឹកបំបែកគ្នា្តាមរ៉ឺម៉កម៉ូតូក្នុងទិសដៅផ្សេងគ្នា រួចប្រមូលផ្តុំគ្នានៅចំណតរថយន្ត មុននឹងសរុបលើកដាក់រថយន្តតែមួយដើម្បីដឹកបន្ត ។

ជាការកត់សម្គាល់ មួយរយៈចុងក្រោយនេះសាច់បង្កករាប់សិបតោនត្រូវបានសមត្ថកិច្ចបង្ក្រាបបានជាបន្តបន្ទាប់ ដែលក្នុងនោះភាគច្រើនជាសាច់ដឹកចេញពីប្រទេសវៀតណាម ។ ជាក់ស្តែងកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥កន្លងទៅ សមត្ថកិច្ចកម្ពុជាបានឃាត់រថយន្តដឹកសាច់គោបង្កកនិងជើងមាន់បង្កកជាង ៦តោន និងបានដុតកម្ទេចស្លាបមាន់បង្កកខូចគុណភាពចំនួន១ ៥០០គីឡូក្រាម(១,៥តោន) នៅថ្ងៃដដែល ។
បើតាមការផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ឋានសុខភាពសត្វ ក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៥ សមត្ថកិច្ចបានបង្ក្រាបនិងរឹបអូសសាច់បង្កកសរុបប្រមាណ ១៧តោន ដែលសុទ្ធសឹងជាសាច់ខូចគុណភាពដឹកចេញពីប្រទេសវៀតណាម និងចែកចាយខុសច្បាប់ក្នុងប្រទេស ។
ក្រុមមន្ត្រីមិនបានបង្ហាញខ្លួនអ្នកល្មើសដែលត្រូវបានបង្ក្រាបនោះទេ ដែលករណីបែបនេះវាធ្វើឱ្យពួកគេខាតបង់ម្តងៗ តែមិនរាងចាលឡើយ ហើយពួកគេក៏បន្តមុខរបរបែបនេះតទៅទៀត ដើម្បីស្តារដើម ៕
ចែករំលែកព័តមាននេះ