ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រក​ព្រំ​ដែន​អន្តរ​ជាតិ​​ព្រំ​ខេត្ត​​ប៉ៃ​លិន​មមា​រញឹក​ទទួលពលករ​ខ្មែរជាង​១​​ម៉ឺន​នាក់​សម្រុក​ចេញពី​ថៃ​​

40 វិនាទី មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ នៅ​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២៥ ពលករ​ខ្មែរ​ប្រមាណ​ជាង​១​ម៉ឺន​នាក់​បាន​បន្ត​សម្រុក​ចេញពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​វិញ តាម​ច្រកព្រំដែន​អន្តរជាតិ​ព្រំ ។ លោក​ជំទាវ បាន…

ខេត្ត​ប៉ៃលិន ៖ នៅ​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២៥ ពលករ​ខ្មែរ​ប្រមាណ​ជាង​១​ម៉ឺន​នាក់​បាន​បន្ត​សម្រុក​ចេញពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​វិញ តាម​ច្រកព្រំដែន​អន្តរជាតិ​ព្រំ ។ លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត បាន​ចាត់​ឱ្យ​ក្រុមការងារ​របស់​រដ្ឋបាល​ខេត្ត បន្ត​សម្របសម្រួល​និង​ដោះស្រាយ​ជូន​បងប្អូន​ពលករ​ខ្មែរ ដែល​មក​ពី​ប្រទេស​ថៃ វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ។

លោក​ជំទាវ​អភិបាលខេត្ត បាន​អំពាវនាវ និង​ជូនដំណឹង​ដល់​បងប្អូន​ពលករ​ខ្មែរ ដែល​មាន​បំណង​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រំ ឬ​ក្នុង​ករណី​បងប្អូន កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​ថៃ ជួប​បញ្ហា​មិន​ទាន់​បើក​ប្រាក់ខែ និង​គ្មាន​មធ្យោបាយ​ធ្វើ​ដំណើរ​មក​ដល់​ព្រំដែន​កម្ពុជា​យើង តែ​មាន​បំណង​ចង់​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ សូម​ទាក់ទង​តាម​រយៈ​ទូរស័ព្ទ​លេខ ០៩៧ ៥ ៧៩ ៧៨ ៧៨ និងលេខ ០៨៨ ៣៦៩ ៦៦៦៦ ក្រុមការងារ​នឹង​រង់ចាំ​ជួយ​ដោះស្រាយ និង​សម្របសម្រួល​ជូន ២៤​ម៉ោង​លើ​២៤​ម៉ោង ។

ពលករ​ខ្មែរ​កាន់តែ​ច្រើន​ឡើង​ៗ បាន​នាំ​គ្នា​សម្រុកចូល​មក​តាម​ច្រកព្រំដែន​អន្តរជាតិ​ព្រំ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ហើយ​លោក​ជំទាវ​អភិបាលខេត្ត​ប៉ៃលិន បាន​ចុះ​ពិនិត្យ​មើល​ក្រុមការងារ​រដ្ឋបាល​ខេត្ត សម្របសម្រួល និង​ដោះស្រាយ​ជូន​ពលករ​ក្មេង​ចាស់​ប្រុស​ស្រី ដែល​កំពុង​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ វិល​ត្រលប់​ទៅ​ស្រុក​កំណើត​វិញ ដែល​នៅ​ថ្ងៃនេះ​បាន​កើនឡើង​រហូត​ដល់​ចំនួន ១១ ៧២៥​នាក់ ក្នុង​នោះ​មាន​ស្រី​ចំនួន ៤ ៣២៤​នាក់ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន បាន​មាន​ប្រសាសន៍​ថា ដើម្បី​សម្រួលការ​ធ្វើ​ដំណើរ​ត្រឡប់​មក​ស្រុក​កំណើត​វិញ រដ្ឋបាល​ខេត្ត​បាន​ជូនដំណឹង​ដល់​បងប្អូន​ពលករ​ខ្មែរ ដែល​កំពុង​ស្នាក់​នៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ឱ្យ​ត្រឡប់​មក​មាតុភូមិ​វិញ មុន​ពេល​អាជ្ញាធរ​ថៃ បណ្តេញចេញ ឬ​ធ្វើការ​ប្រមាថមើលងាយ​ណាមួយ ដោយ​រង់ចាំ​ទទួល​ទាំងអស់​ឱ្យ​តែ​ជា​ជនជាតិ​ខ្មែរ ទោះបីជា​មាន​ឯកសារ ឬ​មិន​មាន​ឯកសារ​គ្រប់គ្រាន់​ក៏​ដោយ ហើយ​ជាក់ស្តែង​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន គឺ​មាន​បងប្អូន​ពលករ​ខ្មែរ បាន​ធ្វើ​ដំណើរ​ឆ្លង​ព្រំដែន ត្រឡប់​មក​កម្ពុជា​វិញ​ជា​រៀងរាល់ថ្ងៃ ។

នៅ​ក្នុង​ថ្ងៃ​ទី​៦ សីហា ២០២៥ គឺ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​រហូត​ដល់​ជាង​មួយ​ម៉ឺន​នាក់ ដោយ​រដ្ឋបាល​ខេត្ត បាន​សហការ​ជាមួយ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​រៀបចំ​ទីតាំង​ត្រៀម​ទទួល​បងប្អូន​ពលករ នៅ​ក្បែរ​ព្រំដែន ដើម្បី​សម្រួល​ទាំង​ការ​ស្នាក់​នៅ​បណ្ដោះអាសន្ន ការ​ហូប​ចុក ការ​ថែទាំ​ព្យាបាល​សុខភាព និង​ជូន​ដំណើរ​វិល​ត្រលប់​ទៅ​ស្រុក​កំណើត​វិញ ដោយ​ឥត​គិតថ្លៃ ព្រមទាំង​ជួយ​រក​ការងារ​ជូន​បងប្អូន​ពលករ​ផង​ដែរ ។

លោក​ជំទាវ​អភិបាលខេត្ត បាន​បញ្ជាក់​ថា បន្ទាប់​ពី​ប្រទេស​ថៃ​បាន​បង្ក​សង្គ្រាម​ឈ្លានពាន រយៈពេល​៥​ថ្ងៃ នៅ​តាម​ព្រំដែន​ជាមួយ​កម្ពុជា ក្នុង​រយៈពេល​កន្លង​មកនេះ សង្កេត​ឃើញ​ថា មាន​បងប្អូន​ពលករ​ខ្មែរ​កាន់តែ​ច្រើន​ឡើង​ៗ បាន​សម្រុក​ចាក​ចេញពី​ប្រទេស​ថៃ វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ តាម​ច្រក​ទ្វារ​ព្រំដែន​មួយ​ចំនួន រួម​ទាំង​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន​ផង​ដែរ ។ សូម​បញ្ជាក់​ថា ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ពលករ​ខ្មែរ​សម្រុកចូល​មក​ស្រុក​ខ្មែរ​វិញ​កើនឡើង​ដល់ ៤០ ២២០​នាក់ ក្នុង​នោះ​(​ស្រី​ចំនួន ១៦ ៨៦១​នាក់​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ