ខេត្តសៀមរាប ៖ គិតមកត្រឹមល្ងាចថ្ងៃទី០៥ ខែ សីហា ឆ្នាំ២០២៥ ខេត្តសៀមរាប មានពលរដ្ឋជាជនភៀសសឹកចេញពីតំបន់សមរភូមិចំនួន ១៦ ៧១២គ្រួសារ ស្មើនឹង ៥៥ ៨៤៨នាក់ បានជម្លៀសមកកាន់ទីតាំងសុវត្ថិភាពតាមបណ្ដាក្រុងស្រុក ទូទាំងខេត្តសៀមរាប ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តសៀមរាប ក្នុងចំណោម ១៦.៧១២គ្រួសារខាងលើ មានអ្នកកំពុងស្នាក់នៅតាមបណ្ដាទីតាំងសុវត្ថិភាពដែលរៀបចំដោយរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុងស្រុកចំនួន ៨.២៧៥គ្រួសារ ស្មើនឹង ២៨.៣៤៥នាក់ និងចំនួន ៨.៤៣៧ គ្រួសារ ស្មើនឹង ២៧.៥០៣នាក់ បានកំពុងស្នាក់នៅតាមផ្ទះប្រជាពលរដ្ឋ។
ជាមួយគ្នានោះ ដោយសារស្ថានភាពព្រំដែនមានភាពពុំច្បាស់ លាស់ មានពលរដ្ឋភៀសសឹកចំនួន ៤.៥៧១ គ្រួសារ ស្មើនឹង ១៦.៣៦២នាក់ បានត្រឡប់មកស្នាក់នៅតាមទីតាំងនានាក្នុងខេត្តឡើងវិញ។
របាយការណ៍ដដែល ក៏បានបង្ហាញថា ដោយសារស្ថានភាពកើនឡើងនេះចំនួនអ្នកវិល ត្រឡប់នេះ អាជ្ញាធរក៏បានជួបបញ្ហាមួយចំនួន ដូចជាពុំមានសម្ភារប្រើប្រាស់គ្រប់គ្រាន់ ដូចជាមុង ភួយ ថ្នាំមូស ធុងទឹក សម្ភារផ្ទះបាយ ខ្វះខាតបន្ទប់ទឹក បង្គន់អនាម័យ ទឹកស្អាត អគ្គិសនី និងការពារសត្វអាសិរពិសដើម។
ជាមួយនឹងការខ្វះខាតនេះដែរ ក្រោយមានការអំពាវនាវរបស់រដ្ឋបាលខេត្ត សប្បុរសជនទាំងក្នុង និងក្រៅប្រទេស នៅតែបន្តនាំយកនូវអំណោយ ជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកា ហើយរដ្ឋបាលខេត្តក៏បន្តនាំយកទៅជួយឧបត្ថម្ភដល់បងប្អូនជាជនភៀស សឹកជាបន្តបន្ទាប់ផងដែរ ។
ដោយឡែកចំពោះបញ្ហាកុមារ អាជ្ញាធរមូលដ្ឋានបានសម្រប សម្រួល ដល់ពួកគាត់តាមរយៈការជំរុញឱ្យពួកគាត់ចូលរៀនជាបណ្ដោះអាសន្នគ្រប់កម្រិតនៅតាមសាលារៀនដែលនៅក្បែរទីតាំងស្នាក់នៅ ដែលគិតត្រឹមថ្ងៃទី៥ ខែសីហានេះ មានកុមារចំនួន ១.២០១នាក់ បានចូលរៀនបណ្ដោះ អាសន្ន។
ក្នុងនោះរដ្ឋបានខេត្ត ក៏បានណែនាំដល់រដ្ឋបាលក្រុង ស្រុកទាំង១៣ ត្រូវយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសុខភាពរបស់ប្រជាពល រដ្ឋ ដោយត្រូវត្រៀមនូវថ្នាំសង្កូវ ត្រៀមសង្គ្រោះបឋមគ្រប់ពេលវេលា។ ម្យ៉ាងទៀតត្រូវផ្គត់ផ្គង់អាហារ និងសម្ភារប្រើប្រាស់ឲ្យបានគ្រប់គ្រាន់ ចៀសវាងការខ្វះខាតដោយប្រការណាមួយ៕








ចែករំលែកព័តមាននេះ