ខេត្តសៀមរាប ៖ កុមារា ធី គឹមសត់ អាយុ១០ឆ្នាំ ដែលបានរងគ្រោះដោយអំបែងគ្រាប់បែកចំឆ្អឹងត្រគាកខាងឆ្វេងក្នុងអំឡុងពេលផ្ទុះអាវុធនៅប្រសាទតាមាន់ ក្នុងឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានទទួលការវះកាត់និងព្យាបាលដោយជោគជ័យពីសំណាក់គ្រូពេទ្យក្នុងមន្ទីរពេទ្យជ័យវរ្ម័នទី៧ខេត្តសៀមរាប ។

សូមបញ្ជាក់ថា កុមាររា ធី គឹមសត់ អាយុ១០ឆ្នាំ កំពុងសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុត ពីក្រុមគ្រូពេទ្យនៅទីនោះ ។ បើតាមប្រសាសន៍របស់លោកសាស្ត្រាមហាបរិញ្ញា កែវ សុខា អនុប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប បានឱ្យដឹងនៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះថា កុមារាខាងលើ បានត្រូវគ្រាប់ផ្លោងរបស់យោធាថៃ ដែលបាញ់សំដៅមកភូមិតាមាន់ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ។

ភ្លាមៗនោះ អាណាព្យាបាលរបស់កុមារបានបញ្ជូនមកមន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ ។ ក្នុងពេលបញ្ជូនមកមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប ខណៈ កុមារាមានការហូរឈាមខ្លាំង និងមានស្ថានភាពស្ទើរតែសន្លប់ ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះបន្ទាន់ ដោយធ្វើការបញ្ចូលឈាមចំនួនពីរប្លោក ដើម្បីសង្គ្រោះជីវិតមុននឹងធ្វើការវះកាត់ផងដែរ ។

លោកគ្រូពេទ្យ កែវ សុខា បានរៀបរាប់ប្រាប់ថា «នៅពេលមកដល់មន្ទីរពេទ្យ គឺក្មេងមានសភាពស្លេកស្លាំងខ្លាំងស្ទើរតែបាត់ស្មារតី។ ប៉ុន្តែមិនដល់១០នាទីទេ ក្រុមគ្រូពេទ្យបានបូមឈាម ដើម្បី
យកទៅវិភាគ និងដឹងពីគ្រុបរបស់ឈាម។ ក្រោយពីបានដឹងហើយ ខាងក្រុមគ្រូពេទ្យបានបញ្ចូលឈាមឲ្យគាត់ចំនួន២ប្លោកក្នុងរយៈពេលភ្លាមៗហ្នឹង ។ ក្រោយពីបញ្ចូលឈាមបានយៈពេល១៥នាទីមក គឺកុមារក៏បានដឹងខ្លួនហើយបន្ទាប់មក ក្រុមគ្រូពេទ្យក៏យកគាត់ទៅបន្ទប់វះកាត់ជាបន្ទាន់ ដើម្បីយកអំបែងគ្រាប់ ក៏ដូចជាវះយកសាច់ដែលខូចចេញ និងផ្គុំឆ្អឹងត្រគាកដែលបែកឡើងវិញ ដោយការចាប់វីស»។

បើតាមការសន្និដ្ឋានរបស់លោកគ្រូពេទ្យ កុមាររូបនេះនឹងមានស្ថានភាពវិលទៅរកការជាសះស្បើយដូចដើមវិញក្នុងរយៈពេល៣ខែខាងមុខនេះ។ អ្នកជំងឺជាកុមារ ធី គឹមសត់ ត្រូវបានបញ្ជូនមកពីមន្ទីរពេទ្យបង្អែកឧត្តរមានជ័យ បន្ទាប់ពីត្រូវបំណែកគ្រាប់ប្លោងត្រូវចំត្រគាកខាងឆ្វេង ។

អ្នកជំងឺបានជួបគ្រោះថ្នាក់នៅប្រហែលម៉ោង១១ និង៣០នាទីព្រឹក នៅពេលរត់គេចពីគ្រាប់ផ្លោង។ ដំបូងឡើយ អ្នកជំងឺត្រូវបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។ តែដោយសភាពធ្ងន់ធ្ងរ ក៏ត្រូវបានបញ្ជូនបន្តមកមន្ទីរពេទ្យជ័យវរ្ម័នទី៧ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២៥។

សូមបញ្ជាក់ថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាអនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ បានចូលពិនិត្យមើលស្ថានភាពរងរបួសរបស់កុមារា ធី គឹមសត់ ដែលបានរងគ្រោះដោយអំបែងគ្រាប់បែក ចំឆ្អឹងត្រគាកខាងឆ្វេង ក្នុងអំឡុងពេលផ្ទុះអាវុធកន្លងមកនៅក្នុងភូមិតាមាន់ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ និងកំពុងសម្រាកព្យាបាល ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប៕
ចែករំលែកព័តមាននេះ