ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យជាគូស្នេហ៍វ័យក្មេង បានត្រូវនគរបាលធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន ក្រោយពីធ្វើសកម្មភាពឆក់ទូរស័ព្ទបានសម្រេច ហើយជិះម៉ូតូគេចទៅលាក់ខ្លួននៅក្នុងបន្ទប់ជួលអស់រយៈពេលជិត១០ថ្ងៃ ។ជនសង្ស័យជាគូស្នេហ៍វ័យក្មេងឆក់ទូរស័ព្ទនេះ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥កន្លងទៅ នៅបន្ទប់ជួលក្នុងភូមិសន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ។
ពួកគេទាំង២នាក់នេះ ម្នាក់ឈ្មោះ កូប ម៉ាត់សាឡោះ ជាខ្មែរអ៊ិស្លាម ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិខ្វាន ឃុំខ្ទុំក្រាំង ស្រុកសំរោងទង និងនិងម្នាក់ទៀតឈ្មោះ វឿន សម្ផស្ស ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិរំចេក ឃុំយាអង្គ ស្រុកថ្ពង ។ ប្រភពដដែលបន្តថា មុនឈានដល់ការឃាត់ខ្លួនគូស្នេហ៍វ័យក្មេងខាងលើនេះ គឺកាលពីវេលាម៉ោងប្រមាណ៧និង៤០នាទីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ មានជនសង្ស័យ២នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះ នៅមុខរូបសំណាក់តារែកទឹកត្នោត ស្ថិតក្នុងភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ។
បើយោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ ឡេងគីមហ័ង ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិសំណង់ សង្កាត់រការធំ ក្រុងច្បារមន បានចោទប្រកាន់ទៅលើជនសង្ស័យមិនស្គាល់អត្តសញ្ញាណចំនួន២នាក់(ប្រុសម្នាក់ ស្រីម្នាក់) ជិះម៉ូតូហុងដា ឌ្រីមសេ១២៥ មិនស្គាល់ស៊េរីឆ្នាំ និងផ្លាកលេខ បានធ្វើសកម្មភាពឆក់ទូរស័ព្ទម៉ាកអាយហ្វូន ដែលនាងដាក់ក្នុងឃ្លុបម៉ូតូផ្នែកខាងស្ដាំ ។
សកម្មភាពឆក់នេះ កើតឡើងខណៈនាងកំពុងឈប់ម៉ូតូរង់ចាំឆ្លងផ្លូវ នៅចំណុចខាងលើ ហើយបន្ទាប់ពីធ្វើសកម្មភាពរួច ក្រុមជនសង្ស័យក៏ជិះម៉ូតូគេចខ្លួនទៅទិសខាងកើត ។នគរបាលខេត្តបញ្ជាក់ថា ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ ផ្នែកនគរបាលយុត្តិធម៌ក្រុងច្បារមន សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់រកាធំ និងប៉ុស្ដិ៍ច្បារមន បានទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ ។ លុះរហូតមកដល់វេលាម៉ោងប្រមាណ១០និង១៥នាទីព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ នៅបន្ទប់ជួលក្នុងភូមិសន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ក៏បានឃាត់ខ្លួនជនសង្ស័យដែលជាគូស្នេហ៍វ័យក្មេងនេះ ។
នៅចំពោះមុខសមត្ថកិច្ច ពួកគេឆ្លើយថា ពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃនោះប្រាកដមែន ។ ទូរស័ព្ទត្រូវបានដកហូតប្រគល់ជូនជនរគ្រោះវិញ ។ ចំណែកជនសង្ស័យទាំង២នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅផែននគរបាលព្រហ្មទណ្ឌខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ