ខេត្តសៀមរាប៖ ពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃ ទទួលបានការងារភ្លាមៗពីក្រុមហ៊ុនធំៗចំនួន ៤ ដែលមានតម្រូវការកម្លាំងពលកម្មជាង ៧ពាន់កន្លែង។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងការងារ។
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នារសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ បាននាំយកឱកាសការងាររាប់ម៉ឺនកន្លែងទៅផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋនៅឃុំព្រៃជ្រូក និងឃុំមុខប៉ែន ក្នុងស្រុកពួក ខេត្តសៀមរាប។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា មានក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលមកពីបណ្តាលខេត្តក្រុងនានាក្នុងប្រទេសកម្ពុជា បានចុះមកផ្ទាល់ដើម្បីធ្វើការសម្ភាសជ្រើសរើសបុគ្គលិកកម្មករជាមួយនឹងបងប្អូនប្រជាពលរដ្ឋភា្លមៗ ក្នុងនោះមានរោងចក្រផលិតសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលិតផលជាច្រើនទៀត។
ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ពលករខ្មែរ ដែលទទួលបានការងារធ្វើនៅស្រុកខ្មែរ នឹងអាចទទួលបានប្រាក់ខែចន្លោះពី ២៥០ដុល្លារទៅ ៣០០ដុល្លារ ហើយប្រសិនបើបូករួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀតអាចលើសពី ៣០០ដុល្លារក្នុងមួយខែសម្រាប់ផ្គត់ផ្គង់គ្រួសារ។ លើសពីនេះ ប្រជាពលរដ្ឋដែលទទួលបានការងារធ្វើនៅស្រុកខ្មែរ នឹងទទួលបានការគាំពារចំពោះសុខុមាលភាព ទាំងពេលឈឺ និងពេលគ្រោះថ្នាក់ ហើយពេលចាស់ទៅក៏នឹងទទួលបានប្រាក់សោធន (ប្រាក់រ៉ឺត្រែត) ពី ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈថែមទៀតផង។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា សម្រាប់ស្រ្តីមានផ្ទៃពោះ នឹងទទួលបានសេវាពិនិត្យផ្ទៃពោះ មុន និងក្រោយសម្រាលដោយឥតគិតថ្លៃនៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស. ជាមួយនឹងប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលចំនួន ១៤លើក ដែលក្នុងមួយលើកទទួលបានប្រាក់ចំនួន ៨ម៉ឺនរៀល ពិសេសពេលសម្រាលកូននឹងទទួលបានសេវាសម្រាលដោយឥតគិតថ្លៃ រួមទាំងប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាលចំនួន ៨០ម៉ឺនរៀលសម្រាលបានកូនម្នាក់ សម្រាលបានកូនភ្លោះពីរនាក់ទទួលបាន ១លាន ២០ម៉ឺនរៀល និងសម្រាលបានកូនភ្លោះបីនាក់ទទួលបានចំនួន ១លាន ៦០ម៉ឺនរៀល រួមទាំងប្រាក់បំណាច់មាតុភាពចំនួន ៩០ថ្ងៃ ពី ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈថែមទៀតផង៕
ចែករំលែកព័តមាននេះ