ទីក្រុងវ៉ាស៊ីនតោន៖ លោកត្រាំអះអាងថានាវាមុជទឹកនុយក្លេអ៊ែរដែលលោកបញ្ជាឱ្យចេញប្រតិបត្តិការសឹកសម្ងាត់នោះបានបោះទីតាំងមិនឆ្ងាយប៉ុន្មានពីប្រទេសរុស្ស៊ីនោះទេ។ ការដាក់ចេញវិធានការនេះដើម្បីឆ្លើយតបទៅពាក្យសម្ដីបែបគំរាមរបស់អតីតប្រធានាធិបតីរុស្ស៊ី លោកមេតវេដេវ ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិ។ លោកត្រាំឱ្យតម្រុយថាលើកនេះលោកត្រៀមដាក់ទណ្ឌកម្មរុស្ស៊ីមែនទែនហើយបើសិននៅថ្ងៃឱសានវាទទី៨ ខែសីហាខាងមុខនេះគ្មានដំណោះស្រាយ។
លោកថ្លែងប្រាប់អ្នកសារព័ត៌មានថាលោកបានបញ្ជាក់រឿងនេះរួចហើយនៅក្នុងសេចក្ដីអធិប្បាយកាលពីពេលកន្លងមក។ ចម្លើយគឺនាវាមុជទឹកនុយក្លេអ៊ែទាំងនោះស្ថិតនៅម្ដុំប្រទេសរុស្ស៊ី។ កាលពីថ្ងៃទី១ ខែសីហា លោកបានបញ្ជាឱ្យចល័តនាវានុយក្លេអ៊ែរ២គ្រឿងទៅឈរជើងនៅទីតាំងដ៏សមគួរដើម្បីត្រៀមចេញប្រតិបត្តិការ។ នេះជាការឆ្លើយតបទៅលោកមេតវេដេវដែលរំលឹកលោកត្រាំអំពីការផែនការវាយប្រហារនុយក្លេអ៊ែកាលពីសម័យសហភាពសូវៀត។
សង្គ្រាមពាក្យសម្ដីរវាងលោកត្រាំ និងលោកមេតវេដេវកើតចេញដំបូងពីលោកត្រាំកាត់បន្ថយឱសានវាទពីរយៈពេល៥០ថ្ងៃមក១០ថ្ងៃ និងគំរាមដាក់ទណ្ឌកម្មថែមទៀត។ ប៉ុន្តែលោកថាលោកក៏មិនចង់ឃើញរុស្ស៊ីទទួលរងទណ្ឌកម្មនោះទេ។ ម៉្យាងទៀត ទោះបីឥណ្ឌាទិញប្រេងពីរុស្ស៊ីក៏លោកមិនសូវខ្វាយខ្វល់ប៉ុន្មានដែរ។ ទុកឱ្យសេដ្ឋកិច្ចរបស់ពួកគេស្រុតចុះទៅតាមដំណើរ (តាមរយៈការដាក់ទណ្ឌកម្មរុស្ស៊ី, ការដាក់ទណ្ឌកម្មប្រទេសទិញប្រេងរុស្ស៊ី និងការដំឡើងពន្ធគយឥណ្ឌា២៥%)។
បេសកជនពិសេសរបស់លោកត្រាំថ្វីដ្បិតកំពុងជាប់រវល់ខ្លាំងនឹងបញ្ហានៅមជ្ឈិមបូព៌ា ប៉ុន្តែលោកនឹងឆ្លៀតធ្វើដំណើរទៅប្រទេសរុស្ស៊ីនៅសប្ដាហ៍នេះ។ សូមរំលឹកថាកាលពីថ្ងៃទី២៨ ខែកក្កដា លោកមេតវេដេវបង្ហោះសារនៅលើបណ្ដាញអ៊ិចថាលោកត្រាំគួរចងចាំថារាល់ការដាក់ឱសានវាទទៅលើឱ្យរុស្ស៊ី១ដងមានន័យថាជាការគំរាមកំហែងមួយដង និងជាការបោះ១ជំហានបន្ថែមទៅរកសង្គ្រាម។ លើកនេះមិនមែនសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនទេ ប៉ុន្តែជាសង្គ្រាមរវាងអាមេរិក និងរុស្ស៊ី។
ជាការឆ្លើយតប លោកត្រាំបង្ហោះសារនៅលើបណ្ដាញសង្គមទ្រូសសូសល (Truth Social) ថាសូមផ្ដាំទៅមេតវេដេវវិញផងថា លោកប្រធានាធិបតីដែលបរាជ័យគ្រប់ទិស និងដែលកំពុងស្រមៃថាខ្លួនឯងកំពុងកាន់តំណែងជាប្រធានាធិបតី។ លោកឯងសូមប្រយ័ត្នពាក្យសម្ដីខ្លួនឯងឱ្យមែនទែន។ លោកកំពុងដើរចូលទៅក្នុងទីតាំងដ៏គ្រោះថ្នាក់បំផុតហើយ។ លោកត្រាំចាត់ទុកពាក្យសម្ដីរបស់លោកមេតវេដេវត្រង់ចំណុច «ថ្ងៃរលាយភពផែនដីដោយសារសង្គ្រាមនុយក្លេអ៊ែរ»។ លោកថានេះជាពាក្យសម្ដីបង្កហេតុយ៉ាងខ្លាំង។ ត្រាំថាគាត់ត្រូវតែចាត់វិធានការឆ្លើយតបក្រែងលោមានបញ្ហាកាន់តែធំជាងការនិយាយតែមាត់ទទេ៕
ចែករំលែកព័តមាននេះ