ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារ​កំព្រាម្តាយ​២​នាក់​បងប្អូន ​ស្នាក់​នៅ​ក្នុង​វត្ត​ពេល​ឪពុក​ជាប់​បំពេញ​កាតព្វកិច្ច​ជូន​ជាតិ​នៅ​តំបន់​មុំ​បី បានទទួលអំណោយពីសម្តេចកិត្តិព្រឹទ្ធិ​បណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន

2 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖ បន្ទាប់​ពី​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បានឃើញ​ការ​ផ្សព្វផ្សាយ​តាម​រយៈ​បណ្តាញ​សង្គម​រួច​មក នា​ល្ងាច​ថ្ងៃអាទិត្យ ទី​៣ ខែសីហា…

ខេត្តស្វាយរៀង​៖ បន្ទាប់​ពី​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បានឃើញ​ការ​ផ្សព្វផ្សាយ​តាម​រយៈ​បណ្តាញ​សង្គម​រួច​មក នា​ល្ងាច​ថ្ងៃអាទិត្យ ទី​៣ ខែសីហា ឆ្នាំ​២០២៥​នេះ បាន​ចាត់​ឱ្យ​លោកស្រី ម៉ែ​ន នារី​សោ​ភ័គ អគ្គលេខាធិការ​រង​ទី​១ និង​សហការី រួម​ជាមួយ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ចុះ​សួរសុខទុក្ខ និង​នាំ​យក​អំណោយ​មនុស្សធម៌​ឧបត្ថម្ភ​ដល់​កុមារ​កំព្រាម្តាយ ២​នាក់​បងប្អូន ដែល​កំពុង​ស្នាក់​នៅ​ជាមួយ​ឪពុកមា​ជា​ព្រះសង្ឃ​ក្នុង​វត្ត​សន្តិភាព ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង​ប្រមាណ​ជាង ២​ឆ្នាំ​មក​ហើយ ដោយសារ​ឪពុក​របស់​កុមា​រា​ទាំង​ពីរ​នាក់ កំពុង​ជាប់​បំពេញ​កាតព្វកិច្ច​ការពារ​បូរណភាព​ទឹក​នៅ​តំបន់​មុំ​បី​ខេត្តព្រះវិហារ​។

ក្នុង​ឱកាស​ជួប​សំណេះសំណាល​លោកស្រី ម៉ែ​ន នារី​សោ​ភ័គ បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​ពី សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ដល់​ព្រះ​ចៅអធិកា​រត្ត និង​ព្រះសង្ឃ​ជា​ឪពុកមា​កុមារ​ទាំង​ពីរ បន្ត​ជួយ​យកចិត្តទុកដាក់​ទំនុកបំរុង​ដល់​កុមា​រា​ទាំង​ពីរ​ទាំង​ចំណីអាហារ និង​ការ​សិក្សា​រៀនសូត្រ ព្រោះ​កុមា​រា​ទាំង​ពីរ​បន្ទាប់​ពី​ឪពុក​ម្តាយ​បាន​ចែកផ្លូវ​គ្នា​គឺ​ឪពុក​បាន​យក​កុមា​រា​ទាំង​ពីរ​មក​ផ្ញើ​ជាមួយ​ឪពុកមា​ជា​ព្រះសង្ឃ​ដើម្បី​បាន​សិក្សា​រៀនសូត្រ​ពិសេស​រៀន​ធម៌ សីលធម៌ និង​សុជីវធម៌​។

ទាក់ទិន​និង​កុមា​រា​ទាំង​ពីរ​នេះ​ព្រះសង្ឃ​ជា​ឪពុកមា​គង់នៅ​សន្តិភាព​បាន​ប្តេជ្ញា​ព្រះ​ទ័យ​មើលថែ​ពួក​គេ​ឲ្យ​បាន​ដិត​ដល់​ប្រៀប​ដូច​កូនបង្កើត​ជា​ពិសេស​ជំរុញ​ពួក​គេ​ឱ្យ​សិក្សា​រៀនសូត្រ​បាន​ខ្ពង់ខ្ពស់​ក្លាយជា​កុលបុត្រ​ល្អ​ក្នុង​សង្គម ព្រោះ​ពួក​គេ​ជា​ឈាមជ័រ​អ្នក​ស្នេហា​ជាតិ​។

ជាមួយ​គ្នា​នេះ​ដែរ លោក ប៉េង ពោធិ៍​សា អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ សាខា​កាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង មិន​ទុក​កុមារ​ទាំង​ពីរ​ចោល​នោះ​ទេ ដោយ​បាន​រួមចំណែក​នាំ​យក​អំណោយ​រដ្ឋបាល​ខេត្ត និង​សាខា​កាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ជា​គ្រឿង​ឧបភោគបរិភោគ និង​ថវិកា​មួយ​ចំនួន​មក​ជូន​ផង​ដែរ​។

កុមា​រា​ទាំង​ពីរ​នេះ មានឈ្មោះ សេក ដុ​ង​ហេ អាយុ​៧​ឆ្នាំ រៀន​ថ្នាក់​ទី​១ និង​ឈ្មោះ សេក ដុ​ង​ហៃ អាយុ​៥​ឆ្នាំ មិន​ទាន់​ដល់​អាយុ​ចូល​រៀន​, ហើយ​ឪពុក​ឈ្មោះ សេក សំណាង ជា​ទាហាន​កំពុង​ជាប់​បំពេញ​កាតព្វកិច្ច​នៅ​តំបន់​មុំ​បី ខេត្តព្រះវិហារ​។

សូម​ជម្រាប​ថា អំណោយ​កាកបាទក្រហមកម្ពុជា ឧបត្ថម្ភ​ជូន​នៅ​ពេល​នេះ​រួម​មាន​៖ អង្ករ ១០០​គីឡូក្រាម មី​៥​កេស ត្រីខ​៥​យួរ ទឹកត្រី​២​យួរ ទឹកស៊ីអ៊ីវ​២​យួរ ទឹកក្រូច​២​កេស និង​ថវិកា ៥​លាន​រៀល សម្រាប់​កុមា​រា​ទាំង​ពីរ និង​៥​លាន​រៀល​ប្រគេន​ជូន​ព្រះសង្ឃ​ជា​ឪពុកមា​។ ដោយឡែក​ប្រគេន​វត្ត​សន្តិភាព រួម​មាន​អង្ករ ១០០​គីឡូក្រាម មី​៤​កេស ត្រីខ​១​កេស ទឹកត្រី​៣​យួរ ទឹកស៊ីអ៊ីវ​៣​យួរ ទឹកក្រូច​៤​កេស និង​បច្ច័យ ២​លាន​រៀល ព្រមទាំង​ប្រគេន​ព្រះសង្ឃ​២​អង្គ មួយ​អង្គ​ៗ ២០​ម៉ឺន​រៀល​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ