រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឲ្យប្រជាជនជឿទុកចិត្តលើសមត្ថភាពរបស់សម្តេចក្នុងការចូលរួមចំណែកជួយរាជរដ្ឋាភិបាលលើការងារកងទ័ព។
សម្តេចតេជោ បានសរសេលើបណ្តាញសង្គមនៅល្ងាចថៃទី៤ សីហា ឆ្នាំ២០២៥ថា ៖ ព្រឹកមិញ កាសែតថៃបានចុះផ្សាយអំពីមនុស្សខ្លះនៅបាងកក បាននិយាយថា ខ្ញុំធ្វើខុសរដ្ឋធម្មនុញ្ញរបស់កម្ពុជា ព្រោះឃើញខ្ញុំចូលរួមបញ្ជាកងទ័ព ។
សម្តេចតេជោបានបញ្ជាក់ថា ៖ មិនបាច់ឆ្ងល់ទេ កុំថា ឡើយខ្ញុំជាថ្នាក់ដឹកនាំប្រទេស សូម្បីតែខ្ញុំជាពលរដ្ឋម្នាក់ ក៏ខ្ញុំមានសិទ្ធិវាយពួកចោរឈ្លានពានប្រទេសរបស់ខ្ញុំដែរ ។ សម្រាប់ការបញ្ជាកងទ័ព សូមមើលព្រះរាជសាររបស់ព្រះមហាក្សត្រកម្ពុជា ដែលបញ្ជាក់បន្ថែមលើកិច្ចការរបស់ខ្ញុំ ដែលបាននិងកំពុងធ្វើ និងបន្តធ្វើតទៅទៀតលើកិច្ចការកងទ័ព ។
សម្តេចតេជោ ហ៊ុន សែន លើកឡើងជាសំណួរថា ហេតុអ្វីបានជាអស់លោកខ្លាចខ្ញុំមករួមកិច្ចការកងទ័ពរហូតដល់បញ្ចេញមតិ ដែលមានចរិតជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ? សូមកុំភ្លេចថា ខ្ញុំជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលមានភារកិច្ចជួយព្រះមហាក្សត្រ លើការងារប្រទេសជាតិ រាប់ទាំងកិច្ចការកងទ័ព ។
សម្តេចបានអះអាងថា តែទោះយ៉ាងណាក៏ដោយ ខ្ញុំមិនបំពានលើកិច្ចការនាយករដ្ឋមន្ត្រីនោះឡើយ ។ បទពិសោធធ្វើនាយករដ្ឋមន្ត្រីជាង៣៨ឆ្នាំ ខ្ញុំមានបទពិសោធជាងអស់លោក ហើយនៅកម្ពុជា គ្មានការប្រជែងអំណាចរវាងរដ្ឋាភិបាលជាមួយកងទ័ពនោះឡើយ ។
សម្តេចប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានគូសបញ្ជាក់ថា សូមឲ្យប្រជាជនកម្ពុជា ជឿទុកចិត្តលើសមត្ថភាពរបស់សម្តេច ក្នុងការចូលរួមចំណែកជួយរាជរដ្ឋាភិបាល លើការងារកងទ័ព ។
សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាកម្ពុជា បានចេញព្រះរាជសារនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ប្រគល់សិទ្ធិជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ដើម្បីធ្វើទំនាក់ទំនងជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើកិច្ចការកងទ័ព កិច្ចការការពារជាតិ កិច្ចការការពារអធិបតេយ្យជាតិ និងកិច្ចការការពារបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ៕


ចែករំលែកព័តមាននេះ