ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​បង្ហោះ​វី​ដេ​អូ​ក្លែងក្លាយ បំណង​រក​ចំណូល​ពី​ហ្វេ​ស​ប៊ុ​ក

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​បង្ហោះ​វី​ដេ​អូ ផ្សព្វផ្សាយ​ព័ត៌មាន​បំពុលសង្គម ។ យោង​តាម​បទបញ្ជា​របស់​នាយ​ឧត្ដមសេនីយ៍ ស…

រាជធានី​ភ្នំពេញ ៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​បង្ហោះ​វី​ដេ​អូ ផ្សព្វផ្សាយ​ព័ត៌មាន​បំពុលសង្គម ។

យោង​តាម​បទបញ្ជា​របស់​នាយ​ឧត្ដមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​តាម​ការ​ចង្អុល​ណែនាំ​ពី​ឧត្ដមសេនីយ៍ឯក អគ្គស្នងការ​រង​នគរបាល​ជាតិ នៅ​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៥ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​០១​រូប ឈ្មោះ ស​.​ហ​.​ត ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​វី​ដេ​អូ ផ្សព្វផ្សាយ​ព័ត៌មាន​បំពុលសង្គម ដោយ​សរសេរ​ភ្ជាប់​ខ្លឹមសារ​ថា “​ជនជាតិ​ចិន​ចាប់​ប្រពន្ធ​ច្រក​កា​រ៉ុ​ង​” និង​បញ្ចូល​សំឡេង ហើយ​បង្ហោះ​តាម​គណនី​បណ្តាញ​សង្គម​របស់​ខ្លួន​ក្នុង​គោលបំណង​រក​ចំណូល​ពី​ហ្វេ​ស​ប៊ុ​ក​។

បើ​តាម​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា គូសបញ្ជាក់​ផង​ដែរ​ថា ករណី​ខាងលើ​នេះ ជនសង្ស័យ គឺជា​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «Like taing» មាន​តំណ​ភ្ជាប់​(​សុំ​មិន​បង្ហាញ​)​បាន​យក​វី​ដេ​អូ ដែល​កើតឡើង​នៅ​ឯ​បរទេស យក​មក​បង្ហោះ​ផ្សព្វផ្សាយ​ជា​ព័ត៌មាន​បំពុលសង្គម​ក្នុង​គោលបំណង​ទាញ​យក​ចំណាប់អារម្មណ៍​មក​លើ​គណនី​របស់​ខ្លួន ដើម្បី​ទទួល​បាន​ផលប្រយោជន៍​ផ្សេង​ៗ ។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង ដើម្បី​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់ ។

នាយកដ្ឋាន​សូម​អំពាវនាវ​ដល់​សាធារណជន​មេត្តា​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​បង្ហោះ​ផ្សាយ​ព័ត៌មាន ដែល​គ្មាន​ប្រភព​ច្បាស់លាស់ ដែល​បង្កចលាចល​ក្នុង​សង្គម គឺជា​ទ​ង្វើ​ខុសច្បាប់​។ រាល់​ការ​បង្ហោះ​ផ្សព្វផ្សាយ​ព័ត៌មាន ត្រូវ​បញ្ជាក់​ពេលវេលា និង​ទីកន្លែង និង​ប្រភព នៃ​វី​ដេ​អូ​ឱ្យ​បាន​ច្បាស់លាស់ ជៀសវាង​សាធារណជន​មានការ​យល់​ច្រឡំ និង​អាច​ក្លាយ​ខ្លួន​ជា​អ្នក​បង្ហោះ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ ព័ត៌មាន​បំពុលសង្គម ដែល​អាច​ប្រឈម​មុខ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ