ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្ត​ប៉ៃលិន ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ​ជាង​៥០​នាក់​ ដែល​មក​ដាក់​ពាក្យ​ធ្វើការ​នៅក្នុងស្រុក

2 ម៉ោង មុន

ខេត្ត​ប៉ៃលិន ៖ កាលពី​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០២៥ លោក​ជំទាវ បាន ស្រី​មុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន…

ខេត្ត​ប៉ៃលិន ៖ កាលពី​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០២៥ លោក​ជំទាវ បាន ស្រី​មុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​ជួយ​សម្របសម្រួល​ដល់​បងប្អូន​ពលករ​ខ្មែរ​ជា​ច្រើន​រូប ដែល​ទើប​វិល​ត្រលប់​មក​ពី​ប្រទេស​ថៃ បាន​ទទួល​ឱកាស​ការងារ​ល្អ​នៅ​ក្នុង​ខេត្ត ជាមួយ​ក្រុមហ៊ុន ឆាយ​ណា​ជី​ន​វ័​រយាន អ៊ី​ម​ផត អ៊ិ​ច​ផត ខេ​ម​បូ​ឌា ឯ​.​ក ស្រប​តាម​ការ​អំពាវនាវ​របស់​រាជរដ្ឋាភិបាល ឱ្យ​បងប្អូន​ពលករ​ខ្មែរ វិល​ត្រលប់​មក​ធ្វើការ​នៅ​ក្នុង​ប្រទេស​វិញ ព្រោះ​មាន​ការងារ​សម្បូរ​បែប​រាប់​ម៉ឺន​កន្លែង​កំពុង​នៅ​រង់ចាំ​ ។

លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​ នា​ពេល​កន្លង​មក ដោយសារ​ស្ថានភាព​ព្រំដែន​កាន់តែ​តឹងតែង និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​អំពាវនាវ ឱ្យ​ពលករ​ខ្មែរ ដែល​កំពុងធ្វើការ​នៅ​ប្រទេស​ថៃ វិល​ត្រឡប់​មក​មាតុភូមិ​វិញ មុន​ពេល​អាជ្ញាធរ​ថៃ បណ្តេញចេញ ឬ​ធ្វើការ​ប្រមាថ​ណាមួយ ហើយ​រាជរដ្ឋាភិបាល នឹង​រង់ចាំ​ទទួល​ទាំងអស់​ឱ្យ​តែ​ជា​ជនជាតិ​ខ្មែរ ទោះបីជា​មាន​ឯកសារ​គ្រប់គ្រាន់ ឬ​មិន​មាន​ឯកសារ​គ្រប់គ្រាន់​ក៏​ដោយ ហើយ​ជាក់ស្តែង​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន គឺ​មាន​បងប្អូន​ពលករ​ខ្មែរ បាន​សម្រុក​ធ្វើ​ដំណើរ​ឆ្លង​ព្រំដែន ត្រលប់​មក​កម្ពុជា​វិញ​យ៉ាងច្រើន ដោយ​រដ្ឋបាល​ខេត្ត បាន​សហការ​ជាមួយ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​រៀបចំ​ទីតាំង​ត្រៀម​ទទួល​បងប្អូន​ពលករ នៅ​ក្បែរ​ព្រំដែន ដើម្បី​សម្រួល​ទាំង​ការ​ស្នាក់​នៅ​បណ្ដោះអាសន្ន ការ​ហូប​ចុក ការ​ថែទាំ​ព្យាបាល​សុខភាព និង​ជូន​ដំណើរ​វិល​ត្រលប់​ទៅ​ស្រុក​កំណើត​វិញ​ដោយ​ឥត​គិតថ្លៃ ព្រមទាំង​ជួយ​រក​ការងារ​ជូន​បងប្អូន​ពលករ​ផង​ដែរ​ ។

លោក​ជំទាវ​​អភិបាលខេត្ត សូម​មាន​ប្រសាសន៍​រំលឹក​ថា​ រាជរដ្ឋាភិបាល​កម្ពុជា បាន​ណែនាំ​ឱ្យ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ត្រៀម​ជួយ​ស្វែងរក​ការងារ​ក្នុង​ប្រទេស​ជូន​បងប្អូន​ដែល​ត្រលប់​មក​វិញ ដោយ​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​យើង​នៅ​ខ្វះ​កម្លាំង​ពលកម្ម​ជា​មធ្យម​ជាង ៧​ម៉ឺន​នាក់ ហើយ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ត្រៀមលក្ខណៈ​ក្នុង​ការ​ជួយ​អន្តរាគមន៍ ដល់​បងប្អូន​ពលករ​ខ្មែរ ដែល​ត្រូវ​ត្រឡប់​មក​វិញ​ក្នុង​ការ​សម្រួល​ជីវភាព​ប្រចាំ​ថ្ងៃ តាម​រយៈ​កញ្ចប់​អន្តរាគមន៍​សេដ្ឋកិច្ច និង​សង្គមកិច្ច​មួយ​ចំនួន ជាមួយ​គ្នា​នេះ សមាគម​ធនាគារ​នៅ​កម្ពុជា និងសមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ពិនិត្យ​មើល​លទ្ធភាព​ក្នុង​ការ​ជួយ​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​សម្រាប់​បងប្អូន​ប្រជា​ពលករ ដែល​ត្រលប់​មក​ពី​ថៃ​វិញ ចំពោះ​អ្នក ​ដែល​មាន​ជាប់ជំពាក់​បំណុល​ជាមួយ​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ទៅ​តាម​លទ្ធភាព ឬក្នុង​មួយ​រយៈពេល​កំណត់​ណាមួយ​ ដែល​អាច​ធ្វើ​ទៅ​បាន​ ។

សូម​បញ្ជាក់​ថា​ នា​ពេល​ថ្មី​ៗ​នេះ តាម​រយៈហ្វេ​ស​ប៊ុ​កផ្លូវការ​របស់​លោក​ជំទាវ​ បាន ស្រី​មុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​ធ្វើការ​ជូន​សេចក្តីជូនដំណឹងដល់​បងប្អូន​កូនក្មួយ ដែល​មាន​បំណង​ចង់រក​ការងារ​ធ្វើ សូម​ទំនាក់ទំនង​មក​ក្រុមការងារ​របស់​រដ្ឋបាល​ខេត្ត ដើម្បី​ចុះ​ឈ្មោះ​ធ្វើការជាមួយ​ក្រុមហ៊ុន ឆាយ​ណា​ជី​ន​វ័​រយាន អ៊ី​ម​ផត អ៊ិ​ច​ផត ខេ​ម​បូ​ឌា ឯ​.​ក ដែល​ទីតាំង​នៅ​ក្នុង​ខេត្ត​ប៉ៃលិន ដោយ​ត្រូវការ​ជ្រើសរើស​កម្មករ​កាត់​ទង​ផ្លែ​មៀន​ចំនួន ១៨០០​នាក់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ