នៅពេលដែលយើងបានឃើញកំណើននៃការនាំចូលផលិតផលប្រមាណជា៣ប្រភទសំខាន់ គឺត្រាក់ទ័រ និងគោយន្ត ជី និងផលិតផលថ្នាំសម្លា.ប់សត្វល្អិត យើងរំពឹងថា វិស័យកសិកម្មរបស់កម្ពុជា នៅឆ្នាំ២០២៥នេះនឹងទទួលបានកំណើនបន្ថែមទៀត ។ ស្ថិតិដែលទទួលបានពីក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា…
នៅពេលដែលយើងបានឃើញកំណើននៃការនាំចូលផលិតផលប្រមាណជា៣ប្រភទសំខាន់ គឺត្រាក់ទ័រ និងគោយន្ត ជី និងផលិតផលថ្នាំសម្លា.ប់សត្វល្អិត យើងរំពឹងថា វិស័យកសិកម្មរបស់កម្ពុជា នៅឆ្នាំ២០២៥នេះនឹងទទួលបានកំណើនបន្ថែមទៀត ។
ស្ថិតិដែលទទួលបានពីក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា នៅឆមាសទី១ ដើមឆ្នាំនេះការនាំចូលផលិតផល៣ធំៗ គឺសុទ្ធតែជាឆ្អឹងខ្នងនៃកំណើនផលិតកម្មកសិកម្មរបស់ប្រទេស ។
ប្រភពដដែលនេះបានឲ្យដឹងថា ពីខែមករា ដល់ខែមិថុនា កម្ពុជានាំចូលពពួកគ្រឿងយន្តកសិកម្មពិសេស គឺត្រាក់ទ័រ និងគោយន្តមានតម្លៃសរុបដល់ទៅ៦៩ លានដុល្លារមានកំណើនកើនឡើង៣,៦៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ។
ទន្ទឹមនឹងនោះ ស្ថិតិក៏បានបង្ហាញផងដែរថា ការនាំចូលជីកសិកម្ម គឺរឹតតែកើនឡើងខ្លាំងបំផុត ។ ដោយនៅក្នុងរយៈពេលដដែលនេះ កម្ពុជានាំចូលជីកសិកម្មមានតម្លៃដល់ទៅជិត២០៥លានដុល្លារ កើនឡើងដល់ទៅ២២,៥៤ភាគរយ ស្របពេលដែលការនាំចូលថ្នាំកសិកម្ម និងថ្នាំបាញ់ស្មៅក៏មានតម្លៃមិនធម្មតាដែរ ។
នៅក្នុងអំឡុងពេលដដែល ការនាំចូលថ្នាំសម្លាប់សត្វល្អិត និងថ្នាំកម្ចាត់ស្មៅ គឺមានតម្លៃដល់ទៅជិត១១០លានដុល្លារ មានកំណើនប្រមាណជា១,២១ភាគរយ ។
អ្នកវិភាគបានលើកឡើងថា នៅពេលដែលកម្ពុជានាំចូលទំនិញដូចជា ត្រាក់ទ័រ គោយន្ត ជី ថ្នាំសម្លាប់សត្វល្អិតក៏ដូចជាស្មៅ មានកំណើនបែបនេះវាឆ្លុះបញ្ចាំងថា វិស័យកសិកម្មកម្ពុជានឹងកាន់តែមានកំណើនកើនឡើងបន្ថែមទៀតសម្រាប់ឆ្នាំ២០២៥ និងរដូវប្រមូលផលនាឆ្នាំ២០២៦ខាងមុខ ។
អ្នកជំនាញដដែល បានបន្តថា កំណើននៃការនាំចូលគ្រឿងយន្តកសិកម្ម គឺវាស្របតាមអ្វីដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទធ្លាប់បានលើកឡើងអំពីទំនើបកម្មនៃកសិកម្មកម្ពុជា និងការរំដោះខ្លួនចេញពីប្រព័ន្ធកសិកម្មបែបប្រពៃណីដែលប្រើប្រាស់កម្លាំងសត្វពាហនៈមានគោ និងក្របី មកជាប្រើគ្រឿងយន្តជំនួស ។
ការនាំចូលឧបករណ៍ទំនើបៗ និងផលិតផលចាំបាច់ខាងលើ គឺជាជំហានឆ្ពោះទៅការប្រែក្លាយកសិកម្មបែបប្រពៃណីរបស់កម្ពុជាទៅជាវិស័យកសិកម្មអតិផល និងការប្រកួតប្រជែងកាន់តែច្រើន ហើយវាក៏នឹងជួយធ្វើពិពិធកម្មដំណាំ និងបង្កើនវដ្តផលិតកម្មផងដែរ ។
អ្នកជំនាញដដែលបានបន្តថា កសិកម្មដែលដំណើរការដោយគ្រឿងយន្តវាជួយបង្កើនប្រសិទ្ធភាពកសិកម្មកម្ពុជាដោយកសិករអាចដាំដុះផ្ទៃដីធំបានលឿន និងប្រើកម្លាំងពលកម្មតិច រីឯកំណើនការនាំចូលជី និងថ្នាំសម្លាប់សត្វល្អិតក៏ដូចជាថ្នាំកម្ចចាត់ស្មៅវាអាចជួយបង្កើនទិន្នផលដំណាំ កាត់បន្ថយការខាតបង់ និងបង្កើនគុណភាព ប៉ុន្តែក៏ត្រូវគិតគូរពីផលប៉ះពាល់ ។
លោកបានលើកទឹកចិត្តឲ្យកសិករប្រយ័ត្នប្រយែងរឿងការប្រើប្រាស់ជី និង ពពួកថ្នាំគីមី ពីព្រោះវាអាចនាំឲ្យផលិតផលកសិកម្មយើងមានសំណល់សារធាតុគីមីកសិកម្ម ដែលទីផ្សារអន្តរជាតិ គេព្រួយបារម្ភ នាំឲ្យប៉ះពាល់ដល់ការខិតខំរបស់យើង ។
ជាមួយគ្នានោះ លោកក៏បានលើកឡើងអំពីការបង្កើនថ្លៃដើមលើផលិតផលកសិកម្មដែលនាំឲ្យផលិតផលយើងមានថ្លៃខ្ពស់ពិបាកប្រកួតប្រជែងជាមួយនឹងផលិតផលមកពីប្រទេសដទៃ ។
សរុបទៅការនាំចូលផលិតផលប្រមាណជា៣ប្រភទសំខាន់ គឺត្រាក់ទ័រ និងគោយន្ត ជី និងផលិតផលថ្នាំសម្លាប់សត្វល្អិត វាគឺជាសក្ខីកម្មនៃការកែប្រែមុខមាត់វិស័យកសិកម្មរបស់កម្ពុជា ៕
ចែករំលែកព័តមាននេះ