យោធាថៃកំពុងតែពង្រីករឿងអោយកាន់តែធំទៅៗ ខណ:ដែលគំរាមប្រើប្រាស់កម្លាំងយោធាប្រឆាំងកម្ពុជា បន្ទាប់ពីមានការផ្ទុះមីន ដែលនាំដល់ការរបួសយោធាថៃបីនាក់ ។ ការពង្រីករឿងជាមួយកម្ពុជានឹងមិនផ្តល់ផលប្រយោជន៍ជាតិដល់ថៃទេ ប៉ុន្តែផ្ទុយទៅវិញវាធ្វើអោយប្រទេសថៃកាន់តែខូចឈ្មោះលើឆាកអន្តរជាតិបន្ថែមទៅលើការខាតបង់ទំនាក់ទំនងល្អ ជាមួយប្រទេសជិតខាង និងការខាតបង់សេដ្ឋកិច្ចពិសេសសម្រាប់ប្រជាជនថៃដែលរស់នៅតាមព្រំដែនជាមួយកម្ពុជា ។…
យោធាថៃកំពុងតែពង្រីករឿងអោយកាន់តែធំទៅៗ ខណ:ដែលគំរាមប្រើប្រាស់កម្លាំងយោធាប្រឆាំងកម្ពុជា បន្ទាប់ពីមានការផ្ទុះមីន ដែលនាំដល់ការរបួសយោធាថៃបីនាក់ ។

ការពង្រីករឿងជាមួយកម្ពុជានឹងមិនផ្តល់ផលប្រយោជន៍ជាតិដល់ថៃទេ ប៉ុន្តែផ្ទុយទៅវិញវាធ្វើអោយប្រទេសថៃកាន់តែខូចឈ្មោះលើឆាកអន្តរជាតិបន្ថែមទៅលើការខាតបង់ទំនាក់ទំនងល្អ ជាមួយប្រទេសជិតខាង និងការខាតបង់សេដ្ឋកិច្ចពិសេសសម្រាប់ប្រជាជនថៃដែលរស់នៅតាមព្រំដែនជាមួយកម្ពុជា ។ វានឹងក្លាយជាប្រយោជន៍រវាងប្រទេស និងប្រជាជនទាំងពីរ បើសិនជាថៃ មានសុចរិតភាពដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា ហើយឈានដល់ការបើកព្រំដែនឡើងវិញ ។
យោងតាមសេចក្តីរាយការណ៍ព័ត៌មានជាច្រើន របស់ថៃនាថ្ងៃទី២០ ខែកក្កដា បានអោយដឹងថា លោក ប៊ុនស៊ីន បញ្ជាការកងទ័ពថៃភូមិភាគទី២ បាននិយាយថា ថៃត្រៀមទាំងផ្នែកការទូត និងយោធា ដើម្បីឆ្លើយតបចំពោះកម្ពុជា ។ យោធាថៃ អះអាងថា រកឃើញមីនកប់ថ្មីជាច្រើនគ្រាប់បន្ថែមទៀត នៅព្រំដែនជាមួយកម្ពុជា បន្ទាប់ពីគ្រាប់មីនបានធ្វើអោយរបួសទាហានថៃបីនាក់ ។ ថៃបានចោទប្រកាន់កម្ពុជាថា បានបង្កប់មីនទាំងនោះ ទោះបីជាកម្ពុជាបានបដិសេធ និងឆ្លើយមិនខ្លាចយន្តការប្តឹងទៅអន្តរជាតិឡើយ ។

វាជារឿងមួយ ដែលពិបាកនឹងជឿ នៅពេលដែលយោធាថៃប្រកាសថា មីននោះបង្កប់នៅក្នុងដីរបស់ខ្លួនដោយកម្ពុជាទៅវិញ ។ តើយោធាថៃពិតជាអន់ខ្សោយខ្លាំងរហូតដល់បណ្តោយអោយទាហានកម្ពុជាអាចឈានដល់ការបង្កប់មីនក្នុងទឹកដីរបស់ខ្លួនមែនឬ? តើកម្ពុជា មានហេតុផលអ្វីដែលត្រូវបង្កប់មីនក្នុងទឹកដីថៃ ដោយឆ្លងកាន់គ្រោះថ្នាក់ជីវិតដោយសារការល្បាតរបស់យោធាថៃ ។
ទោះបីជាពិនិត្យចេញពីជ្រុងណាក៏ដោយចុះ វាគ្មានហេតផលដែលកម្ពុជាត្រូវចូលដល់ទឹកដីថៃ ដើម្បីបង្កប់មីននោះទេ ។ រហូតមកទល់ពេលនេះ កម្ពុជាមិនបានធ្វើអ្វីមុនឡើយ ខណ:ថៃចាប់ផ្តើមគ្រប់រឿងចាប់ពីការផ្ទុះអាវុធ ការបិទព្រំដែន និងចុងក្រោយនេះ គឺរឿងមីន ។ អាជ្ញាធរមីនកម្ពុជា បានបញ្ជាក់រួចហើយ ពោល គឺតាំងពីមានសេចក្តីរាយការណ៍ថា ទាហានថៃបីនាក់ រងគ្រោះដោយសារមីន កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅព្រំដែនមុំបី ថា វាគឺជាចេតនាចោទប្រកាន់ដោយគ្មានមូលដ្ឋាន ។
អាជ្ញាធរមីនកម្ពុជា បញ្ជាក់ថា កម្ពុជាជាប្រទេសធ្លាប់ទទួលរងគ្រោះធ្ងន់ធរដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ហេតុនេះកម្ពុជាថ្កោលទោស និងប្រឆាំងដាច់ខាតចំពោះការប្រើប្រាស់ការផលិត និងការរក្សាទុកគ្រាប់មីន ។ កម្ពុជាក៏សូមចូលរួមសោកស្តាយចំពោះសោកនាដកម្ម ដែលបង្កឡើងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមមិនថា នៅទីណា ឬចំពោះជាតិសាសន៍ណាឡើយ ។
កម្ពុជា គឺឈជារដ្ឋភាគីអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស និងបានអនុវត្តកាតព្វកិច្ចរបស់ខ្លួនក៏ដូចជា បទដ្ឋាន និងស្មារតីអនុសញ្ញាយ៉ាងខ្ជាប់ខ្ជួន ។ កម្ពុជាត្រូវបានទទួលស្គាល់ និងវាយតម្លៃខ្ពស់ដោយរដ្ឋភាគីអនុសញ្ញអូតាវ៉ាថា ជារដ្ឋភាគី ដែលមានការប្តេជ្ញាខ្ពស់ និងជោគជ័យក្នុងការបោសសំអាត និងកម្ចេចចោលមីនប្រឆាំងមនុស្សគ្រប់ប្រភេទ ។
សរុបមកវិញ ទោះជាភាគីថៃលេងនយោបាយទឹកដីនេះ តាមវិធីសាស្ត្រណាក៏ដោយ កម្ពុជានឹងកំដរបានជានិច្ច ហើយថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ គឺបានពង្រឹងជំហររួមសាមគ្គីគ្នារួចរាល់ហើយ នៅក្នុងការការពារបូរណៈភាព និងដែនអធិបតេយ្យជាតិរបស់កម្ពុជា ៕
ចែករំលែកព័តមាននេះ