ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ការ​នាំ​ចូល​រថយន្ត​ជិះ​លក្ខណៈ​គ្រួសារ​មាន​កំណើន​ស្ទុះ​ឡើង​ខ្លាំង​ នៅ​ក្នុង​ឆមាស​ទី​មួយ​ដើមឆ្នាំ​២០២៥ ដោយ​កំណើន​នេះ​មួយ​ចំណែក​ គឺ​អាច​បណ្តាល​មក​ពី​កំណើន​នៃ​ការ​នាំ​ចូល​រថយន្ត​មក​ពី​ចិន ។ មក​ដល់​ពេល​នេះ ក្រៅពី​រថយន្ត​ដែល​ដំឡើង​នៅ​ក្នុងស្រុក​ជា​ច្រើន​ម៉ូ​ដែល​ស្រាប់ កម្ពុជា​នៅ​បន្ត​ធ្វើការ​នាំ​ចូល​រថយន្ត​ពី​ក្រៅប្រទេស​មក​កាន់តែ​ច្រើន​នៅ​ក្នុង​អត្រាកំណើន​ខ្ពស់​ហួស​ពី​ការ​រំពឹង​ទុក ខណៈ​ស្ថានភាព​សេដ្ឋកិច្ច​ហាក់​នៅ​មន្ទិល​ក៏​ដោយ ។…

ការ​នាំ​ចូល​រថយន្ត​ជិះ​លក្ខណៈ​គ្រួសារ​មាន​កំណើន​ស្ទុះ​ឡើង​ខ្លាំង​ នៅ​ក្នុង​ឆមាស​ទី​មួយ​ដើមឆ្នាំ​២០២៥ ដោយ​កំណើន​នេះ​មួយ​ចំណែក​ គឺ​អាច​បណ្តាល​មក​ពី​កំណើន​នៃ​ការ​នាំ​ចូល​រថយន្ត​មក​ពី​ចិន ។

មក​ដល់​ពេល​នេះ ក្រៅពី​រថយន្ត​ដែល​ដំឡើង​នៅ​ក្នុងស្រុក​ជា​ច្រើន​ម៉ូ​ដែល​ស្រាប់ កម្ពុជា​នៅ​បន្ត​ធ្វើការ​នាំ​ចូល​រថយន្ត​ពី​ក្រៅប្រទេស​មក​កាន់តែ​ច្រើន​នៅ​ក្នុង​អត្រាកំណើន​ខ្ពស់​ហួស​ពី​ការ​រំពឹង​ទុក ខណៈ​ស្ថានភាព​សេដ្ឋកិច្ច​ហាក់​នៅ​មន្ទិល​ក៏​ដោយ ។

ស្ថិតិ​នៃ​ទំនិញ​នាំ​ចូល​ដែល​ទទួល​បាន​ពី​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា នៅ​ឆមាស​ទី​មួយ​ដើមឆ្នាំ​២០២៥​នេះ កម្ពុជា​បាន​នាំ​ចូល​រថយន្ត​លក្ខណៈ​គ្រួសារ​មាន​តម្លៃ​សរុប​រហូត​ដល់​ទៅ​ជាង​៤៨៧ លាន​ដុល្លារ ជាមួយនឹង​កំណើន​កើនឡើង​នៅ​ក្នុង​អត្រា​ប្រមាណ​ជា​ជិត​៦៧​ភាគរយ ធៀប​នឹង​រយៈពេល​ដដែល​កាលពី​ឆ្នាំ​២០២៤​កន្លង​ទៅ ។

ក្រៅពី​រថយន្ត​ជិះ​លក្ខណៈ​គ្រួសារ​ការ​នាំ​ចូល​រថយន្ត​សម្រាប់​អាជីវកម្ម ដូច​ជា​រថយន្ត​ដឹក​ទំនិញ គឺ​មាន​តម្លៃ​ជិត​៦៤​លាន​ដុល្លារ ធ្លាក់​ចុះ​ជិត​១២​ភាគរយ ស្រប​ពេល​ដែល​ការ​នាំ​ចូល​រថយន្ត​បឺស​ ឬ​រថយន្តក្រុង និង​វេន (​ប្រភេទ​១២​កៅអី​) គឺ​មាន​ប្រមាណ​ជា​ជាង​២៩​លាន​ដុល្លារ​ថយ​ចុះ​ជាង​កន្លះ​ភាគរយ​ដែរ ។

ដោយឡែក ​ការ​នាំ​ចូល​ម៉ូតូ ក៏​មាន​កំណើន​កើនឡើង​ផង​ដែរ​នៅ​ក្នុង​រយៈពេល​ដដែល​នេះ ដោយ​នាំ​ចូល​មាន​តម្លៃ​សរុប​ជាង​២១៤​លាន​ដុល្លារ​ មាន​កំណើន​កើនឡើង​ប្រមាណ​ជា​ជាង​២០​ភាគរយ​ធៀប​នឹង​រយៈពេល​ដដែល​កាលពី​ឆ្នាំ​២០២៤ ។

អ្នក​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​រថយន្ត​មួយ​រូប ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា កំណើន​នេះ​អាច​ពាក់ព័ន្ធ​នឹង​ការ​នាំ​ចូល​រថយន្ត​ពី​ទីផ្សារ​ចិន ។​ លោក​បាន​អះអាង​ថា ចំណែក​ទីផ្សា​រថយន្ត​ចិន​នៅ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​កាន់តែ​រីក ហើយ​ប្រសិនបើ​ចិន​នៅ​តែ​បន្ត​រក្សា​គុណភាព​យន្ត​យន្ត ហើយ​ចេញ​ម៉ូ​ដែល​រថយន្ត​ដែល​មាន​រូបរាង​ទំនើប​ទាក់ទាញ រីឯ តម្លៃ​នៅ​បន្ត​ធូរ​ដូច​សព្វថ្ងៃ​នោះ ប្រជាប្រិយភាព​រថយន្ត​ចិន​នៅ​កម្ពុជា​នឹង​កើន​ថែម​ទៀត ។

គួរ​បញ្ជាក់​ថា អ្នក​ប្រើប្រាស់​មួយ​ចំនួន​នៅ​បន្ត​មានការ​មិន​ទុកចិត្ត​លើ​គុណភាព​របស់​ផលិតផល​ចិន​ដូច​ជា​រថយន្ត​នេះ​ជាដើម​។ នៅ​ក្នុង​ស្ថានភាព​ដែល​ពិភពលោក​កំពុង​តែ​ស្ថិត​នៅ​ក្នុង​មន្ទិល​បែប​នេះ កំណើន​នៃ​ការ​នាំ​ចូល​រថយន្ត​វា​បង្ហាញ​នូវ​ស្ថានភាព​ពីរ​ផ្ទុយ​គ្នា ពោល​គឺ​ឱកាស និង ហានិភ័យ ចំពោះ​បរិយាកាស​សេដ្ឋកិច្ច​កម្ពុជា​នៅ​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ ។


នៅ​ពេល​ដែល​យើង​ឃើញ​ស្ថានភាព​នៃ​កំណើន​ការ​នាំ​ចូល​រថយន្ត​លក្ខណៈ​គ្រួសារ​បែប​នេះ វា​បង្ហាញ​នូវ​សញ្ញា​នៃ​ការ​កើនឡើង​នូវ​ចរន្ត​សាច់ប្រាក់​និង​អំណាច​នៃ​ការ​ទិញ​នៅ​កម្ពុជា ។ វា​ក៏​ជា​សញ្ញា​ថា ជីវភាព​ពលរដ្ឋ​វណ្ណៈ​កណ្តាល​ប្រសើរ ហើយ​ក៏​ជា​ក្តី​មោ​ទ​នៈ​ថា សេដ្ឋកិច្ច​កម្ពុជា​គឺ​កំពុង​តែ​អាច​ទ្រទ្រង់​បាន​បញ្ហា រួច​កំពុង​តែ​បន្សាំ​ខ្លួន​ដោយ​វិជ្ជមាន ។

ទន្ទឹម​នឹង​ភាព​វិជ្ជមាន​ក៏​កុំ​ភ្លេច​មើល​នូវ​ហានិភ័យ​ផង​ដែរ ពីព្រោះ​ការ​នាំ​ចូល​រថយន្ត​ជា​ទូទៅ​វា​ជា​ប្រភេទ​ដែល​មិន​ចាំបាច់ ហើយ​វា​អាច​ពង្រីក​ឱនភាព​ពាណិជ្ជកម្ម ដែល​យើង​គួរ​គិត ។ ក្រៅពី​នោះ​វា​អាច​ពាក់ព័ន្ធ នឹង​បញ្ហា​វិបត្តិ​ក​នៃ​បំណុល ពីព្រោះ​ថា ដើម្បី​តែ​ចង់បាន​ភាព​ហ៊ឺហារ​ទំនើប​ស៊ី​វិ​ល័យ​ទាន់សម័យ ប្រជាជន​មួយ​ចំនួន​អាច​ប្រឡងប្រណាំង​ហើយ បបួល​គ្នា​ទៅ​ធ្លាក់​នៅ​ក្នុង​អន្ទាក់​នៃ​បំណុល និង បណ្តុះ​ចលនា​នៃ ការ​ចំណាយ​មិន​ចាំបាច់ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ