ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាជន​កម្ពុជា​កាន់តែ​មាន​ម​និ្ន​ការ​ប្រើ​លុយ​រៀល​ជំនួស​ការ​ប្រើប្រាស់​លុយ​ដុល្លារ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​។ នេះ​បើ​តាម​ការ​សម្ភាសន៍​ជាមួយ​ប្រជាជន​ផ្ទាល់ និង​របាយការណ៍​របស់​ធនាគារជាតិ​កម្ពុជា ។ ធនាគារជាតិ​នៃ​កម្ពុជា​បាន​អះអាង​ថា ប្រាក់​រៀល​ដែល​ជា​រូបិយ​វត្ថុ​ជាតិ នៅ​ឆមាស​ទី​១ ដើមឆ្នាំ​២០២៥​នេះ បាន​ទទួល​កំណើន​ឡើង​ប្រមាណ​ជា​១,៦​ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​២០២៤​កន្លង​ទៅ…

ប្រជាជន​កម្ពុជា​កាន់តែ​មាន​ម​និ្ន​ការ​ប្រើ​លុយ​រៀល​ជំនួស​ការ​ប្រើប្រាស់​លុយ​ដុល្លារ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​។ នេះ​បើ​តាម​ការ​សម្ភាសន៍​ជាមួយ​ប្រជាជន​ផ្ទាល់ និង​របាយការណ៍​របស់​ធនាគារជាតិ​កម្ពុជា ។

ធនាគារជាតិ​នៃ​កម្ពុជា​បាន​អះអាង​ថា ប្រាក់​រៀល​ដែល​ជា​រូបិយ​វត្ថុ​ជាតិ នៅ​ឆមាស​ទី​១ ដើមឆ្នាំ​២០២៥​នេះ បាន​ទទួល​កំណើន​ឡើង​ប្រមាណ​ជា​១,៦​ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​២០២៤​កន្លង​ទៅ ។ ស្ថាប័ន​អាណាព្យាបាល​លើ​រូបិយ​វត្ថុ​ជាតិ និង​ស្ថាប័នហិរញ្ញវត្ថុ​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​អះអាង​នៅ​ក្នុង​របាយការណ៍​៦​ខែ ដែល​ខ្លួន​បាន​ផ្សព្វផ្សាយ​កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ​ថា ប្រាក់​រៀល​នៅ​តែ​បន្ត​មាន​ស្ថិត​ភាពល្អ ប្រសើរ ព្រមទាំង​កំពុង​តែ​មាន​និន្នាការ​ឡើងថ្លៃ​បន្ថែម​ទៀត​ផង ។

ប្រភព​ដដែល​បាន​បន្ត​តៀត​ថា ដោយសារ​តែ​កំណើន​តម្រូវការ​ប្រាក់​រៀល​សម្រាប់​ការ​ប្រើប្រាស់​នៅ​ក្នុង​វិស័យ​កសិកម្ម ការ​ទូទាត់​អេ​ឡិច​ត្រូ​និក និង​ការ​បង់ពន្ធ ។ លើស​ពី​នេះ ការ​ប្រែប្រួល​របស់​អត្រា​ប្តូរ​ប្រាក់​ទៅ​តាម​កត្តា​រដូវ​កាល​ក៏​មាន​កម្រិត​ផង​ដែរ​ដែល​កត្តា​នេះ បាន​រួមចំណែក​ថែម​ទៀត​លើ​ការ​បង្កើន​ទំនុកចិត្ត​លើ​ប្រាក់​រៀល ។

ប្រភព​ដដែល​បាន​បន្ត​ថា ជា​មធ្យម​អត្រា​ប្តូរ​ប្រាក់​នៅ​ឆមាស​ទី​១​នេះ មាន​កម្រិត​៤.០១១​រៀល ក្នុង​មួយ​ដុល្លារ ដែល​ប្រាក់​រៀល​បាន​ឡើងថ្លៃ​១,៦​ភាគរយ ធៀប​នឹង​គ្រា​ដូច​គ្នា​ឆ្នាំ​២០២៤ ។ ក្រៅពី​នោះ​ទីផ្សារ​ប្តូរ​ប្រាក់​អន្តរ​ធនាគារ​លើ​ថ្នាល​ធនាគារជាតិ​នៃ​កម្ពុជា​នៅ​ឆមាស​ទី​១ គឺ​មាន​ទំហំ​១,៨ ពាន់​លាន​ដុល្លារ ស្មើនឹង​៨៦៧ ប្រតិបត្តិការ​ដែល​បាន​កើនឡើង​៤៣,៤​ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​មុន ។

ពាក់ព័ន្ធ​នឹង​ប្រាក់​រៀល​នេះ ប្រជាពលរដ្ឋ​បាន​សាទរ ហើយ​ក៏​ទទួលស្គាល់​ថា ប្រាក់​រៀល​ដែល​ពី​មុន​ហាក់​ថមថយ​ប្រជាប្រិយភាព​ខ្លាំង នៅ​ក្នុង​ប្រព័ន្ធ​ដោះ​ដូរ​នានា​ពី​ដើម​ទស្សវត្សរ៍​នៃ​ឆ្នាំ​១៩៩០ ដល់​ទស្សវត្សរ៍​នៃ​ឆ្នាំ​២០២០ ប៉ុន្តែ​នៅ​ពេល​នេះ គឺ​មានការ​ប្រើប្រាស់​ទូលំទូលាយ​វិញ​ហើយ ។

លោក ទុំ បញ្ញា ជា​ប្រជាពលរដ្ឋ​វ័យ​៤៩​ឆ្នាំ មួយ​រូប​បាន​ឲ្យ​ដឹង​ថា ប្រាក់​រៀល​ពី​មុន​មក​មិនសូវ​មាន​អ្នក​ដាក់​នៅ​ក្នុង​កាបូប​ទេ ប៉ុន្តែ​ពេល​នេះ គឺ​ត្រូវ​បាន​គេ​ដាក់​ពេញ​កាបូប មិនសូវ​មាន​ដុល្លារ​ទេ ។ លោក​បាន​បញ្ជាក់​ថា​« ទាំង​ខ្ញុំ​ទាំង​គេ​ឥឡូវនេះ​បើ​មិន​ប្រើ QR កូដ​ទេ គឺ​ប្រើ​លុយ​រៀល​ច្រើន ដោយសារ​ពេល​ទៅ​ផ្សារ​ទិញ​ឥ​វ៉ា​ន់​អី បើ​ចាយ​ដុល្លារ គឺ​ពេល​គេ​អាប់​ក៏​គេ​អាប់​ជា​លុយ​រៀល​ភាគច្រើន​ដែរ » ។

ដោយឡែក កញ្ញា ស្រី​ណេ​ត ដែល​ជា​មន្ត្រី​ក្រុមហ៊ុន​មួយ​រូប​បាន​លើក​ឡើង​ថា ឥឡូវនេះ​បើ​ទៅ​ដក​លុយ​ជា​ទូទៅ​គឺ​ដក​លុយ​ជា​លុយ​រៀល បើ​មិន​ឥ​ចឹ​ង​ទេ គឺ​ចាយ​តាម QR ។ កញ្ញា​បាន​ឲ្យ​ដឹង​ថា ឥឡូវនេះ​តាម​កា​រ៉ា​ស​សាំង ហាង​ទំនើប​នានា គឺ​គេ​គិត និង​ទូទាត់​លុយ​រៀល​ជា​ចម្បង​ច្រើន ។

ចលនា​នៃ​ការ​ប្រើប្រាស់​លុយ​រៀល​កាន់តែ​មានការ​គាំទ្រ​ច្រើន​ឡើង​ៗ ក្រោយ​ពេល​ដែល​ធនាគារជាតិ​បាន​ធ្វើ​យុទ្ធនាការ និង​លើកទឹកចិត្ត​ឲ្យ​ប្រើប្រាស់​លុយ​រៀល​ជា​បន្តបន្ទាប់ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​មកនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ