ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុក​មួយ​ក្តារ​នៅ​ពូ​ត្រា​ចា​យ៉ា ប្រទេស​ម៉ា​ឡេ​ស៊ី គឺ​បង្ហាញ​ឧត្តមភាព ខាង​ការទូត​ដ៏​សម្បើម​របស់​កម្ពុជា នៅ​ក្នុង​នាម​ជា​រដ្ឋ​ដ៏​តូច ប៉ុន្តែ​ថ្លៃថ្នូរ និង​សន្តិភាព​និយម​មួយ​នៅ​លើ​ពិភពលោក ។ តើ​ហេតុ​អ្វី​បានជា​ហ៊ាន​អះអាង​ថា កម្ពុជា​កំពុង​បង្ហាញ​ឧត្តមភាព​នៃ​ការទូត​បែប​នេះ?…

អុក​មួយ​ក្តារ​នៅ​ពូ​ត្រា​ចា​យ៉ា ប្រទេស​ម៉ា​ឡេ​ស៊ី គឺ​បង្ហាញ​ឧត្តមភាព ខាង​ការទូត​ដ៏​សម្បើម​របស់​កម្ពុជា នៅ​ក្នុង​នាម​ជា​រដ្ឋ​ដ៏​តូច ប៉ុន្តែ​ថ្លៃថ្នូរ និង​សន្តិភាព​និយម​មួយ​នៅ​លើ​ពិភពលោក ។

តើ​ហេតុ​អ្វី​បានជា​ហ៊ាន​អះអាង​ថា កម្ពុជា​កំពុង​បង្ហាញ​ឧត្តមភាព​នៃ​ការទូត​បែប​នេះ? ហេតុផល​សំខាន់ គឺ​ការ​រាយ​សំណាញ់​អូស​ថៃ ឲ្យ​ធ្លាក់​នៅ​ក្នុង​យន្តការ​ពហុភាគី​ដែល​កម្ពុជា​ចង់បាន ខណៈ​ដែល​ថៃ​តាំងពី​ដើម​រៀង​មក ចាប់តាំងពី​ភាព​តានតឹង​ឡើងក​ម្តៅ គឺ​តែងតែ​ទាមទារ ហើយ​ទាមទារ​ទៀត​នូវ​យន្តការ​ទ្វេភាគី ។

ចាប់តាំងពី​មាន​អរិភាព នៅ​តាម​ព្រំដែន​មក កម្ពុជា​បាន​រាយ​សំណាញ់​ការទូត​ដ៏​ប្រទាក់ក្រឡា​តាម​គ្រប់​យន្តការ​ប្រកបដោយ​ភាព​ឆ្លាត​វ័យ ។ កម្ពុជា​បាន​ចាប់ផ្តើម តាម​យន្តការ​តំបន់​ដែល​មាន​អាស៊ាន​ជា​គោល យន្តការ​អន្តរជាតិ តាម​រយៈ​ការ​ប្តឹង​ទៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ហើយ​ក្រោយមក គឺ​យន្តការ​មហាអំណាច ។

កម្ពុជា​បាន​លេង​ហ្គេ​ម នយោបាយ​ការទូត​ដ៏​ប៉ិន​ប្រសប់​រហូត​ដល់​ទាក់ទាញ​ចំណាប់អារម្មណ៍​ប្រធានាធិបតី សហរដ្ឋអាមេរិក ដូ​ណា​ល់ ត្រាំ ហើយ​តាម​រយៈ​ម៉ា​ឡេ​ស៊ី ដែល​ជា​ប្រធាន​អាស៊ាន​បាន​ទាក់ទាញ​ការ​ចូលរួម ពី​ចិន​ខណៈ​ដែល​នៅ​អាស៊ាន​សហរដ្ឋអាមេរិក និង​ចិន នៅ​តែ​ត្រូវការ​តុល្យភាព​នយោបាយ មួយ​នៅ​ក្នុង​កល​យុគ​នៃ​ភូមិសាស្ត្រ​នយោបាយ​របស់​មហាអំណាច​ទាំង​ពីរ ។ ថ្លែង​នៅ​ក្នុងអំឡុងពេល​ធ្វើ​សន្និសីទ​សារព័ត៌មាន ក្រោយ​កិច្ចប្រជុំ​ពិសេស​អំពី​បញ្ហា​ផ្ទុះអាវុធ​នៅ​ព្រំដែន​កម្ពុជា និង​ថៃ កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា សម្តេច​ធិ​បតី​បាន​បង្ហាញ​នូវ​នយោបាយ​ការទូត​មួយ​ដ៏​រវាសរវៃ ។

សម្តេច​ធិ​បតី​បាន​លើក​ឡើង​ថា លទ្ធផល​នៃ​កិច្ចប្រជុំ​នៅ​ថ្ងៃ​នោះ គឺ​ទទួល​បាន​លទ្ធផល​ល្អ​ណាស់ ហើយ​សង្ឃឹមថា កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​នឹង​អាច​បញ្ឈប់ ការ​ប្រយុទ្ធ​គ្នា​ដែល​បាន​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​មនុស្ស និង​របួស​ជា​ច្រើន​នាក់​ក៏​ដូច​ជា​បាន​បណ្តាល​ឲ្យ​មនុស្ស​ជា​ច្រើន​ភៀសខ្លួន ពោល គឺ​មាន​ប្រហែល​៣០​ម៉ឺន​នាក់ ខាង​កម្ពុជា​១៤​ម៉ឺន​នាក់ ថៃ​១៦​ម៉ឺន​នាក់ ។

សម្តេច​ធិ​បតី បាន​បន្ត​ថា កម្ពុជា​សង្ឃឹមថា ដំណោះស្រាយ​ដែល​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី បាន​ប្រកាស នឹង កំណត់​លក្ខខណ្ឌ​សម្រាប់​អនុវត្ត​ឆ្ពោះទៅ​មុខ​ឈាន​ទៅ​រក​ការ​ពិភាក្សា ដើម្បី​ត្រឡប់​ទៅ​រក​ភាព​ប្រក្រតី​នៃ​ទំនាក់ទំនង​នា​ពេល​អនាគត ។ សម្តេច​ធិ​បតី បាន​អរគុណ​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី ប្រ​ធានា​ធីប​តី​សហរដ្ឋ​អ​ងា​មេ​រិ​ក និង​អរគុណ​ចិន​សម្រាប់​ការ​ខិតខំ​ប្រឹងប្រែង​ឲ្យ​សម្រេច​បាន​នូវ​លទ្ធផល​ដ៏​វិជ្ជមាន ។ នា​ឱកាស​នោះ​សម្តេច​ក៏​អរគុណ​លោក ភូម​ថា​ម វិ​ឆា​យ៉ា​ឆៃ នាយក​រដ្ឋមន្ត្រី​ស្តីទី​ថៃ សម្រាប់​តួនាទី​វិជ្ជមាន​របស់​លោក​ក្នុង​ការ​សន្ទនា​ប្រកបដោយ​ទស្សនៈ​ស្ថាបនា​ដែល​សម្រេច​បាន ។

ដោយឡែក​លោក ភូម​ថា​ម វិ​ឆា​យ៉ា​ឆៃ បាន​និយាយ​ដោយ​ខ្លី​ថា អរគុណ​ម៉ា​ឡេ​ស៊ី សហរដ្ឋអាមេរិក និង ចិន ដែល​នាំ​ឲ្យ​មាន​លទ្ធផល​នៅ​ថ្ងៃ​នោះ ។ លោក​លើក​ឡើង​ថា លទ្ធផល​កិច្ចប្រជុំ​ឆ្លុះ​បញ្ចាំង​ពី​ការ​សម្រេចចិត្ត​របស់​ថៃ​សម្រាប់​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​បុព្វហេតុ​នៃ​ការ​ការពារ​អធិបតេយ្យភាព និង​អាយុជីវិត​ប្រជាជន​ថៃ ។

នៅ​មុន​ការ​ថ្លែង​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​នាយក​រដ្ឋមន្ត្រី​ស្តីទី​ថៃ លោក អាន​វ៉ា អ៊ី​ប្រា​ហ៊ី​ម នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី និង​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន ក៏​ដូច​ជា ម្ចាស់ផ្ទះ​បាន​បង្ហាញ​ជំហរ​រួម​មួយ​រវាង​អាស៊ាន សហរដ្ឋអាមេរិក និង​ចិន​នូវ​ឆន្ទៈ​ក្នុង​ការ​អនុ​វត្តបទ​ឈប់​បាញ់​ជា​បន្ទាន់ និង​ដើម្បី​ស្តារ​នូវ​សន្តិភាព ។

លោក​បាន​ប្រកាស​ច្បាស់​ៗ​ថា កម្ពុជា និង​ថៃ បាន​យល់ព្រម​នូវ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ជា​បន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ​ចាប់ផ្តើម​ពី​ម៉ោង​២៤:00 ម៉ោង (​ម៉ោង​ក្នុង​តំបន់​) នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ ២០២៥ ។ នេះ គឺជា​ជំហាន​ដំបូង​ដ៏​សំខាន់​មួយ​ឆ្ពោះទៅ​រក​ការ​បន្ថយ​ការ​តានតឹង និង​ការ​ស្ដារ​ឡើង​វិញ​នូវ​សន្តិភាព និង​សន្តិសុខ ៖ ដោយ​ប្រទេស​ទាំង​ពីរ​យល់ព្រម​កោះ​ប្រជុំ​មិន​ផ្លូវការ​របស់​មេបញ្ជាការ​ភូមិភាគ ពោល​គឺ​(​យោធា​ភូមិភាគ​ទី​១ និង​ទី​២​ភាគី​ថៃ និង​យោធា​ភូមិភាគ​ទី​៤ និង​ទី​៥ នៃ​ភាគី​កម្ពុជា​) នៅ​ម៉ោង ៧​ព្រឹក​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៥ និង​បន្ត​ដោយ​ជួប​ជាមួយ​អនុព័ន្ធ​ការពារ​ជាតិ ដែល​ដឹកនាំ​ដោយ​ប្រធាន​អាស៊ាន ប្រសិនបើ​ភាគី​ទាំង​ពីរ​បាន​ឯកភាព ហើយ​និង​រៀបចំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) នៅ​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២៥ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ។

លោក​បាន​លើក​ឡើង​យ៉ាង​ច្បាស់​ថា ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​បច្ចុប្បន្ន ម៉ា​ឡេ​ស៊ី​បាន​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​សម្របសម្រួល​ក្រុម​សង្កេតការណ៍​មួយ ដើម្បី​ផ្ទៀងផ្ទាត់ និង​ធានា​ការ​អនុវត្ត​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ ។ ម៉ា​ឡេ​ស៊ី​ក៏​នឹង​ពិគ្រោះ​ជាមួយ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន ដើម្បី​ចូលរួម​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​សង្កេតការណ៍​ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​តំបន់​ក្នុង​ការ​គាំទ្រ​សន្តិភាព​នៅ​ទីតាំង​ផ្ទាល់ ។

លោក​បាន​បន្ត​ថា ភាគី​ទាំង​ពីរ​ក៏​បាន​ឯកភាព​បន្ត​ទំនាក់ទំនង​ដោយ​ផ្ទាល់​រវាង​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​ផង​ដែរ ។ រដ្ឋមន្ត្រី​ការ​បរទេស និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​ម៉ា​ឡេ​ស៊ី កម្ពុជា និង​ថៃ ត្រូវ​បាន​ណែនាំ​ឱ្យ​បង្កើត​យន្តការ​លម្អិត​សម្រាប់​ការ​អនុវត្ត ផ្ទៀងផ្ទាត់ និង​រាយការណ៍​អំពី​បទ​ឈប់​បាញ់ ។ យន្តការ​នេះ​នឹង​បម្រើ​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​សន្តិភាព​ប្រកបដោយ​និរន្តរភាព និង​គណនេយ្យ​ភាព ។

លោក​បាន​បន្ត​ថា អង្គប្រជុំ​បាន​បញ្ជាក់​ជា​ថ្មី​នូវ​ដំណោះស្រាយ​រួម​របស់​ម៉ា​ឡេ​ស៊ី កម្ពុជា និង​ថៃ ក្នុង​ការ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​នៃ​ច្បាប់​អន្តរជាតិ សន្តិ​សហ​វិជ្ជមាន​ដោយ​សន្តិវិធី និង​កិច្ច​សហប្រតិបត្តិការ ពហុភាគី​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ដ៏​ត្រឹមត្រូវ និង​យូរអង្វែង​ចំពោះ​ស្ថានការណ៍​។

នៅ​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​នេះ ហើយ​វិល​មក​វិញ សម្តេច​ធិ​បតី​ក៏​បាន​ជួប​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយនឹង​លោក​ប្រធានាធិបតី ត្រាំ ដោយ​សម្តេច​បាន​ចែករំលែក​បន្ត​ថា លោក​ត្រាំ បាន​អបអរសាទរ​នូវ​ជោគជ័យ​នៃ​កិច្ចចរចារ​បញ្ចប់​ការ​ឈប់​បាញ់​គ្នា​ភ្លាម រវាង​នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​នាយក​រដ្ឋមន្ត្រី​ថៃ ។ នៅ​ក្នុង​ជំនួប​នោះ លោក​ត្រាំ​បាន​ចាត់​ទុក​កិច្ចការ​នេះ​ជា​កិច្ចការ​សំខាន់ ហើយ​ដែល​លោក​បាន​តាមដាន​ដោយ​ផ្ទាល់​។ សម្តេច​ធិ​បតី​បាន​បញ្ជាក់​ថា «​ខ្ញុំ​បាន​សម្ដែង​ការ​អរគុណ​សារ​ជា​ថ្មី​ចំពោះ​ឯកឧត្តម​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​បាន​ផ្ដួចផ្ដើម និង​ជំរុញ​ឲ្យ​មានការ​ចរចា​រការ​ឈប់​បាញ់​ឲ្យ​បាន​ឆាប់រហ័ស និង​ឲ្យ​គោលការណ៍​សហរដ្ឋអាមេរិក ធ្វើ​ជា​សហ​អ្នក​រៀបចំ​កិច្ចប្រជុំ​ពិសេស នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ថ្ងៃ​នោះ​» ។

សម្តេច​ធិ​បតី​បាន​បន្ត​ថា លោក​ត្រាំ​យល់​ថា ដើម្បី​ឲ្យ​កិច្ចព្រមព្រៀង​នេះ អាច​អនុវត្ត​ទៅ​ដោយ​ពេញលេញ​និង​មាន​និរន្តរភាព​ចាំបាច់​ត្រូវ​មាន​យន្តការ​តាមដាន និង​ត្រួតពិនិត្យ​ការ​អនុវត្ត​របស់​ភាគី​ពាក់ព័ន្ធ​ឱ្យ​បាន​ច្បាស់លាស់ ដែល​នេះ​ក៏​ជា​ចំណុច​ឯកភាព​គ្នា​មួយ នៅ​ក្នុង​កិច្ចប្រជុំ​ពិសេស​ផង​ដែរ ។

ក្នុង​ន័យ​នេះ លោក​ប្រធានាធិបតី បាន​ឯកភាព​ឲ្យ​សហរដ្ឋអាមេរិក ចូលរួម​ក្នុង​ដំណើរការ​ត្រួតពិនិត្យ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​បញ្ចប់​ការ​ឈប់​បាញ់​គ្នា និង​បន្ត​សហការ​ជាមួយ​យន្តការ​ដែល​រៀបចំ​ដោយ​ម៉ា​ឡេ​ស៊ី ដើម្បី​ត្រួតពិនិត្យ​ឲ្យ​បាន​ជោគជ័យ ។ លោក ចាត់​ទុក​ថា កិច្ច​ការងារ​នេះ​ជា​កិច្ចការ​ពិសេស​សំខាន់​ដែល​លោក​ចង់​ឃើញ​នូវ​សន្តិភាព​មួយ​ដែល​មាន​ជា អចិន្ត្រៃយ៍​រវាង​ប្រទេស​ទាំង​ពីរ ។

សរុប​ទៅ​នេះ គឺជា​ជោគជ័យ​ការទូត​មួយ​ដ៏​ធំ​សម្បើម​របស់​កម្ពុជា ។ កម្ពុជា​បាន​អូស​ថៃ​ឲ្យ​ធ្លាក់​ទៅ​ក្នុង​យន្តការ​ពហុភាគី ដោយនៅ​ពេល​នេះ​គឺ​មាន​រហូត​ដល់​បញ្ច​កោណ ពោល គឺ​ភាគី​ជម្លោះ​ដែល​មាន​កម្ពុជា និង​ថៃ ហើយ​មានការ​ចូលរួម​ដោយ​ម៉ា​ឡេ​ស៊ី នៅ​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន សហរដ្ឋអាមេរិក និង​ចិន ។

តាម​យន្តការ​ទ្វេភាគី​ដែល​ថៃ​បាន​លើក​ឡើងជា​ទូទៅ គឺ​ថៃ​អាច​នឹង​ងាយ​ប្រែ​ក្រឡាស់ ប៉ុន្តែ​យន្តការ​បញ្ច​កោណ​នេះ គឺជា​យន្តការ​ដ៏​មាន​គណនេយ្យ​ភាព និង​តម្លាភាព​នៃ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ និង កិច្ច​ព្រម​ព្រៀ​នានា​ឈាន​ទៅ​បញ្ចប់​អរិភាព​ហើយ​ធ្វើ​ឲ្យ​សភាព​ការ​វិល​មក​រក​ប្រក្រតី​ភាព​ដោយ​សន្តិភាព​តាម​ការ​ចង់បាន​របស់​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ